ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​នៅ​ស្វាយ​រៀង​មាន​ហាងឆេង ខណៈ​ឈ្មួញ​វៀតណាម​សម្រុក​ទិញ (មានវីដេអូ)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដូវ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ហាក់​មាន​ហាងឆេង​ល្អ​សម្រាប់​ប្រជា​ពល​រដ្ឋ​​នៅ​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ដោយសារ​តែ​ឈ្មួញ​វៀតណាម​បាន​សម្រុកចូល​មក​ទិញ​ស្រូវ​ខ្មែរ ដូច​ទឹកបាក់​ទំនប់​នៅ​គ្រប់​ច្រករបៀង និង​ច្រក​តំបន់ ដែល​ក្នុង​១​ថ្ងៃ ជា​មធ្យម​ចាប់ពី​៨០០ ទៅ​១​ពាន់​តោន…

ខេត្តស្វាយរៀង ៖ រដូវ​ប្រមូល​ផល​ស្រូវ​ឆ្នាំ​នេះ ហាក់​មាន​ហាងឆេង​ល្អ​សម្រាប់​ប្រជា​ពល​រដ្ឋ​​នៅ​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ដោយសារ​តែ​ឈ្មួញ​វៀតណាម​បាន​សម្រុកចូល​មក​ទិញ​ស្រូវ​ខ្មែរ ដូច​ទឹកបាក់​ទំនប់​នៅ​គ្រប់​ច្រករបៀង និង​ច្រក​តំបន់ ដែល​ក្នុង​១​ថ្ងៃ ជា​មធ្យម​ចាប់ពី​៨០០ ទៅ​១​ពាន់​តោន ។

ការ​មាន​ហាងឆេង​តម្លៃ​ស្រូវ​ល្អ​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​កសិករ​សប្បាយចិត្ត ដោយសារ​ស្រូវ​ក្នុង​ឆ្នាំ​២០១៧ មាន​តម្លៃ​ល្អ​ជាង​ឆ្នាំ​២០១៦​។ ជាក់ស្តែង ស្រូវ​ប្រភេទ​អ៊ី​អ៊ែ​រ​ខា​៥៤ ដែល​​វៀតណាម​ហៅ​ថា «​ខា​ណាំ​បូ​ង​» ដឹក​ដល់​ទូក​ភ្លាម គឺ​ឈ្មួញ​វៀតណាម​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​៥​ពាន់​ដុ​ង (​ប្រមាណ​៩៣០​រៀល​) ។ ចំណែក​ប្រភេទ​ស្រូវ​ស្រែ​ចម្រុះ ដូច​ជា ក្រសាំងទាប​, នាងមិញ​, ស្រូវ​ស្រកី​ញឹក​, ផ្កាអំពិល និង​ស្រូវ​ម៉ុង​ម៉ាំង ក្នុង​១​គីឡូក្រាម តម្លៃ​៥.៥០០​ដុ​ង (​ប្រមាណ​៩៥០ ទៅ​៩៦០​រៀល​) ។

តាម​បុរស​ម្នាក់​ជា​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ផ្ទាល់​ឲ្យ​ដឹង​ថា ស្រូវ​ឆ្នាំ​នេះ មាន​ហាងឆេង​ល្អ​ប្រសើរ ដោយសារ​វៀតណាម​មក​ទទួល​ទិញ​តាំងពី​ពាក់កណ្តាល​ខែវិច្ឆិកា​មក​ម្ល៉េះ ហើយ​ចាប់​ប្រមូល​ទិញ​កាន់តែ​ខ្លាំងក្លា​ឡើង​នៅ​ដើមខែ​ធ្នូ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ធ្នូ ។

ប្រភព​ដដែល​បន្ត​ថា ស្រូវ​ស្រែ​ចម្រុះ ឈ្មួញ​ចុះ​ទិញ​ពី​កសិករ​ផ្ទាល់ គឺ​ឱ្យ​តម្លៃ​៨០០​រៀល​ក្នុង​១​គីឡូក្រាម ។ បន្ទាប់​មក យក​ទៅ​លក់​ឲ្យ​ឈ្មួញកណ្តាល​នៅ​ឃ្លាំង​ទិញ​ស្រូវ​ជាប់​ព្រំដែន គឺ​១​គីឡូក្រាម តម្លៃ​៨៧០​រៀល ។ បើ​ឈ្មួញកណ្តាល​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ផ្ទាល់ គឺ​១​គីឡូក្រាម តម្លៃ​៩៥០​រៀល ។

សម្រាប់​ប្រភេទ​ស្រូវ​អ៊ី​អ៊ែ​រ​ខា​៥៤ ការ​ទិញ​ផ្ទាល់​ពី​កសិករ ក្នុង​១​គីឡូក្រាម តម្លៃ​៧៩០​រៀល​។ បន្ទាប់​មក លក់​ឲ្យ​ឈ្មួញកណ្តាល​បាន​តម្លៃ ក្នុង​១​គីឡូក្រាម​៨៣០​រៀល ។ អីចឹង ឈ្មួញកណ្តាល​ពេល​លក់​បន្ត​ឲ្យ​វៀតណាម គឺ​បាន​តម្លៃ​៩៣០​រៀល​ក្នុង​១​គីឡូក្រាម ។  រីឯ​​ឈ្មួញកណ្តាល​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ចំណុច​ប្រឡាយ​ទាហាន ក្នុងភូមិ​ព្រៃ​វ័​ល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ គឺ​ក្នុង​១​ថ្ងៃ មាន​ទូក​វៀតណាម​ចូល​មក​ទិញ​ស្រូវ​ជា​មធ្យម​ចាប់ពី​៣០ ទៅ​៤០​ទូក ហើយ​ក្នុង​១​ទូក​ចំណុះ​៧០​តោន ។
ឈ្មួញ​រូប​នេះ​បន្ត​ថា បើ​មើល​តាម​តម្លៃ​គាត់​ទិញ​ស្រូវ​ឃើញ​ថា ចំណេញ​ច្រើន ក៏​ប៉ុន្តែ​ពួក​គាត់​ដែល​ជា​ឈ្មួញ​ទិញ​ផ្ទាល់​ពី​កសិករ ក៏​ត្រូវ​ចំណាយ​អស់​ច្រើន​ដែរ​ដូច​ជា បង់ថ្លៃ​បេន ឃ្លាំង ថ្លៃ​កម្មករ និង​បង់​ឲ្យ​សមត្ថកិច្ច​៥​ស្ថាប័ន ដែល​ការ​បង់​នោះ គឺ​បង់​តាម​ចំនួន​ក្បាល​ទូក មាន​ន័យ​ថា ក្នុង​១​ទូក តម្លៃ​១​ម៉ឺន​រៀល ។ សរុប​ទៅ ត្រូវ​ចំណាយ​៥​ម៉ឺន​រៀល​ក្នុង​១​ទូក​សម្រាប់​៥​ស្ថាប័ន ដូច្នេះ មិន​ចំណេញ​ច្រើន​ប៉ុន្មាន​ទេ ។

បើ​តាម​លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ វៀតណាម​ត្រូវការ​ស្រូវ​ច្រើន ដោយ​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ស្រូវ​ពី​កសិ​ករ​ផ្ទាល់ ក្នុង​១​គីឡូក្រាម​តម្លៃ​៨០០​រៀល​។ ការ​ទិញ​ស្រូវ​នេះ មិនមែន​តែ​ក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង​ទេ គឺ​ឈ្មួញ​បាន​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​ខេត្តបាត់ដំបង​, ពោធិ៍សាត់​, ព្រៃវែង និង​កំពង់ចាម​ផង​ដែរ ហើយ​ដឹកស្រូវ​មក​លក់​នៅ​តាម​ព្រំដែន​ខេត្តស្វាយរៀង តាម​ច្រក​មួយ​ចំនួន​ដូច​ជា ច្រករបៀង​ក្រសាំង​ជ្រំ ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ​, ច្រក​តំបន់​បាត់​ត្រាស់ ក្នុង​ឃុំ​ដូង ស្រុក​រមាស​ហែក​, ប្រឡាយ​ទាហាន ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ័​ល្ល៍ ក្នុងភូមិ​ព្រៃ​វ័​ល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ។

លោក​បន្ត​ថា បើ​គិត​សរុប​ជា​មធ្យម ការ​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​តាម​ច្រក​នានា​ក្នុង​ខេត្​តស្វាយរៀង គឺ​ចាប់ពី​៨០០ ទៅ​១​ពាន់​តោន​ក្នុង​១​ថ្ងៃ ។ កសិករ​នៅ​ខេត្តស្វាយរៀង​ភាគ​ច្រើន​បាន​ដឹកស្រូវ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ