ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ផ្លាស់​ប្ដូរ​ទម្លាប់​ការ​ប្រើ​ទូរស័ព្ទ​ច្រើន​ឬ​យ៉ាងណា ខណៈ​បច្ចេកវិទ្យា​កំពុង​ជឿនលឿន ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចេកវិទ្យា​វិវត្តន៍​ជឿនលឿន​យ៉ាងណា​ក្ដី ក៏​ឥរិយាបថ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ភាគច្រើន​មិន​ទាន់​ផ្លាស់​ប្ដូរ ដោយ​អ្នកខ្លះ​នៅ​តែ​កាន់​ទូរស័ព្ទ​ក្នុង​ដៃ​២​ឬ​៣​គ្រឿង​នៅឡើយ ហើយ​ក្នុង​ចំណោម​ទូរស័ព្ទ​ទាំងនោះ យ៉ាង​ហោច​ណាស់ ក៏​មាន​ស្មា​ត​ហ្វូ​ន​១​ឬ​២​ដែរ ។ ហេតុ​អ្វី​បានជា​ពួក​គេ​នៅ​តែ​មិន​អាច​បោះបង់​ទម្លាប់​នេះ​បាន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចេកវិទ្យា​វិវត្តន៍​ជឿនលឿន​យ៉ាងណា​ក្ដី ក៏​ឥរិយាបថ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ភាគច្រើន​មិន​ទាន់​ផ្លាស់​ប្ដូរ ដោយ​អ្នកខ្លះ​នៅ​តែ​កាន់​ទូរស័ព្ទ​ក្នុង​ដៃ​២​ឬ​៣​គ្រឿង​នៅឡើយ ហើយ​ក្នុង​ចំណោម​ទូរស័ព្ទ​ទាំងនោះ យ៉ាង​ហោច​ណាស់ ក៏​មាន​ស្មា​ត​ហ្វូ​ន​១​ឬ​២​ដែរ ។ ហេតុ​អ្វី​បានជា​ពួក​គេ​នៅ​តែ​មិន​អាច​បោះបង់​ទម្លាប់​នេះ​បាន បើ​ដឹង​ថា កាន់​​ទូរស័ព្ទ​ច្រើន​ត្រូវ​ចំណាយ​ក៏​ច្រើន ហើយ​ថែម​ទាំង​ប៉ះពាល់​សុខភាព​ទៀត​នោះ ? ហេតុ​អ្វី​បានជា​ពួក​គេ​មិន​ងាក​មក​ប្រើ Social Network ដូច​ជា Facebook, Telegram, WhatsApp, Line, Viber ជាដើម ជំនួស​ឲ្យ​ការ​ទូរស័ព្ទ​រកគ្នា​វិញ ?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុម​ហ៊ុន Emerging Market Consulting បាន​ប្រាប់​ថា មាន​ឧបសគ្គ​៣​យ៉ាង​ដែល​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​មិន​ផ្លាស់​ប្ដូរ និង​អាច​ប្រើប្រាស់​អ៊ីន​ធើ​រ​ណេ​ត​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ឲ្យ​អស់​សក្ដានុពល​មក​បម្រើ​សេចក្ដី​ត្រូវការ​របស់​ខ្លួន​បាន ។ ឧបសគ្គ​ទាំងនេះ​រួម​មាន ៖

១-​ចំណេះដឹង​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​មាន​កម្រិត ។
២-​ការ​ទទួល​បាន​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​មិន​ទាន់​ទូលំទូលាយ ។
៣-​តម្លៃ​សេវា​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​ថ្លៃ​។

លោក​ថ្លែង​ថា ៖« សម្រាប់​មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​មិន​ចេះ​ភាសា​អង់គ្លេស​ទេ ហើយ​​ការ​ប្រើប្រាស់​អ៊ីន​ធើ​រ​ណេ​ត ត្រូវការ​ភាសា​អង់គ្លេស​ជា​មូលដ្ឋាន ។ ដូច្នេះ នេះ​ជា​ឧបសគ្គ​មួយ ហើយ​មនុស្ស​ជំនាន់​ក្រោយ​នឹង​ប្រើប្រាស់​អ៊ីន​ធើ​រ​ណេ​ត​ច្រើន » ។

យ៉ាងណា​ក៏​ដោយ លោក​បញ្ជាក់​ថា ក្នុង​រយៈពេល​១០​ទៅ​១៥​ឆ្នាំ​ខាង​មុខ និន្នាការ​នេះ​នឹង​ផ្លាស់​ប្ដូរ ដោយ​មនុស្ស​ភាគច្រើន​នឹង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ហើយ​តម្លៃ​អាច​ថា សមរម្យ​សម្រាប់​អ្នក​ប្រើប្រាស់​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

កញ្ញា ច្រា​ត់ គឹ​ម​ហ៊ាន់ ទីប្រឹក្សា​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ច្រើន គឺ​មិនល្អ​មែន ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព និង​សេដ្ឋកិច្ច​យើង​ផ្ទាល់​ដែរ តែ​អ្នកខ្លះ​អត់​ប្រើ​មិន​បាន ដោយសារ​ការងារ​តម្រូវ​ឲ្យ​មានការ​ទាក់ទង​ច្រើន ពិសេស លេខ​ប្រព័ន្ធ​ខុស​គ្នា ឬ​ការងារ​ត្រូវ​បន្ទាន់ ។

យ៉ាងណា​ក៏​ដោយ កញ្ញា​លើក​ឡើង​ថា យុវវ័យ​មួយ​ចំនួន​គាត់​ប្រើ​ស្មា​ត​ហ្វូ​ន​សម្រាប់​តែ​ភាព​ឡូយឆាយ ទាក់ទង​មិត្តភក្ដិ​ធម្មតា និង​កម្សាន្ដ​។ ដូច្នេះ មិន​គួរ​កាន់​ស្មា​ត​ហ្វូ​ន​២-៣​ទេ ព្រោះ​ពួក​គេ​អាច​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត​ដើម្បី​ទាក់ទង​គ្នា​បាន​តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេងៗ ហើយ​ការងា​កមក​ប្រើ​អ៊ីន​ធើ​រ​ណេ​ត​ជំនួស​នេះ ក៏​អាច​ជួយ​កាត់​បន្ថយ​ចំណាយ​លើ​ការ​បង់​សេវា​ប្រចាំខែ​បាន​មួយ​ចំណែក​ដែរ ។

កញ្ញា​គឹ​ម​ហ៊ាន់​បន្ថែម​ថា ៖ «​ជាក់ស្ដែង ដូច​ខ្ញុំ​អីចឹង ការងារ​ខ្ញុំ​គឺ​ត្រូវ​បញ្ជូន​ទិន្នន័យ​តាម​រយៈ​​អន​ឡាញ អីចឹង ខ្ញុំ​ត្រូវ​ប្រើ​វា​ជា​រៀងរាល់ថ្ងៃ ទោះបី​ដឹង​ថា វា​ប៉ះពាល់​ដល់​សុខភាព និង​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ក៏​ដោយ ។ សព្វ​ថ្ងៃនេះ យើង​រស់នៅ​ក្នុង​សង្គម​បច្ចេកវិទ្យា អីចឹង បើ​មាន​ក៏​ល្អ​ដែរ តែ​កុំ​ប្រើ​៣-៤​គ្រាន់តែ​ភាព​ហ៊ឺហា និង​ដើម្បី​បង្អួត​គេឯង ។ បើ​បែប​នេះ​មែន តាម​គំនិត​ខ្ញុំ​គិត​ថា កុំ​ប្រើ​អី​ល្អ​ជាង ព្រោះ​វា​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​យើង​ទេ » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ លោក ង៉ែត ជូ បាន​សង្កត់ធ្ងន់​ថា ៖« ដរាប​ណា​អ្នក​ប្រើប្រាស់​មិន​អាច​យកឈ្នះ​នូវ​ឧបសគ្គ​ទាំង​៣​ដែល​លោក​បាន​រៀបរាប់​ខាងលើ​នោះ យើង​មិន​អាច​ណែនាំ​ឲ្យ​ពួក​គេ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត បាន​ទេ » ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ជិត​៧​លាន​នាក់ កើនឡើង​១,៣​លាន​នាក់​កាលពី​ឆ្នាំ​មុន និង​គណនី​ទូរស័ព្ទ​ចល័ត​ចំនួន​២០​លាន​គណនី ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​តែ​១៥,៧៦​លាន​នាក់​ប៉ុណ្ណោះ ។

ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៦ ដែល​បាន​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន The Open Institute ឲ្យ​ដឹង​ថា ជាង​៣៧%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​អាយុ​ពី​១៥ ទៅ​៦៥​​ឆ្នាំ អះអាង​ថា បាន​ប្រើប្រាស់​អ៊ីន​ធើ​រ​ណេ​ត និង​៩៦%​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​អះអាង​ថា ពួក​គេ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន ហើយ​ជាង​៩៩%​នៃ​អ្នកចូលរួម​ក្នុង​ការ​ស្ទង់​មតិ​នេះ​បាន​និយាយ​ថា ពួក​គេ​មាន​ទូរស័ព្ទ​ចល័ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ