ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា ប្រកាស​ថា នឹង​បាន​លេង​ច្រើន​ខុស​ពី​នៅ​ជប៉ុន​ក្នុង​ក្រុម​បរទេស​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ម៉ោង​នេះ សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ល្បីឈ្មោះ កីឡា​ករ ចាន់ វឌ្ឍនាកា នៅ​តែ​បន្ត​បិទ​បាំង​ទាំងស្រុង​ពី​ឈ្មោះ​ក្លិប និង​ប្រទេស​ដែល​លោក​ត្រូវ​ទៅ​លេង​នៅ​ដើមឆ្នាំ​២០១៨ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា​គឺជា​ប្រទេស​ក្នុង​តំបន់…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ម៉ោង​នេះ សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ល្បីឈ្មោះ កីឡា​ករ ចាន់ វឌ្ឍនាកា នៅ​តែ​បន្ត​បិទ​បាំង​ទាំងស្រុង​ពី​ឈ្មោះ​ក្លិប និង​ប្រទេស​ដែល​លោក​ត្រូវ​ទៅ​លេង​នៅ​ដើមឆ្នាំ​២០១៨ ដោយ​លោក​គ្រាន់តែ​បង្ហើប​ថា​គឺជា​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​មិន​ព្រម​ទម្លាយ​ឱ្យ​ដឹង​ពី​ឈ្មោះ​ប្រទេស​ណាមួយ​ពិតប្រាកដ ។ ទោះបី​យ៉ាងណា​លោក​ប្រកាស​ថា កិច្ចសន្យា​ដែល​លោក​ត្រៀម​ចុះហត្ថលេខា​ជា​​មួយ​ក្លិប​បរទេស​នោះ​នឹង​តម្រូវ​ឱ្យ​លោក​បាន​ចូល​លេង​ខុស​ពី​ពេល​ដែល​លោក​ទៅ​លេង​ជា​លក្ខណៈ​ខ្ចី​ជើង​នៅ​ក្នុង​ប្រទេស​ជប៉ុន ទើប​លោក​ជឿជាក់​យ៉ាង​ខ្លាំង​ថា ឱកាស​ទៅ​លេង​នៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ​ទី​២ នឹង​ជួយ​ឱ្យ​លោក​ទទួល​បាន​បទ​ពិសោធន៍ ក៏​ដូច​ជា​ភាព​លេចធ្លោ​ជាង​មុន​។

លោក ចាន់ វឌ្ឍនាកា និយាយ​ថា លោក​មិន​ទាន់​អាច​ទម្លាយ​ពី​ឈ្មោះ​ក្រុម និង​ឈ្មោះ​ប្រទេស​នៅ​ក្នុង​ពេល​នេះ​បាន​ទេ ដោយសារ​តែ​លក្ខខណ្ឌ​របស់​ក្លិប​ថ្មី​មិន​តម្រូវ​ឱ្យ​លោក​ទម្លាយ​។ លោក​ថា ការ​ប្រកាស​ពី​ការ​ចូល​ទៅ​លេង​ក្លិប​ថ្មី​គ្រោង​ធ្វើ​ឡើង​នៅ​ដំណាច់ឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៨ ដែល​តាម​គម្រោង​លោក​នឹង​ចុះ​កិច្ចសន្យា​លេង​រយៈពេល​១​ឆ្នាំ ហើយ​ចំពោះ​លក្ខខណ្ឌ​ក៏​ល្អ​ជាង​មុន​ផង​ដែរ ។ លោក​បាន​បន្ត​ថា នៅ​ក្នុង​ក្លិប​ថ្មី​នោះ គេ​បាន​ព្រមព្រៀង​ឱ្យ​លោក​ចូល​លេង​ក្នុង​អំឡុង​កិច្ចសន្យា​បន្ថែម​ពី​ការ​បង្វឹក​ដូច​គ្នា​នៅ​ក្នុង​ក្រុម​ចាស់ ដែល​លោក​បាន​លេង​នៅ​ជប៉ុន ។ លោក​ថា ផែនការ​ចុះ​កិច្ចសន្យា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ឯកភាព​១០០​ភាគរយ​ជាមួយ​គ្នា​រួច​ហើយ ដោយ​រង់​ចាំតែ​ដល់កំណត់​ប្រកាស​បើកចំហ​និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប៉ុណ្ណោះ ។ តាម​ការ​អះអាង​លោក​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា វត្តមាន​លោក​នៅ​ក្រុម​ថ្មី​នឹង​ធ្វើ​ឱ្យ​លោក​សប្បាយ ហើយ​អាច​ឱ្យ​លោក​កាន់តែ​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ជាង​មុន ។ ការ​លើក​ឡើង​របស់​លោក​ធ្វើ​ឱ្យ​ម្នាក់​ៗ​អន្ទះសារ ជា​ពិសេស​អ្នក​ដែល​ចង់​ដឹង​ថា​លោក​ទទួល​លេង​ឱ្យ​ក្លិប​ណា ក្រោយ​ពី​លោក​ទើបតែ​មក​ដល់​កម្ពុជា ហើយ​ប្រកា​សថាបាន​ព្រមព្រៀង​១០០​ភាគរយ​រួច​ហើយ នៅ​ក្នុង​ក្លិប​ថ្មី​បែប​នេះ ។ មានការ​ប៉ាន់​ស្មានថា លោក​ទទួល​លេង​ឱ្យ​ក្លិប​មួយ​របស់​ប្រទេស​​ម៉ា​ឡេ​ស៊ី ខ្លះ​ថា​របស់​ប្រទេស​សិង្ហ​បុរី និង​ខ្លះ​ទៀត​ថា ឥណ្ឌូ​ណេ​ស៊ី ស្របគ្នា​ដែល​ខ្លះ​ក៏​ប៉ាន់​ស្មានថា​លោក​ទំនង​បន្ត​លេង​ក្នុង​ប្រទេស​ជប៉ុន​ដដែល ដោយ​គ្រាន់តែ​ប្ដូរ​ក្លិប​។

ចាន់ វឌ្ឍនាកា បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្លិប​ថ្មី​ដែល​លោក​ទៅ​លេង គឺ​ស្ថិត​នៅ​ប្រទេស​ក្នុង​តំបន់ ហើយ​លោក​នឹង​ត្រូវ​បាន​លើក​ស្ទួយ​ខុស​ពី​ពេល​ដែល​លោក​នៅ​លេង​ឱ្យ​ជប៉ុន ។

យ៉ាងណាមិញ​លោក​នៅ​តែ​អះអាង​ថា ការ​សម្រេចចិត្ត​ទៅ​លេង​នៅ​ក្នុង​ក្រុម​ជប៉ុន​រយៈ​ពេល​១០​ខែ​កន្លង​មក គឺជា​ការ​សម្រេចចិត្ត​ត្រឹមត្រូវ បើ​ទោះជា​លោក​មិន​បាន​ដាក់​ឱ្យ​លេង​​ក្នុង​ក្រុម​តាម​ការ​ចង់បាន ក្នុង​អំឡុង​ដែល​លោក​នៅ​លេង​ឱ្យ​ក្រុម​ជប៉ុន​នោះ ។

លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ការ​ប្រកប​អាជីព​មួយ​រដូវ​កាល​ជាមួយ​ក្លិប Fujieda MYFC ក្នុង​លី​គ​ទី​៣​របស់​ប្រទេស​ជប៉ុន បើ​ទោះជា​លោក​មិន​បង្ហាញខ្លួន​លេង​លើ​​ទីលាន​ក៏​ដោយ តែ​លោក​យល់​ថា​ជា​រឿង​ដ៏​ល្អ​សម្រាប់​លោក ។ លោក​បាន​ពន្យល់​ថា ទោះជា​ក្នុង​រយៈពេល​១០​ខែ​នៅ​ជប៉ុន លោក​មិន​បាន​លេង ក៏​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ​នោះ​ដែរ ដោយសារ​តែ​ជប៉ុន​ជា​ប្រទេស​ដែល​វិស័យ​បាល់ទាត់​មានការ​រីក
ចម្រើន ។ លោក​លើក​ជា​ឧទាហរណ៍​ថា បើ​រៀន រៀន​ជាមួយ​អ្នក​ពូកែ នោះ​លោក​ក៏​នឹង​ពូកែ​តាម​ដែរ ។ គ្រាន់តែ​ថា មាន​កម្រិត​ពូកែ​ខ្លាំង ឬ​ពូកែ​តិច​ប៉ុណ្ណោះ ។ សម្រាប់​លោក​អត់​អន់ចិត្ត​នូវ​អ្វី​ដែល​លោក​មិន​ត្រូវ​គេ​ដាក់​ឱ្យ​លេង​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​លោក​កាន់តែ​សប្បាយចិត្ត​ដែល​បាន​ទៅ​លេង​នៅ​ជប៉ុន ដោយ​បាន​រៀនសូត្រ​ពី​គេ និង​អភិវឌ្ឍ​ខ្លួន​លោក​ឱ្យ​កាន់តែ​ប្រសើរ​។

លោក​បាន​បន្ត​អះអាង​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ថា ក្នុង​ពេល​ប្រកួត​ការ​ចុះ​ជួយ​តំបន់​ការ​ពារ​របស់​លោក​នៅ​ក្នុង​ក្រុម​ជប៉ុន ហាក់​ធ្វើ​ឲ្យ​កម្លាំង​របស់​លោក​មិន​គ្រប់គ្រាន់​ដូច​លេង​នៅ​ទឹកដី​កម្ពុជា ព្រោះតែ​របប​អាហារ និង​អាកាសធាតុ​។ វឌ្ឍនាកា​បាន​ប្រៀបធៀប​សមត្ថ​ភាព​របស់​ខ្លួន និង​សមត្ថភាព​របស់​ខ្សែប្រយុទ្ធ​ក្រុម Fujieda MYFC គឺ​ខុស​គ្នា​ត្រង់​ទម្លាប់​លេង ។ លោក​ថា​ធ្លាប់តែ​លេង​ក្នុង​របៀប​នៅ​កម្ពុជា ដល់​ពេល​ទៅ​លេង​នៅ​ជប៉ុន លោក​ត្រូវ​ផ្លាស់​ប្តូរ​តាម​ទម្លាប់​របៀប​លេង​របស់​ជប៉ុន ដូច្នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក​ខ្លាំង ។ ជា​ពិសេស​បញ្ហា​ភាសា​ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ពេល​លេង​លើ​ទីលាន ។

ចាន់ វឌ្ឍនាកា បាន​អះអាង​ថា លោក​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ក្រុម​ថ្មី​នៅ​ក្រៅប្រទេស​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ តែ​លោក​ក៏​នឹង​ជួយ​ក្រុម​បឹង​កេ​ត រហូត​ដល់​ដំណាច់ឆ្នាំ​ផង​ដែរ មុន​ពេល​លោក​ចាក​ចេញពី​កម្ពុជា ទៅ​លេង​ឱ្យ​ក្រុម​ថ្មី ដែល​លោក​បង្ហើប​ថា ជា​ក្រុម​ខ្លាំង​មួយ​ដែរ​នៅ​ក្នុង​តំបន់ ។ លោក​ថា ជុំវិញ​ព័ត៌មាន​បង្ហាញខ្លួន​នៅ​ក្នុង​ក្លិប​ថ្មី គឺ​លោក​ច្បាស់​លាស់​​១០០% ដោយ​អ្វី​ដែល​ច្បាស់​ទៅ​ទៀត​គឺ​លោក​នឹង​មានឱកាស​បាន​ចូល​ប្រកួត​ច្រើន​ជាង​ក្លិប​ចាស់ ហើយ​ងាយ​នឹង​ធ្វើ​ឱ្យ​លោក​លេចធ្លោ​ជាង​មុន​នោះ​ផង​។ អ៊ីចឹង​ហើយ​ទើប​អ្នកគាំទ្រ​លោក អន្ទះសារ​រង់ចាំ​ការ​ប្រកាស​របស់​លោក ក្រោយ​ពី​មានការ​បិទ​យ៉ាង​ជិត​មិន​ទាន់​ចង់​បង្ហើប​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ