រាជធានីភ្នំពេញ ៖ ស្របពេលបច្ចេកវិទ្យាប្រើប្រាស់នៅក្នុងវិស័យហិរញ្ញវត្ថុកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកការងាយស្រួលដល់អតិថិជន និងអ្នកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ និងការទូទាត់នានា ។ តបតាមភាពរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា (NBC) ក៏បានជំរុញឲ្យពលរដ្ឋក្នុងប្រទេសកម្ពុជា ងាកមកប្រើប្រាស់ និងទូទាត់តាមបច្ចេកវិទ្យាឲ្យបានទូលំទូលាយ ។
លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការធានាបាននូវគុណភាព ប្រសិទ្ធភាព និងតម្លៃកាន់តែមានការប្រកួតប្រជែងរវាងបណ្ដាប្រតិបត្តិការទូទាត់នានាក្នុងវិស័យហិរញ្ញវត្ថុ ។ លោកថា ៖ «ដោយសារតែការផ្ដល់សេវាហិរញ្ញវត្ថុទៅប្រជាពលរដ្ឋកាន់តែមានច្រើនបែបច្រើនសណ្ឋាន ហើយដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យហិរញ្ញវត្ថុ និងជួយសម្រួលដល់អតិថិជនក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាបានផ្ដល់អាជ្ញាប័ណ្ណបើកផ្លូវដល់បណ្ដាប្រតិបត្តិករធនាគារដទៃ ឲ្យបង្កើតការទូទាត់ និងប្រើប្រាស់ហិរញ្ញវត្ថុតាមបច្ចេកវិទ្យា ជំនួសឲ្យប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ » ។
លោកបន្តថា ការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយវាក៏បានបង្ហាញពីតម្លាភាពក្នុងការប្រើប្រាស់ហិរញ្ញវត្ថុបានយ៉ាងល្អផងដែរ ។ បណ្ដាប្រតិបត្តិករ ធនាគារ និងហិរញ្ញវត្ថុ ត្រូវពន្យល់ពីអត្ថប្រយោជន៍ គុណសម្បតិ្ត និងគុណវិបត្តិឲ្យបានច្បាស់លាស់ដល់អតិថិជនរបស់ខ្លួន ធ្វើយ៉ាងណា ឲ្យអតិថិជនយល់ និងសម្រេចចិត្តងាកមកប្រើប្រាស់បច្ចេកវិទ្យានេះឲ្យបានកាន់តែច្រើនឡើង តាមអ្វីដែលអាចធ្វើបាន ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាធនាគារកាណាឌីយ៉ា បានឲ្យដឹងថា ជាផ្នែកមួយនៃការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅកម្ពុជា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងតែបានជំរុញជីវភាពពលរដ្ឋកម្ពុជាកាន់តែមានភាពងាយស្រួល និងប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈសេវាកម្មផ្ទេរប្រាក់រហ័ស បង់វិក្កយបត្រនានា ឬបញ្ចូលកាតទូរស័ព្ទជាដើម ។
អ្នកឧកញ៉ាបន្តថា ទន្ទឹមនឹងការអភិវឌ្ឍឥតឈប់ឈរ ក៏ដូចជារួមចំណែកសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា ការផ្ដល់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី គឺជាការបង្ហាញពីភាពរីកចម្រើនក្នុងវិស័យធនាគារនៅកម្ពុជា និងបង្ហាញពីភាពវៃឆ្លាតរបស់ពលរដ្ឋកម្ពុជាផងដែរ ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងដែរថា ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ តាមបច្ចេកវិទ្យា គឺការជួយជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ចមួយផ្នែក ។ ជាក់ស្ដែង បច្ចុប្បន្ន ការកកស្ទះចរាចរណ៍ គឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយ ។ ដូចនេះ បើសិនជាមនុស្សម្នាក់ៗត្រូវការធ្វើដំណើរដោយផ្ទាល់ទៅទូទាត់សាច់ប្រាក់អ្វីមួយ នឹងធ្វើឲ្យពួកគេខាតទាំងពេលវេលា និងថវិកា ។ ក៏ប៉ុន្តែ បើសិនជាការទូទាត់តាមបច្ចេកវិទ្យា ដែលបានបង្កើតសម្រាប់វិស័យហិរញ្ញវត្ថុ ពួកគេអាចយកពេលវេលាទៅធ្វើអ្វីផ្សេងវិញ ហើយក៏មិនចំណាយថវិកាធ្វើដំណើរទៅទូទាត់ផ្ទាល់ដែរ ។
លោកបន្តថា តបតាមការរីកចម្រើនបែបនេះ ធនាគារអេស៊ីលីដា នឹងកាត់បន្ថយការទូទាត់ដោយផ្ទាល់ ឬប្រើប្រាស់បុគ្គលិកបន្ថែមទៀត។ រាល់សេវាកម្មនានាត្រូវធ្វើតាមបច្ចេកវិទ្យា ហើយជាជំហានដំបូង ធនាគារនឹងប្រើប្រាស់បុគ្គលិកសម្រាប់ពន្យល់ដល់អតិថិជន ហើយនៅពេលអតិថិជនយល់ដឹងហើយ ពួកគេនឹងធ្វើការទូទាត់នានាដោយផ្ទាល់ ៕
ចែករំលែកព័តមាននេះ