ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​មេដាយមាស​3​ពី​ការ​ប្រកួត​ពានរង្វាន់​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន

6 ឆ្នាំ មុន
  • ភ្នំពេញ

ព័ត៌មាន​អាស៊ាន ដែល​ផ្តោត​លើ​៦​វិញ្ញាសា​ផ្សេង​គ្នា​និង​មាន​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ចំនួន​១១៣ មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ចូលរួម​ប្រកួត​គ្នា​នា​ពេល​ថ្មី​ៗ​នេះ កម្ពុជា​ទទួល​បាន​មេដាយមាស​៣ ខណៈ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​៤ មិន​ទទួល​បាន​ពានរង្វាន់​។ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។ ប្រភព​ដដែល​បញ្ជាក់​ថា…

ព័ត៌មាន​អាស៊ាន ដែល​ផ្តោត​លើ​៦​វិញ្ញាសា​ផ្សេង​គ្នា​និង​មាន​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ចំនួន​១១៣ មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ចូលរួម​ប្រកួត​គ្នា​នា​ពេល​ថ្មី​ៗ​នេះ កម្ពុជា​ទទួល​បាន​មេដាយមាស​៣ ខណៈ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​៤ មិន​ទទួល​បាន​ពានរង្វាន់​។ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌​មាន​អាស៊ាន​ឆ្នាំ​២០១៧​នេះ ផ្តោត​លើ​វិញ្ញាសា​៦​គឺ​៖ ១-​វិស័យ​សាធារណៈ​, ២-​វិស័យ​ឯក​ជន​, ៣-​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សហគ្រាស​, ៤-​មាតិកា​ឌី​ជី​ថ​ល​, ៥-​ការ​ចាប់ផ្តើម​ធុរ​កិច្ច​ថ្មី និង​៦-​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ។ ជា​លទ្ធផល មាន​តែ​ប្រទេស​៦​ប៉ុណ្ណោះ​បាន​ទទួល​មេដាយ​គឺ ៖

១-​កម្ពុជា ទទួល​បាន​មេដាយមាស​៣
២-​ថៃ បាន​មេដាយមាស​១, មេដាយ​ប្រាក់ ២ និង​មេដាយ​សំរឹទ្ធ​៤
៣-​សិង្ហ​បុរី មេដាយមាស​១ និង​មេដាយ​ប្រាក់​១
៤-​ឥណ្ឌូ​ណេ​ស៊ី មេដាយមាស​១
៥-​វៀតណាម មេដាយ​ប្រាក់​២ និង​មេដាយ​សំរឹទ្ធ​១
៦-​ឡាវ មេដាយ​ប្រាក់​១ និង​មេដាយ​សំរឹទ្ធ​១ ។

ពិធី​ប្រកួត​ដណ្តើម​ពានរង្វាន់​នេះ បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​សៀមរាប នា​ថ្ងៃ​ទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ ។ ការ​ប្រកួត​នេះ​មាន​២​ដំណាក់កាល​គឺ ៖ វគ្គ​ជម្រុះ និង​វគ្គ​ផ្តាច់ព្រ័ត្រ ។ ក្នុង​វគ្គ​ជម្រុះ​មាន​ក្រុមហ៊ុន​/​ស្ថាប័ន​ចំនួន​១១៣ មក​ពី​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ចូលរួម​ប្រកួតប្រជែង ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ឆ្នាំ​២០១២​មក ។

ទាក់ទង​នឹង​ការ​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ម្សិលមិញ​ថា កម្ពុជា​បាន​ចាប់ផ្តើម​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​នៅ​ឆ្នាំ​២០១៤ ពេល​នោះ ទទួល​បាន​មេដាយមាស​១, ឆ្នាំ​២០១៥ បាន​មេដាយមាស​១, ឆ្នាំ​២០១៦ បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​១ និង​នៅ​ឆ្នាំ​២០១៧​នេះ បាន​មេដាយមាស​៣ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ។

លោក ខូ​វ មក​រា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ថា ៖« នៅ​ឆ្នាំ​២០១៤ ពេល​យើង​ចាប់ផ្តើម​ចូលរួម​ប្រកួត​ជាមួយ​គេ ដើម្បី​លើកមុខ​មាត់​របស់​ខ្លួន​ថា យ៉ាង​ហោច​ណាស់ យើង​ក៏​មានកូន​ខ្មែរ​បាន​បង្កើត​អង្គការ ក្រុមហ៊ុន ឬ​ផលិតផល​ថ្មី​ៗ​ក្នុង​បច្ចេកវិទ្យា និង​ព័ត៌មាន មាន​ស្នាដៃ​ល្អ គួរ​បានការ​ទទួ​លស្គាល់​នៅ​ថ្នាក់​តំបន់​ដែរ ។ យើង​ចង់​បង្ហាញ​ថា ការ​លូតលាស់​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​របស់​យើង​ចាប់ផ្តើម​ចេញ​មក​ពី​ទីណា ហើយ​ទៅ​ដល់​ទីណា ខណៈ​ពី​មុន នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ទាំងមូល​គេ​មិនសូវ​ចាប់អារម្មណ៍​លើ​កម្ពុជា​ទេ »។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ៖« ចាប់តាំងពី​ឆ្នាំ​២០១១​មក យើង​ព្យាយាម ធ្វើ​យ៉ាងម៉េច​ឱ្យ​វិស័យ​​ទាំងមូល​វិវត្តន៍​ទៅ​មុខ​លឿន ហើយ​ផ្តោត​សំខាន់ គឺ​លើកទឹកចិត្ត​យុវជន​និង​បច្ចេក​វិទ្យា ធ្វើ​យ៉ាងម៉េច ឱ្យ​យុវជន​ប្រើ​បច្ចេកវិទ្យា​ស្ថិត​នៅ​លើ​ផ្លូវត្រូវ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​​សង្គម​និង​សេដ្ឋកិច្ច ឬ​អភិវឌ្ឍន៍​ធនធានមនុស្ស​។ ជា​លទ្ធផល ចាប់ពី​ឆ្នាំ​២០១៤ ដល់​២០១៧​នេះ យើង​ឃើញ​ការ​បោះ​ជំហាន​របស់​យើង​ទៅ​លើ​ផ្លូវត្រូវ ហើយ​លទ្ធផល​បាន​បោះ​ឱ្យ​យើង​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​វាយតម្លៃ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​ថា កម្ពុជា​កំពុង​បោះ​ជំហាន​លើ​ផ្លូវត្រូវ និង​អភិវឌ្ឍន៍​ពិតប្រាកដ​នៅ​លើ​វិស័យ​បច្ចេកវិទ្យា​និង​ព័ត៌​មាន ហើយ​យើង​ក៏​មាន​យុវជន​ក្មេង​ៗ​មាន​សក្តានុពល​ខ្ពស់ ក្នុង​ការ​ចាប់​យក​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ផង​ដែរ » ។

លោក​គូសបញ្ជាក់​ថា ៖« ជា​រួម តាម​រយៈ​លទ្ធផល​ដែល​កម្ពុជា​បាន​មេដាយមាស​៣​នៅ​ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​អាស៊ាន​ទាំង​១០ ទទួលស្គាល់​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មាន​របស់​កម្ពុជា​ហើយ » ។

គួរ​កត់​សម្គាល់ថា យោង​តាម​គេហទំព័រ​ក្រសួង​ប្រៃសណីយ៍ ការ​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស្រប​ពេល​កិច្ចប្រជុំ​ថ្នាក់ឧត្តម​មន្ត្រី និង​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​អាស៊ាន ក្នុង​គោលបំណង​លើកកម្ពស់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរគមនា​គមន៍ និង​ព័ត៌មាន ជំរុញ​ការ​ច្នៃប្រឌិត​និង​នវានុវត្តន៍ លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ធុរកិច្ច ព្រមទាំង​ជំរុញ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ តាម​រយៈ​ការ​ទទួលស្គាល់​នូវ​សមិទ្ធផល​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌​មាន​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​ស្ថាប័ន អង្គការ ក្រុមហ៊ុន ឬ​សហគ្រាស​នៅ​ទូ​ទាំង​តំបន់​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ