ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​15​លាន​នាក់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍ ត្រូវ​បាន​ចាត់ទុកជា​ឧស្សាហកម្ម​គ្មាន​ផ្សែង បាន​ដើរតួ​នាទី​ស្រូប​យក​អ្នកទេសចរ​ឱ្យទៅ​ទស្សនា​តាម​បណ្តា​ប្រទេស​នានា ។ ដូច្នេះ គួរតែ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ឱ្យ​អ្នកទេសចរ​បានដឹង​ពី​ភាព​ទាក់ទាញ​របស់​កន្លែង​កម្សាន្ត​នានា ។ លោក…

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍ ត្រូវ​បាន​ចាត់ទុកជា​ឧស្សាហកម្ម​គ្មាន​ផ្សែង បាន​ដើរតួ​នាទី​ស្រូប​យក​អ្នកទេសចរ​ឱ្យទៅ​ទស្សនា​តាម​បណ្តា​ប្រទេស​នានា ។ ដូច្នេះ គួរតែ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ឱ្យ​អ្នកទេសចរ​បានដឹង​ពី​ភាព​ទាក់ទាញ​របស់​កន្លែង​កម្សាន្ត​នានា ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា នៅ​អំឡុង​ឆ្នាំ​២០៣០​ខាង​មុខ​នេះ អ្នកដំណើរ​ជា​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ១.៨០០​លាន​នាក់​ត្រូវ​គេ​ប៉ាន់​ស្មានថា នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​នានា​ទូ​ទាំង​ពិភពលោក ។ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​មក​កម្ពុជា ប្រមាណ​ជាង​១៥​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០៣០​។ លោក​រដ្ឋមន្ត្រី​ថា ៖« ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ យើង​ត្រូវ​ចូលរួម​ធ្វើ​យ៉ាងណា ឲ្យ​ពិភពលោក​ក្លាយជា​កន្លែង​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ភ្ញៀវ​ទេសចរ » ។

លោក ថោ​ង ខុន បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៤ នៃ​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់ សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ធ្នូ ។

លោក ថោ​ង ខុន បន្ត​ថា បច្ចុប្បន្ន ទេសចរណ៍ គឺជា​ឧស្សាហកម្ម​នាំ​ចេញ​ធំ​ជាងគេ​បំផុត​ទី​៣​ក្នុង​ពិភពលោក បន្ទាប់​ពី​ឧស្សាហកម្ម​គីមី និង​ប្រេង ។ ទេសចរណ៍​កំពុង​នាំ​មក​នូវ​ក្តី​សង្ឃឹម ភាព​សម្បូរ​សប្បាយ និង​ការ​យោគយល់​រវាង​មនុស្ស និង​មនុស្ស​នៅ​លើ​ពិភព​លោក ។

យោង​តាម​អង្គការ​ទេសចរណ៍​ពិភពលោក​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​មក មាន​អ្នកដំណើរ​ប្រមាណ​១.២៣៥​លាន​នាក់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​ទូ​ទាំង​ពិភពលោក ហើយ​ចំនួន​នេះ នឹង​កើនឡើង​រហូត​ដល់​ជាង​១.៨០០​លាន​នាក់​នៅ​មុន​ឆ្នាំ​២០៣០ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ដើម្បី​សម្រេច​បាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ជាង​១.៨០០​លាន​នាក់​នេះ យើង​ត្រូវ​ផ្តោត​លើ​យន្តការ​ចូលរួម​ធ្វើ​ឲ្យ​ពិភពលោក ក្លាយជា​កន្លែង​កាន់តែ​ប្រសើរ​ឡើង និង​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​លើ​គ្រប់​សសរ​គ្រឹះ រួម​មាន ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​, ការ​នាំ​មក​នូវ​ការងារ​សមរម្យ និង​ការ​ផ្តល់​អំណាច​ដល់​សហគមន៍​, ការ​អភិរក្ស និង​ជួយ​ទ្រទ្រង់​ដល់​បរិស្ថាន និង​ការ​ទប់ស្កាត់​នូវ​បម្រែ​បម្រួល​អាកាសធាតុ ។ ការ​អភិរក្ស​ភាព​ចម្រុះ​អត្តសញ្ញាណ និង​វប្បធម៌​រូបិយ​និង​អ​រូបិយ និង​ការ​ថែរក្សា​សន្តិភាព ដែល​ជា​តម្រូវការ​ចាំបាច់​ជា​មុន​មួយ​សម្រាប់​ការ​អភិវឌ្ឍ និង​រីក​ចម្រើន ។

លោក ថោ​ង ខុន បាន​ថ្លែង​បញ្ជាក់​ថា សម្រាប់​កម្ពុជា​វិញ ដើម្បី​ជំរុញ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​នេះ​កាន់តែ​ច្រើន​នោះ បញ្ហា​សំខាន់ ត្រូវ​កាត់​បន្ថយ​របាំង​នៃ​ការ​ធ្វើ​ដំណើរ​មិន​ចាំបាច់ និយាយ​រួម របាំង​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​របស់​ភ្ញៀវ​ទេសចរ ។

បច្ចុប្បន្ន កម្ពុជា​មាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​២៤ និង​ថ្មី​ៗ​នេះ​ដែរ រដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ឯកភាព​គ្រោង​នឹង​បង្កើត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​៤ បន្ថែម​ទៀត​ជាមួយ​ក្តី​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង នឹង​កើន​ឡើងជា​បន្តបន្ទាប់ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​ចាត់​ទុក​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៤ នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស​នេះ ពិតជា​នាំ​មក​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ដ៏​ទូលំទូលាយ ព្រមទាំង​ពង្រីក​វិសាលភាព​ការងារ​ឲ្យ​កាន់តែ​ខ្លាំងក្លា ប្រកបដោយ​គុណភាព​ក្នុង​ការ​ទប់ស្កាត់​ភាព​អវិជ្ជមាន​នៅ​តាម​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស ។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ​បន្ត​រួបរួម​គ្នា​ធ្វើ​គ្រប់​សកម្មភាព​ផ្នែក​ច្បាប់​និង​ក្រមសីលធម៌ និង​ខិតខំ​រិះរក​វិធានការ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​នូវ​រាល់​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ​ណា ដែល​ជះ​ឥ​ទិ្ធ​ពល​មក​លើ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា ។

ទោះជា​យ៉ាងណា ក្រុមការងារ​វិស័យ​ឯកជន ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ភាព​តានតឹង​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក ធួន ស៊ី​ណា​ន បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ភាព​តានតឹង​នៃ​នយោបាយ​នា​ពេល​ថ្មី​ៗ​នេះ បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ដល់​លំហូរ​​ភ្ញៀវ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ពិសេស​ភ្ញៀវ​មក​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ពួក​គេ​បាន​លុប​កញ្ចប់​ទស្សនកិច្ច​មក​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ​យ៉ាងច្រើន ។

លោក​បន្ត​ថា ប៉ុន្តែ​បើ​គិត​ពី​ដើមឆ្នាំ រហូត​មក​ដល់​ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើងជា​ធម្មតា ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ លំហូរ​ទេសចរ​កំពុង​រង​ផល​ប៉ះពាល់​។ លោក​ថា ៖« និយាយ​ដោយ​ស្មោះត្រង់ គឺជា​ការ​ពិត ដែល​កញ្ចប់​ទស្សនកិច្ច​ជា​ច្រើន​បាន​លុប​ចោល ដោយសារ​ភាព​តានតឹង​នយោបាយ ហើយ​បើ​និយាយ​ថា​មិន​ប៉ះពាល់ វា​ដូច​ជា​ការ​កុហក​ខ្លួនឯង​អីចឹង » ។

អតីត​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុ​ជាមួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា លំហូរ​ភ្ញៀវ​ទេសចរ​កំពុង​រង​ផល​ប៉ះពាល់​ពិតប្រាកដ ដោយសារ​មានការ​លុប​កញ្ចប់​ទស្សនកិច្ច​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន សហគមន៍​អឺរ៉ុប និង​អា​មេ​រិ​ក ។

លោក ឡៅ ហេង អគ្គនាយក​សណ្ឋាគារ​អូ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រតិបត្តិ​ករ​ទេស​ចរណ៍ ថ្លែង​ថា លំហូរ​ភ្ញៀវ​ទេសចរ​មក​ពី​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី គឺជា​ភ្ញៀវ​មិន​ចាយប្រាក់​ច្រើន​ទេ ហើយ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ទាំងនេះ​នៅ​រក្សា​បាន​កំណើន ប៉ុន្តែ​ភ្ញៀវ​មក​ពី​អឺរ៉ុប​និង​អា​មេ​រិ​ក ដែល​ជា​ភ្ញៀវ​ចំណាយ​ប្រាក់​ច្រើន បាន​កាត់​បន្ថយ​​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា​ដោយ​មិនដឹង​មូលហេតុ ។ លោក​បង្ហើប​ថា ភាព​តានតឹង​នៃ​នយោបាយ​នា​ពេល​ថ្មី​ៗ ពិតជា​ផ្នែក​មួយ​នៃ​បញ្ហា​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ