ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺគ្រុនឈាមលឿនមែន ធ្វើឲ្យអ្នកចំរៀងម្នាក់បានស្លា.ប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នកចំរៀងម្នាក់ឈ្នោះទេស សូនី  ហៅ វ៉យ អាយុ៥១ឆ្នាំ នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង…

ខេត្តស្វាយរៀង ៖ អ្នកចំរៀងម្នាក់ឈ្នោះទេស សូនី  ហៅ វ៉យ អាយុ៥១ឆ្នាំ នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានទទួលមរណភាពនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៣​ ខែធ្នូ ឆ្មាំ២០១៧នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង  ដោយជំងឺគ្រុនឈាមតំណាក់កាលទី៣ ។

លោកគ្រូពេទ្យម្នាក់ធ្វើការនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហើបឲ្យដឹងថា គាត់មានជំងឺគ្រុនឈាមតំណាក់កាលទី៣ គឺជនរងគ្រោះមានជំងឺធ្ងន់ធ្ងរទៅហើយ ទើបក្រុមគ្រួសារយកមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះក៏ប៉ុន្តែជំងឺនេះហួសពេលទៅហើយ ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ហើយបានស្លាប់ពេលមកសម្រាកព្យាបាលរយៈពេល០៥ម៉ោង នៅក្នុងមន្ទីរពេទ្យ ។ ទាក់ទិនករណីអ្នកចំរៀងមានជម្ងឺគ្រុនឈាមស្លាប់នេះដែរ លោកឡៅ សុភាព ម្ចាស់ក្រុមតន្ត្រីឡៅសុភាពបានឲ្យដឹងថា លោកទេស សូនី មានជំងឺក្តៅខ្លួនស្ទិញ និងឈឺរឹតរួតរាង្គកាយទន់ដៃទន់ជើងអស់កម្លាំងរយៈពេលបីបួនថ្ងៃមកហើយ ប៉ុន្តែជនរងគ្រោះនឹកស្មានថា គ្រាន់តែជាជម្ងឺផ្តាសាយធម្មតា ទើបគ្រាន់តែឲ្យកូនទិញថ្នាំឲ្យលេបនៅផ្ទះប៉ុណ្ណោះ ប៉ុន្តែដូចជាមិនធូស្រាលទេ មានអាការក្តៅត្រជាក់ៗ និងឈឺរឹតរួតក្នុងរាង្គកាយអស់កម្លាំងខ្លាំងដដែល ។

នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះស្រាប់តែមានឈាមហូតាមជើងធ្មេញ ខណៈនោះប្រពន្ធកូនក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាល ។ លុះម៉ោងប្រមាណជា៨និង០០ព្រឹកក្រុមគ្រូពេទ្យបានពិនិត្យ និងជោះឈាមទៅពិនិត្យ ហើយគ្រូពេទ្យបានឲ្យក្រុមគ្រួសារយកជនរងគ្រោះទៅផ្ទះវិញ ហើយប្រាប់ថារង់ចាំមើលលទ្ធផលឈាមនៅវេលាម៉ោង១និង០០រសៀល លុះដល់ម៉ោង២និង០០រសៀល ស្រាប់តែក្អួតឈាមចេញតាមមាត់តែម្តង ។​ ខណៈប្រពន្ធកូនឃើញប្តី ឃើញឪពុកក្អួតឈាមទើបភ័យនាំគ្នាដឹកជនរងគ្រោះតាមម៉ូតូមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះក្រុមគ្រូពេទ្យបាននិយាយថា ចង់ហួសពេលហើយ គ្រុនឈាមធ្ងន់ធ្ងរតំណាក់កាលទី៣ ពិបាកជួយសង្គ្រោះខ្លាំងណាស់ ចូលសម្រាកព្យាបាលបានរយៈពេល៥ម៉ោង ក៏បានដាច់ខ្យល់ស្លាប់តែម្តងទៅ ។

ចំណែកក្រុមគ្រួសារជនរងគ្រោះបានរិះគន់ដល់ក្រុមគ្រូពេទ្យថា ពិនិត្យអ្នកជំងឺមិនដិតដល់ មានការធ្វេសប្រហែស ពេលពួកគាត់យកអ្នកជំងឺមកដល់មន្ទីរពេទ្យហើយ មិនឲ្យជនរងគ្រោះសម្រាកព្យាបាល គឺគ្រាន់តែជោះឈាមហើយឲ្យអ្នកជំងឺត្រឡប់ទៅផ្ទះវិញ គឺមានន័យថា មិនសូវយកចិត្តទុកដាក់ពិនិត្យ ទើបជំងឺវិវត្តធ្ងន់ធ្ងរ ចូលដល់ដំណាក់កាលទី៣សង្គ្រោះលែងបានបណ្តាលឲ្យស្លាប់បាត់បង់ជីវិតបែបនេះ ។

បច្ចុប្បន្នមានកុមារកើតជម្ងឺគ្រុនឈាមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តដែរ មានន័យថា ខេត្តស្វាយរៀងមានក្មេងកើតជម្ងឺគ្រុនឈាម ហើយសូមឪពុកម្តាយដែលមានកូនតូចៗត្រូវប្រុងប្រយត្ន័ បើមានកូនក្តៅខ្លួនត្រូវបញ្ជូនកូនមកមន្ទីរពេទ្យជាបន្ទាន់ជៀសវាងហួសពេលសង្គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ