ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កម្ទេច​ចោល​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​កាំកុងត្រូល​សាខា​កំពត​-​កែប នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នេះ បាន​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​នូវ​ទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ទឹក​ភេសជ្ជៈ​គ្រប់មុខ ជា​ដប​,…

ខេត្តកំពត ៖ មន្ត្រី​កាំកុងត្រូល​សាខា​កំពត​-​កែប នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នេះ បាន​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​នូវ​ទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ទឹក​ភេសជ្ជៈ​គ្រប់មុខ ជា​ដប​, កញ្ចប់​, កំប៉ុង​, ធុង​, សរុប​ចំនួន​១៨១​មុខ ស្នើ​នឹង​១,៧០០​គីឡូក្រាម ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ មិន​មាន​ថ្ងៃខែ​ផលិត និង​មិន​មាន​កាលកំណត់​ត្រឹមត្រូវ គ្មាន​ស្លាក​សញ្ញា និង​មិន​បំពេញ​តាម​លក្ខណៈ​តម្រូវ​នៃ​ច្បាប់ ។

ការ​ធ្វើ​ពិធី​ដុត​បំផ្លាញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​នា​ព្រឹក​នេះ បាន​ធ្វើ​នៅ​លើ​ទីតាំង​មួយ​កន្លែង​ត្រង់​ចំណុច​តារាង​យន្តហោះ ទល់មុខ​វិទ្យា​ល​យ័​ព្រះរាជ​សម្ភារ ស្ថិត​ក្នុងភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ ក្នុង​នោះ​ដែរ ក៏​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត សមត្ថកិច្ច​ដែល​ជា​ស្ថា​ប​ន័​ពាក់ព័ន្ធ​ដូច​ជា​នគរបាល​សេដ្ឋកិច្ច​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ទាំង​ពីរ និង​មន្ត្រី​សាខា​កាំកុងត្រូល នៃ​ខេត្ត​ទាំង​ពីរ ព្រមទាំង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត បាន​ចូលរួម​ក្នុង​ពិធី​ដុត​បំផ្លាញ​នេះ​ផង​ដែរ ។

តាម​ប្រសាសន៍​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា យោង​តាម​ចំណារ​ឯកភាព​លិខិត​ដុត​កម្ទេច​ចោល​លេខ ០២២/២០១៧ ត​ព​ទ​, ក​ពក ចុះ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ យោង​តាម​ការ​ឯកភាព​ដុត​កម្ទេច​ចោល​របស់​ក្នុង​អង្គប្រជុំ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក ម៉ក់ ពេ​ព្រ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​កាំកុងត្រូល បាន​ផ្តល់​អនុសាសន៍​ដល់​មន្ត្រី​កាំកុងត្រូល​ទាំងអស់​ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ពង្រឹង​ការងារ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ ទាំង​នៅ​តាម​មាត់ច្រក​ទ្វារ​ព្រំដែន និង​នៅ​លើ​ទីផ្សារ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខភាព​ប្រជាជន និង​ការពារ​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ ។ ក្នុង​នោះ បាន​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ (​ឧទាហរណ៍ បើ​ប្រជាជន​លោក​ទិញ​ទំនិញ ដែល​ខូចគុណភាព​យក​ទៅ​បរិភោគ បង្ក​ឲ្យ​ឈឺ​ស្កាត់ ដូច​ជា​ចុកពោះ​រាគ​រុះ ឬ​បណ្តាល​ឲ្យ​ចុកពោះ​ក្អួតចង្អោរ​ជាដើម​) ។

លោក​ប្រធាន​សាខា​កាំកុងត្រូល ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​ពីរ មន្ទីរ​ពាណិជ្ជកម្ម នៃ​ខេត្ត​ទាំង​ពីរ ដែល​ជា​និច្ចកាល​បាន​ចុះ​សហការ​ល្អ​ជាមួយ​មន្ត្រី​កាំកុងត្រូល នា​ពេល​កន្លង​មក និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​បាន​សហការ និង​សម្របសម្រួល​នូវ​រាល់​កិច្ចការ​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ជា​ចំណីអាហារ និង​គ្រឿង​ឧបភោគបរិភោគ​ដែល​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​នា​ពេល​កន្លង​មកនេះ​ផង​ដែរ និង​ចុង​ក្រោយ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាបន​ដូច​ជា​កងរាជអាវុធហត្ថ​ខេត្ត នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត ដែល​បាន​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល នា​ពេល​កន្លង​មក​សម្រេច​បាន​លទ្ធផល​ជោគជ័យ​ជា​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ