ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដង់​លក់​ផលិតផល​ក្នុង​ពិធីបុណ្យ​សមុទ្រ​កើន​លើស​ការ​រំពឹង​ទុក

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បើ​តាម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ បងប្អូន​អាជីវករ ពាណិជ្ជករ នៅ​តែ​មក​ទាក់ទង​ដើម្បី​សុំ​ដាក់​ស្ដង់​តាំង​លក់ និង​បង្ហាញ​​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។…

ខេត្ត​កែប ៖ បើ​តាម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ បងប្អូន​អាជីវករ ពាណិជ្ជករ នៅ​តែ​មក​ទាក់ទង​ដើម្បី​សុំ​ដាក់​ស្ដង់​តាំង​លក់ និង​បង្ហាញ​​ផលិតផល​របស់​ខ្លួន​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត កាលពី​ថ្ងៃ​ទី​៨ ធ្នូ បាន​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃនេះ ស្តង់​ដែល​បាន​រៀបចំ​ជា​ស្រេច​មាន​ចំនួន​៤៨០ ដែល​កន្លង​មក រំពឹង​ថា មាន​ត្រឹមតែ​៤០០​ស្តង់​ប៉ុណ្ណោះ ហើយ​ក៏​នៅ​តែ​មាន​បងប្អូន​មក​ទាក់ទង​ជា​ហូរហែ ។ នេះ​ក៏​ដោយ​សារ​តែ​ពិធីបុណ្យ​សមុទ្រ ជុំ​ទី​២​ឆ្នាំ​នេះ នឹង​កាន់តែ​សប្បាយ​រីករាយ ដោយសារ​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​អាជ្ញាធរ​បាន​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួច​ជា​ស្រេច ដើម្បី​ត្រៀម​ស្វាគមន៍​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​តាម​ការ​រំពឹង​ទុក​ប្រមាណ​ជាង​១​លាន​នាក់​។ ជាមួយ​គ្នា​នេះ ក៏​មានការ​រៀបចំ​ល្បែង​កម្សាន្ដ​យ៉ាង​សម្បូរ​បែប ព្រមទាំង​កីឡា​ជា​ច្រើន​ប្រភេទ​ដើម្បី​ទស្សនា​កម្សាន្ដ​ផង​ដែរ ។ ដោយ​មើល​ឃើញ​ពី​ការ​រៀបចំ​បែប​នេះ​ហើយ ទើប​បងប្អូន​អាជីវករ ពាណិជ្ជករ នៅ​តែ​សម្រុក​មក​ទាក់ទង​សុំ​កន្លែង​ដាក់​ស្ដង់​ដើម្បី​លក់ ក៏​ដូច​ជា​មានឱកាស​បង្ហាញ​ផលិតផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ ។

លោក ប៉ុក ទាំង អនុប្រធាន​ទេសចរណ៍ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ពេល​នេះ ស្តង់​មាន​រហូត​ជិត​ដល់​៥០០​ស្ដង់​ឯណោះ ហើយ​ក៏​នៅ​មាន​បងប្អូន​អាជីវករ​ជា​ច្រើន​នាក់​មក​ទាក់ទង​ទៀត​ដែរ ប៉ុន្តែ​យើង​មិន​អាច​ទទួល​បាន​ទៀត​ទេ ។ លោក​ថា ៖ « រហូត​មក​ដល់​ថ្ងៃនេះ ក៏​នៅ​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​ជា​ច្រើន​នាក់​បាន​ទាក់ទង​សម្រាប់​ជួល​ស្តង់ ប៉ុន្តែ​ខាង​យើង​មិ​ន​អាច​ទទួល​បាន​ទៀត​ទេ សុំ​អធ្យាស្រ័យ​ផង ព្រោះ​នេះ​ជា​ចំនួន​ដែល​ខាង​ពិព័រណ៍​​ពាណិជ្ជកម្ម​កំណត់​ឈប់​ទទួល មិនមែន​យើង​ខ្វះ​កន្លែង​ទេ » ។

លោក​បាន​បញ្ជាក់​ថា សម្រាប់​ស្តង់​ពិព័រណ៍​ពាណិជ្ជកម្ម គឺ​កំណត់​យក​ត្រឹមតែ​២០០​ស្តង់​ទេ និង​សល់​ប៉ុន្មាន គឺ​សម្រាប់​ស្ដង់​តាំង​ផលិតផល​ក្នុងស្រុក ។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នៃ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ដែល​ខិត​ជិត​មក​ដល់​នេះ សម្តេច​​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​វិស័យ​ឯកជន ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ធ្វើ​ឲ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ​ប្រកបដោយ​ភាព​ជោគជ័យ ។ លើស​ពី​នេះ​ទៀត សម្ដេច​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​សហការ​ថែរក្សា សោភ័ណ​ភាព អនាម័យ បរិស្ថាន ដែល​​ជា​កត្តា​ចម្បង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ថែរក្សា​តំបន់ឆ្នេរ​សមុទ្រ​ឲ្យ​ស្រស់​ស្អាត​យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ ។

សូម​រំឭក​ថា ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៥ នៅ​ខេត្ត​ព្រះ​សីហ​នុ រយៈពេល​៣​ថ្ងៃ កាលពី​ឆ្នាំ​២០១៦ មាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ចូលរួម​ទស្សនា​ជាង​៥០​ម៉ឺន​នាក់ និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ហើយ​នៅ​ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២២-២៣-២៤ ខែធ្នូ ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ នៅ​ខេត្ត​កែប ។ ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នា​ថ្ងៃ​ទី​២៣ ធ្នូ នៅ​មុខ​សាលាខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​» និរន្តរភាព​ទេសចរណ៍ ដើម្បី​អភិវឌ្ឍន៍ ក្រោម​ការ​សម្រេច​ពី​រាជ រដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ