រាជធានីភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោកគួយ ប៊ុនសន បានថ្លែងឱ្យដឹងថា ទណ្ឌិតជនជាតិសៀមឈ្មោះវីរ៉ា ស៊ុមខ្វាមឃីត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសនោះ បានធូរស្បើយពីជំងឺផ្តាសាយវិញហើយ ។
ថ្លែងតាមទូរស័ព្ទប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃពុធ ទី៩ មីនា នេះ លោកគួយ ប៊ុនសន បានបញ្ជាក់បន្ថែមថា លោកវីរ៉ា ស៊ុមខ្វាមឃីត ពុំមានជំងឺធ្ងន់ធ្ងរអ្វីនោះទេ គឺផ្តាសាយបន្តិចបន្តួចតែប៉ុណ្ណោះ មិនដូចជាការលើកឡើងរបស់ប្អូនប្រុសរបស់ទណ្ឌិតរូបនេះ ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅក្រុងបាងកកនាពេលកន្លងមកនោះទេ ។ លោកអគ្គនាយកពន្ធនាគារគួយ ប៊ុនសន បានបញ្ជាក់ថា នៅពេលនេះ ទណ្ឌិតវីរ៉ា ស៊ុមខ្វាមឃីត បានជាពីជំងឺផ្តាសាយហើយ បន្ទាប់ពី មានការព្យាបាលពីគ្រូពេទ្យជំនាញប្រចាំពន្ធនាគារព្រៃស ដែលជាពន្ធនាគារដ៏ធំក្នុងប្រទេសកម្ពុជានោះ ។ ទាក់ទងទៅនឹងថា មានសំណើរបស់ស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ស្នើសុំអនុញ្ញាតឱ្យវេជ្ជ បណ្ឌិតមួយរូបទៅព្យាបាលលោកវីរ៉ា ស៊ុមខ្វាមឃីត ក្នុងពន្ធនាគារនោះ លោកគួយ ប៊ុនសន បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា រហូតមកទល់នឹងវេលាព្រឹកថ្ងៃពុធនេះ លោកមិនទាន់បានទទួលសំណើនេះនៅឡើយទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុនប្អូនប្រុសរបស់លោកវីរ៉ា ស៊ុមខ្វាមឃីត ឈ្មោះលោកព្រីចារ បាននិយាយក្រោយពេលដែលអះអាងថា បានមកសួរសុខទុក្ខបងប្រុសរបស់ខ្លួននៅពន្ធនាគារព្រៃសក្នុងប្រទេសកម្ពុជានោះថា លោកវីរ៉ា ស៊ុមខ្វាមឃីត មានជំងឺជាទម្ងន់ដោយស្នើឱ្យរាជរដ្ឋាភិបាលថៃជួយអន្តរាគមន៍ឱ្យមានវេជ្ជបណ្ឌិតទៅព្យាបាលក្នុងពន្ធនាគារនោះផង។ ឆ្លើយតបអំពីបញ្ហានេះលោកគួយ ប៊ុនសន អគ្គនាយកពន្ធនាគារធ្លាប់បានប្រាប់កោះ សន្តិភាពកាលពីថ្ងៃចន្ទ ថា មិនចាំបាច់ឱ្យមានវេជ្ជ បណ្ឌិតពីខាងក្រៅមកព្យាបាលនោះទេ ពីព្រោះខាងពន្ធនាគារក៏មានវេជ្ជបណ្ឌិតដ៏ចំណានៗសម្រាប់ព្យាបាលផងដែរ ហើយទណ្ឌិតវីរ៉ា ស៊ុមខ្វាមឃីត ពុំមានជំងឺអ្វីធ្ងន់ធ្ងរដូចការលើកឡើង និងចោទប្រកាន់នោះទេ ៕
ចែករំលែកព័តមាននេះ