ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ជាង ៣០០ គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​សៀមរាប ​ដើម្បី​រៃ​អង្គាស​ទឹកប្រាក់​សប្បុរសធម៌​ជួយ​សហគមន៍​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​សប្បុរសធម៌ ៦០ ០០០ ផោន ឬ​ប្រមាណ​ជាង ៨០ ០០០ ដុល្លារ​អា​មេ​រិ​ក​ចូល​ទៅ​កាន់​អង្គការ​មនុស្សធម៌​ក្នុងស្រុក​មួយ​នោះ…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​សប្បុរសធម៌ ៦០ ០០០ ផោន ឬ​ប្រមាណ​ជាង ៨០ ០០០ ដុល្លារ​អា​មេ​រិ​ក​ចូល​ទៅ​កាន់​អង្គការ​មនុស្សធម៌​ក្នុងស្រុក​មួយ​នោះ បុរស​សញ្ជាតិ​អង់គ្លេស​ពីរ​រូប ឈ្មោះ Matt Pocock និង Mark Ferguson ចាប់​ពី​​ព្រលឹម​​ថ្ងៃ​ទី ២៧ ខែ​វិ​ច្ឆិ​កា ឆ្នាំ ២០១៧ បាន​ផ្ដើម​ការ​រត់​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​​ ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប​ក្នុង​រយៈពេល ៦ ថ្ងៃ ដោយ​ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​រត់​ចម្ងាយ​ជា​មធ្យម ៥០ ​គីឡូម៉ែត្រ ឆ្លងកាត់​សហគមន៍​ដាច់​ស្រ​យ៉ា​ល​ជា​ច្រើន​។

​សម្រាប់​ថវិកា​សប្បុរសធម៌​ដែល​រៃអង្គាស​បាន គឺ​សម្រាប់​ជូន​ទៅ​កាន់​អង្គការ​សួន​មូល​និធិ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប​ផ្នែក​សុខាភិបាល ផ្នែក​អប់រំ ប្រព័ន្ធ​ទឹក​ស្អាត និង​ផ្នែក​កសិកម្ម​នៅ​ក្នុងភូមិ​-ស្រុក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត។

​លោក Matt បានឱ្យ​ដឹង​ថា​៖ «​យើង​ធ្លាប់​បាន​រត់​ម៉ា​រ៉ា​តុង​ដែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ជា​ច្រើន​រួច​មក​ហើយ ហើយ​ខ្ញុំ​មានសំណាង​ណាស់​ដែល​បាន​មក​រត់​នៅ​ក្នុង​តំបន់​អាស៊ី​នេះ។ ប្រទេស​កម្ពុជា ​គឺជា​ប្រទេស​ដែល​ពួក​យើង​ធ្លាប់​បាន​មក​លេង​កម្សាន្ត ហើយ​ទី​នេះ​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​។ Mark ស្គាល់​អង្គការ​សួន​មូល​និ​ធិ ហើយ​ពួក​យើង​ពិតជា​ចូល​ចិត្ត​កិច្ចការ​សង្គម​ដែល​ពួក​គេ​បាន​ធ្វើ​។ អង្គការ​នេះ​បាន​ផ្លាស់​ប្ដូរជីវិត​ប្រជា​ជន​​ក្រីក្រ​ជា​ច្រើន​នៅ​កម្ពុជា​»។

ការ​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ​ឆ្ងាយ​នេះ​ គឺជា​អ្វី​ដែល​ពួក​គេ​ទាំង​ពីរ​មិន​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​នោះ​ទេ ហើយ​ក្នុង​ការ​រត់​នេះ​ផង​ដែរ ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ក៏​បាន​រៀបចំ​រថយន្ត​ផ្នែក​សុខាភិបាល​មួយ​គ្រឿង​ ដើម្បី​មើលថែ​ពួក​គាត់​តាំងពី​ភ្នំពេញ​ទៅ​ដល់​ខេត្តសៀមរាប​ផង​ដែរ​។

អ្នក​រត់ប្រណាំង​ទាំង​ពីរ​រូប​នេះ​បាន​បញ្ច​ប់ការរ​ត់របស់​ពួក​គេ ដោយ​ចូលរួម​ព្រឹ​ត្តិ​ការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត​កាល​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០១៧ ។

ក្នុង​ព្រឹត្តិការណ៍​នោះ​ពួក​គាត់​ទាំង​ទ្វេ​បាន​បញ្ចប់​ការ​រត់​ចម្ងាយ ២១ គីឡូម៉ែត្រ​បន្ថែម​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។

​គួរ​បញ្ជា​ក់​ផង​ដែរ​ថា ​គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ ២០១៧ ថវិកា​សប្បុរសធម៌​ដែល​ពួក​គាត់​រៃ​អង្គាស​កើនឡើង​ដល់​ជាង ៧៥ ០០០ ផោន ឬ​ប្រមាណ​ជា ១០០ ០០០ ដុល្លារ​សហ​រដ្ឋ​អាមេ​រិក​៕

វីដេអូ

https://www.youtube.com/watch?v=yoOgMzcG6Lc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ