ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC កំពុង​អនុវត្ត​យន្តការ​6​ចំណុច​ដើម្បី​ជំរុញ និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​ថា (NBC) បាន​និង​កំពុង​អនុវត្ត​នូវ​យន្តការ​សំខាន់​ៗ​ចំនួន​៦​ចំណុច ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់​ថា (NBC) បាន​និង​កំពុង​អនុវត្ត​នូវ​យន្តការ​សំខាន់​ៗ​ចំនួន​៦​ចំណុច ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​៤ ស្តី​ពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៥ ធ្នូ កន្លង​ទៅ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​តែ​អនុវត្ត​យន្តការ​សំខាន់​ៗ​ចំនួន​៦​ចំណុចរួម​មាន ៖

១-​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ។
២-​បន្ត​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ «​តោះ ! និយាយ​ពី​លុយ» ។
៣-​អភិវឌ្ឍន៍​យន្តការ​ចែករំលែក​ព័ត៌មាន​ឥណទាន ។
៤-​ពង្រឹង​កិច្ច​ការពារ​អតិថិជន បង្កើត​ប្រព័ន្ធ​Hotline ក្នុង​ការ​ឆ្លើយ​តប និង​ដោះស្រាយ​បញ្ហា​ដោយ​ផ្ទាល់​ជូន​សាធារណជន ។
៥-​ពង្រឹង​ច្បាប់ និង​បញ្ញត្តិ
៦-​ជំរុញ​កិច្ចសហការ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពង្រឹងគុណភាព​ទិន្នន័យ ។

លោក​ជំទាវ​បន្ដ​ថា ជាមួយនឹង​ការ​អនុវត្ត​នូវ​យន្ដការ​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​រាយ​នៅ​ឆ្នាំ​២០១២ សម្រាប់​ផាត់​ទូទាត់​មូល​ប្ប​ទា​នប​ត្រ និង​បញ្ជា​ផ្ទេរ​ឥណទាន ។ ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៦ សម្រាប់​សម្រួល​ដល់​ការ​ទូទាត់​ភ្លាម​ៗ​នូវ​រាល់​ការ​ផ្ទេរ​មូលនិធិ ។ ប្រព័ន្ធ Cambodian Sheared Switch (CSS) ដែល​ទើបតែ​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​២០១៧ សម្រាប់​សម្រួល​ដល់​ប្រតិបត្តិការ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន POS​។ លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​ផង​ដែរ សម្រាប់​ការ​ទូទាត់​នៅ​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ ។

ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ឧកញ៉ា ហួត អៀង​តុង ធ្លាប់​មាន
ប្រសាសន៍​​ថា ៖« ការ​រៀបចំ​នូវ​គោល នយោបាយ​ទាំងអស់​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​នៅ​ក្នុង​ការ​អនុវត្ត ។ ខ្ញុំ​មើល​មិនឃើញ​ធនាគារជាតិ​តាក់តែង​គោលនយោបាយ ឱ្យ​កើតជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​របស់​យើង​ទេ ។ ការ​តាក់តែង​ច្បាប់​ឡើង គឺ​ចង់ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន » ។

យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០០៥ ទៅ​ឆ្នាំ​២០១៧ ចំនួន​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ពី​១៩ ទៅ​៤៥ និង​ពី​៣៨ ទៅ​៧៤ រៀង​គ្នា ។ បណ្តាញ​សាខា​កើន​ពី​៤៧៨ ទៅ​២.១៣៣ កើនឡើង​៤,៥​ដង ។

ទ្រព្យសកម្ម​កើន​ពី​៥,៨​ទ្រី​លាន​រៀល ទៅ​១២៨,៦​ទ្រី​លាន​រៀល កើនឡើង​២២​ដង ។ ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ កើន​ពី​១៩,៥% ដល់​៧៧% កើនឡើង​៣,៩​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ