រាជធានីភ្នំពេញ ៖ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប តម្រូវការធនធានមនុស្សដើម្បីឆ្លើយតបនឹងទីផ្សារបច្ចេកវិទ្យាកាន់តែទូលាយជាងមុន ទើបធ្វើឲ្យជនពិការមួយចំនួនដែលគ្មានសមត្ថភាពធ្វើការងារធ្ងន់ៗដូចមនុស្សមានកាយសម្បទាធម្មតា ងាកមកចាប់អារម្មណ៍នឹងជំនាញបច្ចេកទេស និងបច្ចេកវិទ្យានេះ ។
បុរសពិការភ្នែកមួយរូបបានលើកឡើងថា មិនថាពិការភ្នែក ឬពិការដៃជើងទេ គឺសុទ្ធតែលំបាកទាំងអស់ក្នុងការរៀនជំនាញបច្ចេកវិទ្យា តែទឹកចិត្តជម្នះការលំបាក គឺជាចំណុចសំខាន់ដែលជនពិការទាំងឡាយត្រូវតែមាន ។
លោក ម៉ែន សែនចំរុង អ្នកមើលការខុសត្រូវ នៅហាងចាប់សរសៃមួយកន្លែងក្នុងរាជធានីភ្នំពេញ បានប្រាប់ថា ៖« តាមពិតទៅ ផលវិបាករបស់អ្នកពិការភ្នែក គឺវាមានច្រើនមែនទែនក្នុងការរៀនបច្ចេកវិទ្យាផ្សេងៗ មិនថារៀនប្រើប្រាស់កុំព្យូទ័រ ឬស្មាតហ្វូនទេ » ។ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកទេសនេះ លោកបន្តថា ៖« ក្នុងការប្រើប្រាស់កុំព្យូទ័រ និងស្មាតហ្វូន គឺលោកបានផ្ដោតសំខាន់ទៅលើសំឡេង និងការចំណាំ » ។
លោក សែនចំរុង បន្តថា ៖« កុំព្យូទ័រយើងត្រូវការ Download កម្មវិធីសំឡេង ហៅថា Job Disabilities ដោយ Install កម្មវិធី ។ អីចឹង វា Support នឹងសំឡេង ហើយយើងអាចប្រើបានតាមហ្នឹង ។ ចំណែកស្មាតហ្វូនក៏ដូចគ្នាដែរ គឺយើង Install កម្មវិធី Talking Phone Software គឺវា Supporter សំឡេងទៅនឹងស្មាតហ្វូនដូចគ្នា មិនថា Samsung, iPhone ទេ គឺមានដូចគ្នា » ។
បុរសពិការភ្នែករូបនេះឱ្យដឹងទៀតថា បច្ចុប្បន្ន កន្លែងលោកប្រើស្មាតហ្វូនច្រើនទៅលើការងារ ដូចជា សម្រាប់ទំនាក់ទំនង ប្រើហ្វេសប៊ុក និងមើលយូធូបជាដើម ជាពិសេស សម្រាប់ប្រើនៅពេលគិតបញ្ជីគណនី គឺប្រើស្មាតហ្វូន ដោយ Record នៅក្នុងទូរស័ព្ទផ្ទាល់ ។
ងាកមកមើលយុវសិស្សពិការម្រាមដៃទាំងសងខាងមួយរូប មានវ័យ១៩ឆ្នាំ កំពុងបន្តការសិក្សាលើជំនាញព័ត៌មានវិទ្យានៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបរាប់ថា បច្ចេកវិទ្យាបានរួមចំណែកយ៉ាងសំខាន់សម្រាប់ជនពិការ ។
លោក ជុន ចាន់ធឿន ប្រាប់ថា ៖« ការចាប់ជំនាញមួយនេះ គឺវាមិនសំខាន់លើយើងមានកាយសម្បទាគ្រប់គ្រាន់ទើបអាចរៀនបានទេ ជនពិការក៏អាចរៀនបានដែរ សំខាន់លើមហិច្ឆតារបស់យើងថា យើងនឹងធ្វើវាបានដែរឬអត់ » ។
យុវជនពិការរូបនេះបន្តថា ៖« អ្វីដែលជំរុញឱ្យរូបខ្ញុំចាប់យកជំនាញនេះ ព្រោះវាមិនទាមទារឱ្យប្រើកម្លាំងរាងកាយខ្លាំងក្លាទេ ជាពិសេស ខ្ញុំពិការមែនពិត តែមហិច្ឆតារបស់ខ្ញុំនៅតែមានរហូត អីចឹង អ្វីដែលសង្គមកំពុងតែត្រូវការ និងកំពុងរីកចម្រើននោះ ខ្ញុំត្រូវតែធ្វើវា ។ ជនពិការគួរតែងាកមកចាប់អារម្មណ៍លើជំនាញនេះវិញ កុំយកឈ្មោះជាជនពិការទៅដើរសុំទានគេ ឬធ្វើអ្វីមិនល្អ ដែលសង្គមមិនត្រូវការ » ។
លោកបន្តទៀតថា ៖« ខ្ញុំចាប់យកជំនាញព័ត៌មានវិទ្យានេះ គឺមិនដែលគិតថាខុសទេ ព្រោះសម័យឥឡូវជាសម័យបច្ចេកវិទ្យា ហើយជនពិការដូចខ្ញុំក៏ត្រូវចេះដែរ ទោះបីធ្វើយូរជាងគេបន្តិចក៏ដោយ ព្រោះវាជំនួសដៃជើងយើងបានច្រើនក្នុងការសិក្សា ឬប្រកបការងារ » ។
លោក ឈន អក្ខរា ប្រធានផ្នែកអភិវឌ្ឍន៍សេវាពិការភាព និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ធ្នូ ថា សម្រាប់ជនពិការ គឺមានច្រើនដែលកំពុងសិក្សា និងបម្រើការងារលើជំនាញបច្ចេកវិទ្យា ។
បើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់បានថ្លែងក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រថា បច្ចុប្បន្ន កម្ពុជាមានសិស្សពិការគ្រប់ប្រភេទ សរុបចំនួន២២.១៣៣នាក់ ដែលកំពុងរៀននៅគ្រប់កម្រិតសិក្សា ដោយគ្មានមានការរើសអើង។ ក្រៅពីនេះ សិស្សពិការភ្នែក និងគ-ថ្លង់ មានចំនួន១.៤៣៣នាក់កំពុងសិក្សានៅថ្នាក់អប់រំពិសេស ថ្នាក់សមាហរណកម្ម ថ្នាក់អប់រំមូលដ្ឋាន ថ្នាក់អប់រំក្រៅប្រព័ន្ធនៃកម្មវិធីអភិវឌ្ឍន៍មនុស្សគ-ថ្លង់ របស់អង្គការគ្រួសារថ្មី ៕
ចែករំលែកព័តមាននេះ