ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ម៉ាស៊ីន ពលករ​រាប់​លាន​នាក់​អាច​នឹង​បាត់បង់​ការងារ​ធ្វើ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ម៉ាស៊ីន​មាន​សមត្ថភាព​ខ្ពស់​កំពុង​តែ​ផ្លាស់​ប្តូរ​ការ​ផលិត ការ​សិក្សា និង​ការ​រស់នៅ​របស់​ពួក​យើង​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ។ ស្ទើរតែ​គ្រប់​ផ្នែក​នៃ​សេដ្ឋ​កិច្ច​របស់​យើង នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងក្លា ។ ក្រុមហ៊ុន​ភស្តុ​ភារ​ធំ​ៗ…

សហរដ្ឋអាមេរិក ៖ ម៉ាស៊ីន​មាន​សមត្ថភាព​ខ្ពស់​កំពុង​តែ​ផ្លាស់​ប្តូរ​ការ​ផលិត ការ​សិក្សា និង​ការ​រស់នៅ​របស់​ពួក​យើង​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក ។ ស្ទើរតែ​គ្រប់​ផ្នែក​នៃ​សេដ្ឋ​កិច្ច​របស់​យើង នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងក្លា ។

ក្រុមហ៊ុន​ភស្តុ​ភារ​ធំ​ៗ រួម​ជាមួយ​អ្នកបើកបរ​ផ្សេង​ៗ​កំពុង​តែ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​បើកបរ​របស់​ខ្លួន ។ ក្រុមហ៊ុន​ដូច​ជា BMW និង Tesla បាន​ចេញ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​យានយន្ត​ទៅ​ហើយ ។

ក្រុមហ៊ុន Associated Press ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា Artificial Intelligence (AI) ដើម្បី​សរសេរ​ព័ត៌មាន​ផង​ដែរ ។ ម៉ាស៊ីន​ព្រី​ន 3D ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​គ្រឿង​ម៉ាស៊ីន​ទៀត​ផង ។

បច្ចេកវិទ្យា​ថ្មី​ៗ​ទាំងនេះ​ធានា​ថា នឹង​ជំរុញ​ដល់​ផ្នែក​ផលិតកម្ម​ឲ្យ​កាន់តែ​ខ្លាំង​ឡើង ផ្តល់​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ មាន​សុវត្ថិភាព អាច​បត់បែន និង​ងាយស្រួល​កាន់តែ​ខ្ពស់​ឡើង។ ប៉ុន្តែ​វា​ក៏​ផ្តល់​ភាព​ភ័យ​ខ្លាច​ដល់​ការ​ប៉ះពាល់​ទៅ​លើ​ការងារ ជំនាញ និង​ប្រាក់បៀវត្សរ៍​របស់​មនុស្ស​ផង​ដែរ ។

ការ​សិក្សា​របស់​លោក Carl Frey និង Michael Osborne មក​ពី​សាកលវិទ្យាល័យ University of Oxford និង​មួយទៀត​របស់​វិទ្យាស្ថាន McKinsey Global Institute (MGI) ឲ្យ​ដឹង​ថា ការងារ​ភាគច្រើន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍ អាច​នឹង​ផ្លាស់​ប្តូរ​ពី​ការ​ប្រើប្រាស់​មនុស្ស​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ម៉ាស៊ីន​វិញ ។

តាម​រយៈ​បទ​ពិសោធន៍​ដែល​ធ្លាប់​កើត​មាន​ឡើង​ពី​អតីតកាល ការ​សិក្សា​បាន​ប្រទះ​ឃើញ​​នា​ពេល​អនាគត គឺ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​អាច​នឹង​ជំរុញ​ដល់​ការ​ផលិត និង​ការ​លូតលាស់​ប្រាក់​ចំណូល ក៏​ដូច​ជា​ជំរុញ​ដល់​តម្រូវការ​ពលកម្ម ។ តម្រូវការ​ផលិតផល និង​សេវាកម្ម ក៏​នឹង​កើនឡើង​ផង​ដែរ ព្រោះ​តម្លៃនឹង​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​គុណភាព​កើនឡើង ។ ជាមួយ​គ្នា​នេះ ការងារ​ថ្មី​ៗ​នឹង​ត្រូវ​បាន​បង្កើត​ឡើង ។

ការ​សិក្សា​របស់ MGI ឲ្យ​ដឹង​ថា ប្រសិនបើ​ល្បឿន​នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​បច្ចេក​វិទ្យា និង​ម៉ាស៊ីន​អាច​រក្សា​ក្នុង​កម្រិត​មធ្យម​នោះ ១៥%​នៃ​ពលករ​ទាំងអស់​ក្នុង​ពិភព​លោក ឬ​៤០០​លាន​នាក់ នឹង​បាត់បង់​ការងារ​ក្នុង​រយៈពេល​ពី​បច្ចុប្បន្ន រហូត​ដល់​ឆ្នាំ​២០៣០ ។

ប៉ុន្តែ​ដោយសារ​តម្រូវការ​ផលិតផល និង​សេវាកម្ម​កើនឡើង ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ថាមពល និង​ថាមពលបៃតង គឺ​ការងារ​ថ្មី​ៗ​នឹង​បង្កើត​ឡើង​ដើម្បី​ជំនួស​ការងារ​បាត់បង់ ។ ប៉ុន្តែ​ការងារ​ថ្មី​ៗ​នេះ​អាច​នឹង​ខុស​ប្លែក​ពី​ការ​ងារ​​ចាស់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ត្រូវការ​ចំណាយ​ច្រើន​សម្រាប់​ការ​ផ្លាស់​ប្តូរ​នេះ ។

ពលករ​ប្រមាណ​ពី​៧៥ ទៅ​៣៧៥​លាន​នាក់ ឬ​៣​ទៅ​១៤%​នៃ​ពលករ​សរុប​លើ​ពិភព​លោក នឹង​ត្រូវ​ផ្លាស់​ប្តូរ​ការងារ​នៅ​ឆ្នាំ​២០៣០ ។ ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា សហ​រដ្ឋ​អាមេរិក ការងារ​ក្នុង​ផ្នែក​ផលិតកម្ម និង​ការងារ​ការិយាល័យ​អាច​នឹង​ធ្លាក់​ចុះ ខណៈ​ការ​ងារ​ក្នុង​ផ្នែក​សុខាភិបាល ការ​មើលថែ ការ​អប់រំ ការ​សាងសង់ និង​គ្រប់គ្រង អាច​នឹង​កើន​ឡើង​វិញ ។

ដូច្នេះ ដើម្បី​កាត់​បន្ថយ​ចំណាយ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ គឺ​ត្រូវការ​គោលនយោបាយ​ហិរញ្ញ​វត្ថុ និង​រូបិយប័ណ្ណ​ដើម្បី​រក្សា​កម្រិត​អ្នកមាន​ការងារ​ធ្វើ ។ គោលនយោបាយ​ជំរុញ​ការ​វិនិ​យោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ លំនៅ​ឋាន ថាមពលបៃតង ព្រមទាំង​ការ​មើលថែ​ក្មេង និង​មនុស្ស​ចាស់ អាច​ជំរុញ​ដល់​ភាព​ប្រកួតប្រជែង និង​ការ​លូតលាស់​បាន ហើយ​ក៏​អាច​បង្កើត​ការងារ​បន្ថែម​ផង​ដែរ ។

ដំណោះស្រាយ​ទី​២ គឺ​ការ​ពង្រីក និង​កែ​ច្នៃ​កម្មវិធី​ហ្វឹកហាត់​ពលករ ។ ការ​សិក្សា​របស់ MGI ឲ្យ​ដឹង​ទៀត​ថា ជំនាញ​គិត​កម្រិត​ខ្ពស់​ដូច​ជា ការ​គិត​ដោយ​សម​ហេតុ​សម​ផល ជំនាញ​ទំនាក់ទំនង រួម​ទាំង​ជំនាញ​សង្គម​និង​ផ្លូវចិត្ត នឹង​កាន់តែ​មាន​សារសំខាន់ ខណៈ​ម៉ាស៊ីន​នឹង​ជំនួស​ផ្នែក​ដែល​ត្រូវការ​ក្នុង​ការងារ​បច្ចុប្បន្ន រួម​មាន ការ​ប្រមូល​ទិន្នន័យ និង​ការ​គណនា​ទិន្នន័យ​ជាដើម ។

រដ្ឋាភិបាល​ក៏​គួរតែ​ផ្តល់​អត្ថប្រយោជន៍​ពន្ធ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឲ្យ​អាជីវ​កម្ម​វិនិយោគ​បន្ថែម​លើ​ការ​ហ្វឹកហាត់​បុគ្គលិក ជា​ពិសេស ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម​។ រដ្ឋាភិបាល​ក៏​ត្រូវ​ផ្តល់​អត្ថប្រយោជន៍​សង្គម​ផ្សេង​ៗ​ផង​ដែរ​ដល់​ពលករ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់​ប្តូរ​ការងារ ដូច​ជា ការ​ថែទាំ​សុខភាព ការ​ថែទាំ​កុមារ សន្តិសុខ​ពេល​ចូល​និវត្តន៍ និង​ជំនួយ​ពេល​ផ្លាស់​ប្តូរ​ការងារ​ជាដើម ។

ដូចនឹង​បច្ចេកវិទ្យា​ពី​អតីតកាល ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​នេះ​សន្យា​ថា នឹង​បង្កើន​ផ្នែក​ផលិតកម្ម ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ សហគមន៍ និង​សង្គម ។ ប៉ុន្តែ​សម្រាប់​ពលករ​រាប់​លាន​នាក់​ទៀត ការ​អភិវឌ្ឍ​នេះ​អាច​នឹង​មាន​ភាព​លំបាក ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ