ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​11​ខែ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន​ប្រមាណ​1.827,63​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​សម្រាប់​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​នេះ គឺ​ស្មើ​ប្រមាណ​១.៨២៧,៦៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើ​១០៦,៥២% ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​សម្រាប់​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​នេះ គឺ​ស្មើ​ប្រមាណ​១.៨២៧,៦៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​ស្មើ​១០៦,៥២% ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​១១​ខែ ឆ្នាំ​២០១៧ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​មាន​ចំនួន​៧.៣១០,៥១​ពាន់​លាន​រៀល (​ប្រមាណ​១.៨២៧,៦៣​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​១០៦,៥២% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧ ។

ប្រសិនបើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦ ឃើញ​ថា ការ​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​នេះ កើនឡើង​ចំនួន​១.៦៧៦,១៥​ ពាន់​លាន​រៀល (​ប្រមាណ​៤១៩,០៤​លាន​ដុល្លារ​) ស្មើនឹង​២៩,៧៥%​។

ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មានការ​កើនឡើង​នូវ​ប្រាក់​ពន្ធ​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ ជា​ពិសេស ប្រភេទ​ពន្ធ​-​អាករ​សំខាន់​ៗ​ដូច​ជា ពន្ធ​លើ​ប្រាក់​ចំណូល កើនឡើង​៣១,១%, អាករ​លើ​តម្លៃបន្ថែម កើនឡើង​២៩,៨% ខណៈ​អាករ​ពិសេស កើនឡើង​១៥,០% និង​ពន្ធលើប្រាក់បៀវត្ស កើនឡើង​៨,៦% ។

ដោយឡែក នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូល​បាន​មាន​ចំនួន​៥៧៤,៨៦​លាន​រៀល (​ប្រមាណ​ជា ១៤៣,៧២​លាន​ដុល្លារ​អា​មេ​រិ​ក​) ។
ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​អង្គប្រជុំ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយកដ្ឋាន​ថ្នាក់​កណ្តាល និង​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ក្នុង​ន័យ​បង្កើន​ផលិតភាព ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ នា​ពេល​កន្លង​មក ។

ជាមួយ​គ្នា​នេះ លោក គង់ វិបុល បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​អង្គភាព​ទាំងអស់ ដែល​​ស្ថិត​ក្រោម​ឱវាទ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​សមាជិក​អង្គប្រជុំ ដូច​ខាង​ក្រោម៖

-​បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ និង​កាន់តែ​ជ្រួតជ្រាប​ថែម​ទៀត ក្នុង​ចំណោម​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ ពាក់ព័ន្ធ​នឹង​វិធាន និង​នីតិវិធី​នៃ​ការ​បង់ពន្ធ​តាម​ប្រភេទ​ពន្ធ​នីមួយ​ៗ ។

-​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ការ​ស្នើ​សុំ​បង្វិល​សង​អាករ​លើ​តម្លៃ​បន្ថែម និង​ការ​ដាក់​លិខិត​ប្រកាស ។

-​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ទារបំណុល​ពន្ធ ជា​ពិសេស បំណុល​ពន្ធ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ។

-​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ជា​ពិសេស ពន្ធ​សម្រាប់​ជា​ប្រយោជន៍​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ធ្វើ​យ៉ាងណា ធានា​បាន​នូវ​ប្រសិទ្ធភាព តម្លាភាព និង​គណ​នេយ្យ​ភាព​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ទាំងនេះ ។

-​ពង្រឹង​ការ​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​បាន​កាន់តែ​ប្រសើរ តាម​រយៈ​ការ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី និង​បំពាក់​សម្ភារ​បរិក្ខារ​បច្ចេកវិទ្យា ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទៅ​តាម​ការ​ចាំបាច់ ។

-​បន្ត​ធ្វើ​បច្ចុប្បន្នភាព​អចលនទ្រព្យ​សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស សំដៅ​ធ្វើ​យ៉ាងណា ឱ្យ​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។

-​ជំរុញ​ការងារ​ចុះបញ្ជី​ពន្ធដារ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ថែម​ទៀត តាម​រយៈ​ការ​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សម្របសម្រួល ការ​ផ្តល់​សេវា​ចុះបញ្ជី​ពន្ធដារ​ជូន​អ្នក​ជាប់ពន្ធ ។

-​បន្ត​យកចិត្តទុកដាក់​អប់រំ​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​រក្សា​បាន​នូវ​អាកប្បកិរិយា​រួសរាយ​រាក់ទាក់ និង​ប្រើ​ពាក្យ​សម្តី​ទន់ភ្លន់​ទៅ​កាន់​អ្នក​ជាប់ពន្ធ ចៀសវាង​មានការ​ថ្នាំងថ្នាក់ និង​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​អ្នក​ជាប់ពន្ធ​ដោយ​ប្រការ​ណាមួយ ។

-​រៀបចំ​សិក្ខាសាលា​ជូន​មន្ត្រី​ពន្ធដារ និង​អ្នក​ជាប់ពន្ធ​គ្រប់​មជ្ឈដ្ឋាន​អំពី​ដំណើរការ និង​នីតិវិធី​នៃ​ការ​ដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​ពន្ធ​តាម​អន​ឡាញ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

-​ខិតខំ​បន្ត​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​នានា ដើម្បី​ជំរុញ​ការងារ​រៀបចំ​កិច្ចព្រមព្រៀង ចៀសវាង​ការ​យកពន្ធ​ត្រួត ឱ្យ​ទទួល​បាន​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់។

-​បន្ត​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ពន្ធដារ ដើម្បី​ឆ្លើយ​តប និង​សម្រួល​ដល់​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​ភាព​ងាយស្រួល​ច្បាស់លាស់​សម្រាប់​ការ​អនុវត្ត ។

នៅ​ពេល​បញ្ចប់​កិច្ចប្រជុំ លោក គង់ វិបុល បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​រហូត​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​ផ្តល់​ការ​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​ម៉ឺងម៉ាត់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ធ្វើ​យ៉ាងណា ឱ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង​ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ