ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​បង្គាប់​ឲ្យ​កម្មករ​កម្មការិនី​ចូល​ធ្វើការ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​១២​ថ្ងៃ​កន្លង​មក​ហើយ​ដែល​កម្មករ កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង “​ម៉េ​ង​ដា​ហ្វូ​តវៀរ​អ៊ិ​ន​ដាស​ស្ទ្រៀ​ល ខូ​អិ​ល​ធី​ឌី​” ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។…

រាជធានី​ភ្នំពេញ ៖ រយៈពេល​១២​ថ្ងៃ​កន្លង​មក​ហើយ​ដែល​កម្មករ កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង “​ម៉េ​ង​ដា​ហ្វូ​តវៀរ​អ៊ិ​ន​ដាស​ស្ទ្រៀ​ល ខូ​អិ​ល​ធី​ឌី​” ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បាន​ធ្វើ​កូដកម្ម​មិន​ព្រម​ចូល​ធ្វើការ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន និង​អះអាង​ថា រោងចក្រ​ដូ​ថៅកែ​ថ្មី​។ ដែល​ការ​តវ៉ា​នោះ​កាលពី​ថ្ងៃ​ផ្ទុះ​ដំបូង​កម្មករ​ទាំងនោះ បាន​ធ្វើការ​បិទផ្លូវ​វេ​ង​ស្រេង បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​ថែម​ទៀត​ផង​។​ហើយ​បើ​ទោះបីជា​ខាង​រោងចក្រ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា មិន​មានការ​ដូ​ថៅកែ​ថ្មី និង​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​ក៏​ដោយ ក៏​កម្មករ​ខាងលើ​នៅ​តែ​មិន​ជឿ និង​មិន​ព្រម​ចូល​ធ្វើការ​វិញ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លុះដល់​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ គណៈកម្មការ​ចម្រុះ​១​ក្រុម​រួម​មាន លោក យិ​ន គា នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគ​បាល​ខណ្ឌ លោក រស់ សា​រ៉ា​ឌី នាយ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​១ លោក ស៊ូ ខន តំណាង​សាលាសង្កាត់​ចោម​ចៅ​១​។ ក្រោម​ការ​ដឹកនាំ​ដោយ​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ និង​លោក ឡោ ស​ហឺ ជា​អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ​។ បាន​ចុះ​ទៅ​អនុវត្ត​នូវ​ដីកា​រក្សា​ការពារ លេខ​៥១១ “​ធ ដ រ​” ចុះ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៧​។

 

ដោយ​បាន​បង្គាប់​ឲ្យ​កម្មករ​កម្មការិនី​ទាំងអស់​បោះបង់​ចោល​កូដកម្ម និង​ចូល​ធ្វើ​ការងារ​តាម​តួនាទី និង​ទីកន្លែង​រៀង​ៗ​ខ្លួន​វិញ ក្នុង​រយៈពេល​៤៨​ម៉ោង ក្នុង​ករណី​មិន​ចូល​ធ្វើការ​តាម​ការ​កំណត់​សន្មត់​ថា​មាន​កំហុស​ធ្ងន់​។ ប្រភព​ដដែល​បាន​បន្ត​ថា គណៈកម្មការ​ចម្រុះ​ខាងលើ​បាន​អាន​ដីកា​សម្រេច​ការពារ​នៅ​ចំពោះ​មុខ​កម្មករ​កម្មការិនី​ជាង​៥០០​នាក់ ហើយ​ពួក​គេ​មិន​បាន​ធ្វើការ​ជំទាស់​តវ៉ា ឬ​បញ្ជូន​តំណាង​ឲ្យ​ធ្វើការ​តវ៉ា និង​ជំទាស់​ទៅ​នឹង​ដីកា​នោះ​ឡើយ​។

ប៉ុន្តែ​ពួក​គេ​បាន​ដាក់​លិខិតស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ប្រចាំឆ្នាំ​ដល់​កម្មករ​ទាំងអស់ ព្រោះ​ចាប់តាំងពី​រោងចក្រ​ដំណើរ​មក​ទល់​នឹង​ឆ្នាំ​២០១៧​នេះ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​មិន​ដែល​ផ្ដល់​ប្រាក់​ប្រចាំឆ្នាំ​ដល់​ពួក​គេ​ឡើយ​។ សូម​បញ្ជាក់​ផង​ដែរ​ថា កម្មករ​កម្មការិនី​ចំនួន​ជាង​៥០០​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង “​ម៉េ​ង​ដា​ហ្វូ​តវៀរ​អ៊ិ​ន​ដាស​ស្ទ្រៀ​ល​កូ​អិ​ល​ធី​ឌី​” នោះ​បាន​ផ្ទុះ បាតុកម្ម​ដំបូង និង​បាន​បិទផ្លូវ​វេ​ង​ស្រង កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ​មួយ​នោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ពួក​កម្មករ​ធ្វើការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ជា​ពិសេស​សុំ​ឲ្យ​ថៅកែ​ជនជាតិ​ចិន​ទូទាត់​ប្រាក់​បំណាច់ និង​ប្រាក់​អតីតភាព​ការងារ បន្ទាប់​ពី​បានដឹង​ថា​រោងចក្រ​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី ដែល​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​នោះ​១​ថ្ងៃ​តែ​ម្ដង​។

ដោយ​បិទ​ពេល​ព្រឹក​មាន​រយៈពេល​ជិត​២​ម៉ោង រហូត​ដល់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍ សែន​ជ័យ​រួម​ជាមួយ​លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ចុះ​ទៅ​ជួប​ធ្វើការ​សម្របសម្រួល​ទើប​កម្មករ​កម្មការិនី​ទាំងនោះ ព្រម​បើកផ្លូវ​ឡើង​វិញ​នៅ​រង់ចាំ​តំណាង​របស់​ពួក​គាត់​ដោះស្រាយ​ជាមួយ ថៅកែ​រោងចក្រ​សិន​។ លុះ​ក្រោយមក​ការ​ដោះស្រាយ​គ្នា​អត់​ត្រូវ​ពួក​កម្មករ​បាន​បន្ត​បិទផ្លូវ​នា​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល​នោះ​ទៀត ហើយ​រហូត​ដល់​វេលា​យប់​ទើប​បើក​ឡើង​វិញ ដោយឡែក​នៅ​ថ្ងៃ​បន្តបន្ទាប់​មក​ទៀត​មិន​បាន​បិទផ្លូវ​ទៀត​ទេ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ចូល​ធ្វើការ​ឡើយ ដែល​គិត​មក​ដល់​ថ្ងៃ​អនុវត្ត​ដីកា​នេះ​មាន​រយៈពេល​១២​ថ្ងៃ​កន្លង​មក​ហើយ​៕
https://youtu.be/apWIdGMcR1s

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ