ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ពាក់ព័ន្ធ​វិស័យ​កាត់ដេរ​កម្ពុជា​បារម្ភ​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​អ្នកទិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​វិស័យ​កាត់ដេរ​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ផ្ទាល់​ជាង​៧០​ម៉ឺន​នាក់ និង​ប្រយោល​ប្រមាណ​២​លាន​នាក់ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​មួយ​នេះ ដូច​ជា សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​វិស័យ​កាត់ដេរ​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ផ្ទាល់​ជាង​៧០​ម៉ឺន​នាក់ និង​ប្រយោល​ប្រមាណ​២​លាន​នាក់ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​មួយ​នេះ ដូច​ជា សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង កម្ពុជា តំណាង​សហជីព និង​ជា​តំណាង​កម្មករ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ការ​ដាក់​ទណ្ឌកម្ម​បិទ​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ទិញ​ធំ​ៗ​ដូច​ជា សហ រដ្ឋ អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម ។

លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​ជា​តំណាង​ឲ្យ​កម្មករ កម្មការិនី​ប្រមាណ​៤០​ម៉ឺន​នាក់ លោក​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​កម្ពុជា​ពី​សំណាក់​អ្នក បញ្ជា​ទិញ​ធំ​ៗ ដូច​ជា សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម ។ លោក​ថា ៖« បញ្ហា​នេះ យើង​ក៏​បាន​ដាក់​លិខិត​មួយ​ជូន​ទៅ​សហគមន៍​ឲ្យ​ពិចារណា និង​ទិញ​ទំនិញ​ពី​កម្ពុជា​បន្ត​ទៀត​។ ក្រៅពី​នេះ យើង​ក៏​បាន​សុំ​ណាត់ជួប​ពួក​គាត់ ដើម្បី​ឲ្យ​យើង​បាន​បកស្រាយ​ជូន​គាត់​ពី​បញ្ហា​នៅ​កម្ពុជា និង​បង្ហាញ​ពី​ផល​ប៉ះពាល់​មក​លើ​ប្រជាជន​កម្ពុជា ក្នុង​ករណី​ពួក​គាត់​ដាក់​ទណ្ឌកម្ម​ណាមួយ​មក​លើ​ប្រទេស​កម្ពុជា ។ មិនតែប៉ុណ្ណោះ យើង​ក៏​បាន​ដាក់​លិខិត​ជូន​សហគមន៍​អឺរ៉ុប និង​អ្នកបញ្ជា​ទិញ​ធំ​ៗ​នៅ​ក្រៅប្រទេស​ឲ្យ​បន្ត​ទិញ និង​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​» ។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​សញ្ញា​ណាមួយ​ពី​ការ​ដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច ជា​ពិសេស លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ទេ ក៏​ប៉ុន្តែ​មិនដឹង​ថា សហគមន៍​អឺរ៉ុប ក៏​ដូច​ជា​ប្រទេស​អ្នកបញ្ជា​ទិញ​ពី​កម្ពុជា នឹង​ដាក់​ទណ្ឌកម្ម​ពេល​ណា​មក​លើ​កម្ពុជា​ដែរ ។ លោក​ថា ៖« វិស័យ​កាត់ដេរ​នៅ​តែ​ដំណើរការ​ល្អ​នៅ​ពេល​បច្ចុប្បន្ន ហើយ​រោងចក្រ​ធំ​ៗ​នៅ​តែ​ដំណើរការ​ផលិត​ជា​ធម្មតា គឺ​មាន​តែ​រោងចក្រ​តូច​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​បិទ​ទៅ​វិញ ហើយ​ការ​បិទ​ពី​សំណាក់​រោងចក្រ​តូចតាច​ទៅ​នោះ វា​ក៏​មិន​បង្ក​ផល​ប៉ះពាល់​ដល់​កម្មករ កម្មការិនី​កម្ពុជា​ទេ » ។

លោក អាត់ ធន ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ ក្នុង​ករណី​សហគមន៍​អឺរ៉ុប ឬ​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​មក​លើ​វិស័យ​កាត់ដេរ​កម្ពុជា ការ​ប៉ះពាល់​នឹង​មិនមែន​ត្រឹមតែ​កម្មករ​នោះ​ទេ តែ​នឹង​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​កម្មករ កម្មការិនី ដែល​ទទួលផល​ពី​កម្មករ​ផង​ដែរ ។ ជាក់ ស្ដែង ឪពុក​ម្ដាយ និង​កូន​ៗ​របស់​ពួក​គេ នឹង​បាត់បង់​ការ​ផ្គត់ផ្គង់ ហើយ​វិបត្តិ​នឹង​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា ។

លោក​បន្ត​ថា ទណ្ឌកម្មសេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​អ្នកបញ្ជា​ទិញ​ធំ​ៗ​ក្នុង​វិស័យ​កាត់ដេរ​ពី​កម្ពុជា នឹង​មិនកើត​ឡើង​នៅ​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ​ទេ ក៏​ប៉ុន្តែ​វា​អាច​កើត​មាននៅ​ពាក់ កណ្ដាល​ឆ្នាំ​ក្រោយ​នេះ បើសិនជា​សហគមន៍​អឺរ៉ុប ឬ​បណ្ដា​ប្រទេស​អ្នកទិញ​ធំ​ៗ​គេ​មើល ឃើញ​ថា កម្ពុជា​មិន​ធ្វើ​តាម​ការ​ចង់បាន​របស់​ពួក​គេ ។ លោក​ថា ៖«​នៅ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា បញ្ហា​រំលោភសិទ្ធិ​ការងារ មិន​មាន​អ្វី​ធំដុំ និង​កត់សម្គាល់​ទេ ក៏​ប៉ុន្តែ​បញ្ហា​នយោ​បាយ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សង្គម ត្រូវ​បាន​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បង្ហាញ​ការ​ព្រួយបារម្ភ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា និង​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ បើសិនជា​ការ​ដោះស្រាយ​រវាង​អ្នកនយោបាយ​បាន​ល្អ​នោះ បញ្ហា​ទណ្ឌកម្ម​នានា​មក​លើ​សេដ្ឋកិច្ច​កម្ពុជា ខ្ញុំ​ថា វា​គ្មាន​អី​ត្រូវ​បារម្ភ​ទេ » ។

លោក​បន្ថែម​ថា បើសិនជា​មានការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អឺ​រុ​៉​ប និង​អា​មេ​រិ​ក​មែន​នោះ ផល​ប៉ះពាល់​ក៏​នឹង​កើត​មាន​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ចិន​ផង​ដែរ ព្រោះ​វត្ថុធាតុដើម​មួយ​ចំនួន​ធំ​ត្រូវ​បាន​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ទាំងនោះ​ដើម្បី​យក​មក​ផលិត រួច​ហើយ​នាំ​ចេញ​ទៅ​អឺរ៉ុប និង​អា​មេ​រិ​ក​វិញ ។ ដូចនេះ កុងត្រា​ទាំង​ប៉ុន្មាន​ដែល​បាន​ចុះ​កន្លង​មក អាច​នឹង​ត្រូវ​លុប​ចោល ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ផ្ញើ​ជូន​ដល់​អង្គ​ការ​សហប្រជាជាតិ អង្គទូត​នានា និង ប្រទេស​អ្នកបញ្ជា​ទិញ បាន​ស្នើ​សុំ​កុំ​ឲ្យ​បិទ​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា និង​សុំ​កុំ​ឲ្យ​ប្រទេស​ទាំងនោះ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយនឹង​ស្ថានភាព​នយោបាយ ។

ក្នុង​សេចក្តីថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ចង់​រក្សា​ឲ្យ​មាន​ប្រតិបត្តិការ​រលូន​សម្រាប់​រោងចក្រ​សមាជិក​ចំនួន​៦០០ ដែល​ទ្រទ្រង់​សេដ្ឋ​កិច្ច​ដល់​កម្មករ​ជាង​៧០​ម៉ឺន​នាក់ ភាគច្រើន​ជា​ស្ត្រី ។ និយោជក និង​កម្មករនិយោជិត​ទាំង​អស់ ព្រមទាំង​សហជីព​បាន​និង​កំពុងធ្វើការ​ងារ​ដូច​ធម្មតា និង​ដោយ​សន្តិភាព ដើម្បី​ផ្គត់​ផ្គង់​សេដ្ឋកិច្ច​ខ្លួនឯង​ផ្ទាល់ និង​សេដ្ឋកិច្ច​កម្ពុជា ។ សមាគម​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ទាំងអស់ បន្ត​គាំទ្រ​កម្ពុជា និង​រោងចក្រ​សមាជិក​របស់​សមាគម​ដើម្បី​សម្រេច​គោលដៅ​សេដ្ឋកិច្ច​របស់​យើង ដែល​ជា​សុខុមាលភាព​ប្រសើរ​ឡើង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ