ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​2​ដំណើរការ​ម៉ាស៊ីន​ទី​1​ទទួល​បាន​ជោគជ័យ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វា​រី​អគ្គិសនី​ទន្លេសេសាន​ក្រោម​២ បាន​ធ្វើការ​សាកល្បង​ម៉ាស៊ីន​ទី​១​ជោគជ័យ​ហើយ ដោយ​បញ្ជូន​ថាមពល​បាន​៥០​មេ​ហ្គា​វ៉ា​ត់ទៅ​ក្នុង​បណ្តាញ​ជាតិ ។ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា…

ខេត្តស្ទឹងត្រែង ៖ វា​រី​អគ្គិសនី​ទន្លេសេសាន​ក្រោម​២ បាន​ធ្វើការ​សាកល្បង​ម៉ាស៊ីន​ទី​១​ជោគជ័យ​ហើយ ដោយ​បញ្ជូន​ថាមពល​បាន​៥០​មេ​ហ្គា​វ៉ា​ត់ទៅ​ក្នុង​បណ្តាញ​ជាតិ ។
លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា រួម​នឹង​មន្ត្រី​អគ្គិសនី​ដែល​បាន​អញ្ជើញ​ចូល​ពិនិត្យ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កាលពី​ថ្ងៃ​ទី​៦ ធ្នូ បានឱ្យ​ដឹង​ថា ៖ « វា​រី​អគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ បាន​ធ្វើការ​សាកល្បង​ម៉ាស៊ីន​ទី​១ ដោយ​បញ្ជូន​ថាមពល​បាន​៥០​មេ​ហ្គា​វ៉ា​ត់ទៅ​ក្នុង​បណ្តាញ​ជាតិ ។ នៅ​ពេល​ខាង​មុខជា​បន្តបន្ទាប់ ម៉ាស៊ីន​៧​គ្រឿង​ទៀត នឹង​ដាក់​ដំណើរការ​ទាំងស្រុង​គម្រប់​៤០០​មេ​ហ្គា​វ៉ា​ត់ » ។

ជាមួយនឹង​ជោគជ័យ​នៃ​ម៉ាស៊ីន​ទី​១​នេះ ក្នុង​រយៈពេល​ប្រមាណ​១​ខែ​ខាង​មុខ អគ្គិសនី​កម្ពុជា​នឹង​បញ្ជូន​ភ្លើង​ប្រមាណ​១០​មេ​ហ្គា​វ៉ា​ត់ទៅ​ជួយ​ខេត្តរតនគិរី និង​មណ្ឌលគិរី ដែល​កំពុង​ខ្វះខាត ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក កៅ វាំង​អុ​ី​វ​តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ៖ « វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នឹង​ដំណើរការ​១០០% ដែល​មាន​ថាមពល​រហូត​ដល់​៤០០​មេ​ហ្គា​វ៉ា​ត់ គឺ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៨​ខាង​មុខ ។ ដោយឡែក​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៧​នេះ មាន​ការ​សាកល្បង​ម៉ាស៊ីន​ទី​១ និង​បញ្ជូន​ថាមពល​បាន​៥០​មេ​ហ្គា​វ៉ា​ត់​សម្រាប់​ប្រើប្រាស់ » ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អ​គិ្គ​ស​នី កាលពី​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៧ កន្លង​មក អាជ្ញាធរ​អគ្គិសនី​កម្ពុជា គ្រោង​នឹង​បន្ថយ​បញ្ជី​ថ្លៃ​លក់​អ​គិ្គ​ស​នី​នៅ​តំបន់​ធ្វើ​សេវាកម្ម​របស់​អគ្គិសនី​កម្ពុជា នៅ​ទីរួមខេត្ត​ក្រចេះ ស្ទឹង​ត្រែង និង​មណ្ឌលគិរី ដែល​ទើប​ទទួល​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ តាម​ប្រភេទ​អតិថិជន និង​អត្រា​ថ្លៃ​លក់​អ​គិ្គ​ស​នី​សម្រាប់​ខួប​ឆ្នាំ​២០១៧ ដើម​ខែមករា ឆ្នាំ​២០១៨ ដល់​ចុងខែ​មីនា ឆ្នាំ​២០១៨​។ លំនៅ​ឋាន​ពលរដ្ឋ​កម្ពុជា ដែល​ប្រើប្រាស់​មិន​លើស​ពី​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ អត្រា​លក់​ចាស់​៩៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង អត្រា​លក់​ថ្មី​៤៨០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​, ប្រើប្រាស់​ចាប់ពី​១១​ដល់​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ អត្រា​លក់​ចាស់​៩៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង មក​នៅ​អត្រា​លក់​ថ្មី​៦១០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។ ដោយឡែក ចំពោះ​ការ​ប្រើប្រាស់​ចាប់ពី​៥១​គីឡូវ៉ាត់ម៉ោង​ឡើង​ក្នុង​១​ខែ អត្រា​លក់​ចាស់​៩៥០​រៀល មក​នៅ​ត្រឹម​អត្រា​លក់​ថ្មី​៧៧០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។

គម្រោង​វា​រី​អគ្គិសនី​នេះ ជា​ចំណែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រីក​ការ​ផ្គត់ផ្គង់ និង​ការ​បន្ត​ចុះថ្លៃ​អគ្គិសនី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ថ្លែង​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​នេះ កាលពី​ខែកញ្ញា​កន្លង​មក សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា នៅ​ពេល​ដំណើរការ​វា​រី​អគ្គិសនី​នេះ មិន​ត្រឹម​តែ​ផ្គត់ផ្គង់​សម្រាប់​ខេត្តស្ទឹងត្រែង​ទេ ប៉ុន្ដែ​នឹង​មាន​សមត្ថភាព​ផ្គត់ផ្គង់​ខេត្ត​ផ្សេង​ៗ​ទៀត ហើយ​កម្ពុជា​មាន​បណ្តាញ​ផ្គត់ផ្គង់​ខ្លួនឯង​ប្រកបដោយ​ស្ថិរភាព និង​ឯករាជ្យ​ភាព ។ ទន្ទឹម​នឹង​ការ​ផលិត​អគ្គិសនី​នៅ​ទី​នេះ គឺ​ទាមទារ​កា​រត​បណ្តាញ​ពី​ស្ទឹង​ត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​​ទៅ​កំពង់ចាម និង​ពី​កំពង់ចាម​ទៅ​ភ្នំពេញ គឺ​ត្រូវ​ត​ភ្ជាប់​បណ្តាញ​មេ​ទាំងអស់ ដែល​នឹ​ង​ធ្វើ​ឲ្យ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះថោក​ជា​បន្តបន្ទាប់ ។

សម្ដេច​តេ​ជោ​ថ្លែង​ថា ៖« សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​ជាង​៣​លាន​ខ្នង​ផ្ទះ​ដែល​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់ ហើយ​យើង​ត្រូវ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស នៅ​តាម​ជនបទ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់​ៗ​គ្នា » ។

វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ នឹង​លក់​ឲ្យ​អគ្គិសនី​កម្ពុជា តម្លៃ​៦,៩៥​សេន​អា​មេ​រិ​ក​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ក្នុង​រយៈពេល​៤០​ឆ្នាំ (BOT) បន្ទាប់​មក នឹង​ត្រូវ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង ។ ក្រោយ​ពី​ចប់​៤០​ឆ្នាំ គឺ​រដ្ឋ​យក​មក​គ្រប់គ្រង​ទាំងស្រុង ឬ​ជួល​បន្ត​ឲ្យ​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ថា គ​ម្រា​ង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​អនុ​ញ្ញាត ឲ្យ​ក្រុមហ៊ុន Hydro Power Se San 2 Co., Ltd ធ្វើការ​វិនិយោគ និង​សាងសង់ ដែល​មាន​ក្រុមហ៊ុន​រួម​ទុន​ចំនួន​៣​គឺ ៖

១-​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន មាន​ភាគហ៊ុន​៥១% ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន China Huaneng Group.,​។

២-​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េ​ង មាន​ភាគហ៊ុន​៣៩% ។

៣-​ក្រុមហ៊ុន EVN International របស់​វៀតណាម មាន​ភាគហ៊ុន​១០% ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ នៅ​កម្ពុជា ក្រុមហ៊ុន​ចិន​វិនិយោគ​វា​រី​អគ្គិសនី​ចំនួន​៧ ដែល​មាន​ទុន​វិនិយោគ​សរុប​២.៣០០​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ឆ្នាំ​២០១៦ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា តម្រូវការ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ពិតជា​ត្រូវការ​កាន់តែ​ច្រើន​ទៅ​ៗ​ហើយ ដោយ​សារ​កម្ពុជា​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ព្រោះ​វិស័យ​អ្វី​ក៏​ត្រូវការ​អគ្គិសនី​ដែរ​ដើម្បី​ធ្វើ​ឲ្យ​​ខ្សែ​សង្វា​ក់​ផលិតកម្ម​បាន​រលូន ប៉ុន្តែ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នៅ​មាន​តម្លៃ​ថ្លៃ​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង ប៉ុន្តែ​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​ផ្តោត​អាទិភាព​លើ​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី​ផង​ដែរ ។

យោង​តាម​ផែនការ​របស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​មាន​ផែនការ​ធ្វើ​ឲ្យ​ភូមិ​ចំនួន​៧៣%​មាន​បណ្តាញ​អគ្គិសនី ប្រើប្រាស់​នៅ​ឆ្នាំ​២០២០ និង​ផ្ទះ​៦០%​មានការ​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​គ្រោង​បង្កើន​ឲ្យ​បាន​៧០%​នៃ​ខ្នង​ផ្ទះ​មាន​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ​២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ