ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​និង UNIDO ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ខណៈ​កម្ពុជា​មិន​ទាន់​មាន​បទដ្ឋាន​ច្បាប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយ​គោលដៅ​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា វិទ្យាស្ថាន​សេដ្ឋកិច្ច​ប្រទេស​ចិន សហការ​ជាមួយ​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បាន​រួម​គ្នា​អភិវឌ្ឍន៍​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ខណៈ​អ្នកជំនាញ​យល់​ថា វិស័យ​នេះ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បាន​ល្អ​ប្រសើរ​នៅឡើយ…

រាជធានី​ភ្នំពេញ ៖ ជាមួយ​គោលដៅ​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា វិទ្យាស្ថាន​សេដ្ឋកិច្ច​ប្រទេស​ចិន សហការ​ជាមួយ​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បាន​រួម​គ្នា​អភិវឌ្ឍន៍​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ខណៈ​អ្នកជំនាញ​យល់​ថា វិស័យ​នេះ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បាន​ល្អ​ប្រសើរ​នៅឡើយ ។

នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​ប្រទេស​ចិន លោកស្រី SHEN Kaiyan បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម​ថា គោលដៅ​នៃ​ជំនួប​ពិភាក្សា គឺ​ចង់​សិក្សា​ឈ្វេងយល់​ពី​ទំនាក់ទំនង​រវាង​ប្រទេស​​ទាំង​ពីរ​លើ​វិស័យសេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា ជា​ពិសេស កិច្ចសហការ​ជាមួយ​អង្គការ UNIDO ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា (E-Commerce Development for SMEs) ដោយ​ឈរ​លើ​គោលនយោបាយ​ខ្សែក្រវាត់​១ ផ្លូវ​១ របស់​រដ្ឋ​ចិន ។

លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​ទីក្រុង​វី​យេ​ន ប្រទេស​អូ​ទ្រី​ស ដោយ​បាន​ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផ្ទាល់ និង​លោក លី យ៉ុ​ង អគ្គនាយក​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​សម្រាប់​អនុវត្ត​កម្មវិធី​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស (PCP) ជាមួយ​កម្ពុជា ។ លោក​បន្ត​ថា ប្រទេស​ចិន​នឹង​ចូលរួម​ចំណែក​ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍ ឬ​ជា​ម្ចាស់​ជំនួយ​ក្នុង​កម្មវិធី PCP ឆ្នាំ​២០១៨-២០២៣ សម្រាប់​ការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា ។

លោក ចម ប្រសិទ្ធ បាន​ថ្លែង​ថា ៖« ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​មាន​សារ​សំខាន់​ណាស់​សម្រាប់​ការ​ធ្វើ​ជំនួញ​តាម​ប្រព័ន្ធ Online ដែល​កំពុង​មានកា​រវិ​វ​ឌ្ឍ​ខ្លាំង​នៅ​លើ​សកលលោក ប៉ុន្តែ​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E-Commerce) នៅ​កម្ពុជា មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ទេ » ។

លោក​បន្ត​ថា ៖« វិស័យ SME នៅ​កម្ពុជា​ក៏​នៅ​មានការ​លំបាក​ខ្លះ​ដែរ ដូច​ជា ទាក់ទង​នឹង​ការ​ចុះបញ្ជី ការ​កំណត់​និយម​ន័យ និង​ការ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​ជាដើម ដែល​សង្ឃឹមថា ភាគី​ចិន​នឹង​ជួយ​បាន​ច្រើន​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​មាន​ប្រសាសន៍​ថា នៅ​មានរឿង និង​ការងារ​ជា​ច្រើន​ទៀត​ដើម្បី​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដំណើរការ​ដោយ​រលូន បើ​ទោះ​ជា​បច្ចុប្បន្ន នៅ​កម្ពុជា​មាន​ធនាគារ និង​ក្រុមហ៊ុន​មួយ​ចំនួន​បាន​អនុវត្ត​ការងារ​នេះ​ក្តី ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ប្រព័ន្ធ​ទាំងនេះ​បញ្ចូល​គ្នា​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ប្រព័ន្ធ​នៃ​ការ​ជឿ​ទុកចិត្ត​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​នេះ ក៏​នៅ​មាន​កម្រិត​ផង​ដែរ ។

លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា វា​ជា​រឿង​ថ្មី និង​ទើប​ចាប់ផ្តើម​នៅ​កម្ពុជា ហើយ​ការ​ចាប់ផ្តើម​ពាណិជ្ជកម្ម​បែប​នេះ​មិន​ទាន់​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ទេ ខណៈ​ប្រព័ន្ធ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​នានា​មិន​ទាន់​រួចរាល់ » ។

លោក​បន្ថែម​ថា ៖« ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក៏​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ ទាក់ទង​នឹង​ការ​លួច​ចូល​យក​ទិន្នន័យ​អ្វីមួយ​។ ហេតុនេះ ក្រុមហ៊ុន​ដែល​ធ្វើ​ពាណិជ្ជ​កម្ម​បែប​នេះ ត្រូវ​វិនិយោគ​លើ​ប្រព័ន្ធ​សុវត្ថិភាព និង​ធនធានមនុស្ស​ចាំបាច់​ណាស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ