រាជធានីភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ការផ្ទុះឡចំហាយនៅតាមបណ្តារោងចក្រមួយចំនួននាពេលកន្លងមកនេះ គឺជា «កំហុសបច្ចេកទេស» របស់អ្នកជំនាញ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ក្រោយវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះ និងសុវត្ថិភាពប្រព័ន្ធឡចំហាយនៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតគ្មានអ្នកណាចង់ឲ្យមានបញ្ហានោះទេ ។ វាបណ្តាលមកពីបញ្ហាបច្ចេកទេស សំខាន់គឺការផ្ទុះឡចំហាយភាគច្រើនបណ្តាលមកពីបច្ចេកទេស និងខ្វះការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពរបស់វា»។ លោករដ្ឋមន្ត្រីបន្តថា ឡចំហាយនៅតាមបណ្តារោងចក្រទាំងអស់ត្រូវតែមានប្រព័ន្ធបច្ចេកទេសមួយសម្រាប់ធានាសុវត្ថិភាព ដូចជាឡចំហាយមួយត្រូវមានការកំណត់ជាកំលាំងប៉ុន្មានត្រូវបញ្ចេញចំហាយ។
យ៉ាងណាក្តីការប្រើប្រាស់ឡចំហាយត្រូវលោករដ្ឋមន្ត្រីក្រសួងការងារបានឲ្យដឹងថា បានក្លាយជាបញ្ហាប្រឈមមួយផងដែរ ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ។ លោកថា បច្ចុប្បន្ននេះ វិស័យឧស្សាហកម្មកំពុងមានភាពរីកចម្រើន ហើយនៅក្នុងសហគ្រាសជាច្រើនកំពុងប្រើប្រាស់ឡចំហាយ ពិសេសនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដើម្បីយកកំដៅប្រើប្រាស់ក្នុងប្រព័ន្ធផលិតកម្មរបស់ខ្លួន។
លោក អ៊ិតសំហេង បញ្ជាក់ថា៖ «ឡចំហាយ គឺជារឿងមួយចាំបាច់ណាស់ ហើយកន្លងមក ឃើញមានករណីផ្ទុះឡចំហាយកើតឡើង។ ដូច្នេះបានយើងបើកវគ្គបណ្តុះបណ្តាលថ្ងៃនេះ ដើម្បីការប្រើប្រាស់ឡចំហាយដោយសុវត្ថិភាព និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុកើតមានឡើង»។
លោករដ្ឋមន្ត្រីក៏បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីដៃគូនានារបស់ក្រសួងការងារ ជាពិសេសនោះកន្លងមក ប្រទេសសិង្ហបុរី ក្នុងក្របខណ្ឌអាស៊ានបានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងការងារ និងមន្ត្រីពាក់ព័ន្ធ រួមទាំងមន្ត្រីអង្គការវិជ្ជាជីវៈថែមទៀត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានឡើង។
សូមបញ្ជាក់ថា កន្លងមក មានការផ្ទុះឡចំហាយនៅរោងចក្រជាបន្តបន្ទាប់ ដែលមានករណីខ្លះបានឆក់យកជីវិតកម្មការិនិរោងចក្រផងដែរ៕
ចែករំលែកព័តមាននេះ