រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់បានជួបរឿងស៊យម្ដងហើយម្ដងទៀត ដោយនៅខែមុនបាត់ទូទស្សន៍ LCD លុះដល់ពាក់កណ្ដាលខែនេះ វិះបាត់ម៉ូតូទៀត ប៉ុន្តែដឹងទាន់ស្រែកថា «ចោរៗ» បង្កការភ្ញាក់ផ្អើល ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ធ្នូ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យនោះឈ្មោះ នូ សុវណ្ណរ៉ា អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិតាក្ដុល សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយផ្សារសុវណ្ណា ក្នុងភូម៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ដោយឡែកម្ចាស់ម៉ូតូឈ្មោះ ង៉ែត សារឿន អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិអូរស្ងើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅក្នុងភូមិ-កើតហេតុខាងលើ ហើយម៉ូតូដែលត្រូវចោរកាច់សោ.កនោះ ម៉ាកហ្ស៊ុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DO-7270។
បើតាមប្រភពពីបុរសម្ចាស់ម៉ូតូនិយាយាថា ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់ជួល ដោយចាក់សោ.កយ៉ាងត្រឹមត្រូវ បន្ទាប់មកក៏ទៅអង្គុយហូបបាយជុំគ្នាជាមួយប្រពន្ធ និងឪពុក ព្រមទាំងបងប្អូននៅមុខរោងចក្រចម្ងាយប្រមាណ៣០ម៉ែត្រពីបន្ទប់ជួលនោះ ស្រាប់តែជនសង្ស័យដើរចូលទៅ កាច់សោ.កម៉ូតូ ប៉ុន្តែត្រូវឪពុកប្រទះឃើញក៏សួរទៅខ្លួនថា «នរណាពាក់អាវក្រហមដើរចូលទៅមុខបន្ទប់អម្បាញ់ម៉ិញ?» ។ ពេលឮឪពុកសួរបែបនេះ ខ្លួនក៏រត់ទៅមើលឃើញជនសង្ស័យកំពុងកាច់សោ.កម៉ូតូ ទើបស្រែកឆោឡោថា «ចោរៗ» ហើយជនសង្ស័យបានរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋជួយដេញតាមរហូតចាប់បាន។
រីឯនគរបាលឲ្យដឹងថា ក្រោយពេលចាប់ខ្លួនបាន ប្រជាពលរដ្ឋបានព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យជននោះរងរបួសប៉ោងមុខ បែកមាត់ ទើបប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ហើយក្រុមចោរនេះមានគ្នា២នាក់ ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦មួយគ្រឿង ប៉ុន្តែបក្សពួកម្នាក់ទៀតបានគេចខ្លួនបាត់។ ដោយឡែកម្ចាស់ម៉ូតូបានជួបរឿងស៊យ២ដងផ្ទួនៗគ្នាផងដែរ ដោយកាលពីអំឡុងខែវិច្ឆិកា ត្រូវចោរបន្លំចូលលួចយកទូរទស្សន៍ LCD ទើបទិញថ្មីម្ដងរួចមកហើយតម្លៃប្រមាណ៦០០ដុល្លារ លុះពេលនេះស្រាប់តែចោរលួចម៉ូតូទៀត តែដឹងទាន់ ៕
ចែករំលែកព័តមាននេះ