ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ត្រឹម១១ឆ្នាំ កម្ពុជា​បា​នប​ញ្ជួ​ន​កងទ័ព​មួក​ខៀវទៅ​ក្រៅប្រទេស​ជិត​៥,០០០​នាក់​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ជា​ការ​អបអរសាទរ​ខួប ៦២ ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គ​ការ​សហប្រជាជាតិ (UN) សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានឱ្យ​ដឹង​ថា…

​រាជធានី​ភ្នំពេញ​៖ ជា​ការ​អបអរសាទរ​ខួប ៦២ ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គ​ការ​សហប្រជាជាតិ (UN) សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព​ដែល​ក្នុង​រយៈពេល​១១​ឆ្នាំ​នេះ កម្ពុជា​របស់​យើង​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ក្រៅ​ប្រទេស​បាន​ចំនួន​ជិត ៥,០០០​នាក់ ក្នុង​នោះ​កងទ័ព​ជា​ស្ត្រី​មាន ២០២​នាក់​។

​សម្តេច​បាន​បន្ត​ថា កន្លង​មក កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​៨​ប្រទេស រួម​មាន​ស៊ូដង់ ស៊ូ​ដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​​​កណ្តាល ស៊ីរី សាយ​ប្រឹស ម៉ា​លី និង​ប្រទេស​ឆាត។ សម្តេច​បាន​សរសេរ​សារ​ក្នុង​គណនីយ​​ហ្វេ​ស​ប៊ុ​ក ចូលរួម​អបអរសាទរ​ខួប ៦២ ឆ្នាំ​នេះ ហើយ​បាន​ពន្យល់​មហាជន​ឱ្យ​បានដឹង​ថា អង្គការសហប្រជាជាតិ អ​.​ស​.​ប (United Nations-UN) គឺជា​អង្គការ​អន្តរជាតិ​ដែល​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥ ក្រោយ​សង្គ្រាមលោក​លើក​ទី​២ ត្រូវ​បាន​បញ្ចប់ (១៩៣៩-១៩៤៥)​។ មក​ទល់​បច្ចុប្បន្ន​នេះ អង្គការ UN មាន​រដ្ឋ​ជា​សមាជិក​រហូត​ដល់​​ទៅ​១៩៣​ប្រទេស ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា​ក៏​ជា​សមាជិក​មួយ​ដែរ​។ កម្ពុជា​បាន​ចូល​ជា​សមាជិក UN នៅ​ថ្ងៃ​ទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ គឺ​១០​ឆ្នាំ​ក្រោយ​ពី​ការ​បង្កើត UN​។​

​គោលបំណង UN គឺ​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ លើក​ស្ទួយ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះ​ស្រាយ​​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិន​អោយ​មាន​សង្គ្រាមលោក​។​

​សម្តេច​បាន​បន្ថែម​ថា​៖ «​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​​ពេទ្យ​កម្រិត​២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។ កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​បាន​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ដែល​ផ្តល់​ឱកាស​ឲ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ