ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ មន្ដ្រីកាំកុងត្រូលខេត្ដមណ្ឌលគិរី បានសហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ដ និងនរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ បានចុះពិនិត្យទំនិញម្ហូបអាហារ នៅក្នុងផ្សារសែនមនោរម្យ ក្រុងសែនសែនមនោរម្យ។ ទំនិញហួសការបរិច្ឆេទប្រើប្រាស់ ម៉ាក juiclife ចំនួន០៥កេស ស្មើនឹង៥០គីឡូក្រាម បានយកទៅកម្ទេចចោលនៅមន្ទីរពាណិជ្ជកម្មខេត្ដ។ ប្រតិបតិ្តការនេះដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ដមណ្ឌគិរី និងលោក ម៉ោញ ជី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ដ ព្រមទាំងកម្លាំងនរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ដបានដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើទំនិញវេចខ្ចប់ស្រាប់ ជាពិសេសទំនិញហួលការបរិច្ឆេទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសាធាតុគីមីហាមឃាត់។ លោកបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ បានធ្វើតេស្តលើចំណីអាហារ ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ លើមុខទំនិញដូចជា សរសៃគុយទាវ នំបញ្ចុក លត ត្រីងៀត សាច់ក្រក ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់។ ធ្វើតេសសារធាតុគីមី Sodium Hydrosulfite salicylic Acid formalin លើកមុខទំនិញ ស្ករត្នោត ទឹកត្រាំសណ្ដែកបណ្តុះ ទឹកខ្ញីហាន់ ស្ពៃជ្រក់ ទំពាំងជ្រក់ ទឹកត្រាំបង្គាស្រស់ មឹកស្រស់ ជាលទ្ធផលពុំមានសារធាតុគីមីនោះទេ និងបានធ្វើតេស្តរកជាតិអ៊ីយ៉ូតនៅក្នុងអំបិលម៉ាកហ្គូវឆាយតិច លទ្ធផលមានអ៊ីយ៉ូតត្រឹមត្រូវ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្នចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជាកំប៉ុងក្រពឹត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និងត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕
ចែករំលែកព័តមាននេះ