ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​ជាប់ផុង​ផ្លូវ ផ្អើល​សមត្ថកិច្ច

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​សណ្តោង​ធុន​ធំ​មួយ​គ្រឿង​ដឹក​ដំឡូង​មី បាន​មក​ឈប់​ចត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​៧​ដេ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម នៅ​អា​ធ្រា​ត្រ​ថ្ងៃ​ទី​០៦ ខែធ្នូ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០៧…

ខេត្តកំពង់ចាម ៖ រថយន្ត​សណ្តោង​ធុន​ធំ​មួយ​គ្រឿង​ដឹក​ដំឡូង​មី បាន​មក​ឈប់​ចត​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​៧​ដេ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម នៅ​អា​ធ្រា​ត្រ​ថ្ងៃ​ទី​០៦ ខែធ្នូ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​។ ដោយសារ​តែ​ការ​ដឹក​នោះ​ធ្ងន់​ពេក បណ្តាល​ឲ្យ​ជាប់ផុង​ទៅ​មុខ​មិន​រួច ហើយ​ត្រូវ​បាន​លោក​អភិបាលខេត្ត បញ្ជា​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចុះ​ត្រួតពិនិត្យ និង​មានចំណាត់ការ​លើ​រថយន្ត​នោះ​ផង​ដែរ​។ លោក ប៊ិ​ន ឡា​ដា អភិបាលស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ជាមួយនឹង​នគរបាល​ចរាចរណ៍ អាវុធហត្ថ​ស្រុក និង​មន្ទីរ​សាធារណៈការ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ ឃើញ​ថា​ដោយ​រថយន្ត​បាន​ផុង​ជាប់​កង់ ទោះបីជា​អ្នកបើកបរ​រថយន្ត​ប្រឹង​រោទ៍​ម៉ាស៊ីន ទៅ​មុខ​យ៉ាងណា​ក្តី​ក៏​ទៅ​មិន​រួច​ដែរ ដោយ​បាន​រក​គ្រឿងចក្រ​អេ​ស្កា​មក​ទាញ និង​រើ​ដំឡូង​មី​ចេញ​ខ្លះ​ឲ្យ​ស្រាល ទើប​អាច​បើក​ទៅ​មុខ​រួច​។

លោក​អភិបាលស្រុក​កំពង់សៀម ប្រាប់​បន្ត​ថា នៅ​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម គឺ​មាន​ស្ថានីយ​ថ្លឹង​រថយន្ត​មួយ​កន្លែង នៅ​ពេល​ដែល​មាន​រថយន្ត​បើក​ឆ្លងកាត់​ចេញពី​ស្រុក​ចម្ការលើ ប្រសិនបើ​ពិនិត្យ​ឃើញ​ថា ដឹក​លើស​ទម្ងន់​ត្រូវ​តែ​រើ​ចេញ និង​ពិន័យ​ទៅ​តាម​ច្បាប់​។ ហើយ​កន្លង​មក​អាជ្ញាធរ​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត​ធុន​ធំ​ៗ ដោយ​បាន​ហាម​មិន​ឲ្យ​ឈប់​នៅ​លើ​ដងផ្លូវ​ជាតិ​នោះ​ទេ ចៀសវាង​កុំ​ឲ្យ​ស្រុត​ខូច​ផ្លូវ​ដូច​រថយន្ត​ខាងលើ​នេះ​ជាដើម​។ ជាមួយ​នោះ​រូប​លោក​ធ្លាប់​បាន​ប្រជុំ​នៅ​សាលាខេត្ត ដោយ​លោក​អភិបាលខេត្ត ឲ្យ​មាន​វិធានការ​លើ​រថយន្ត​ដែល​ត​ទ្រុង​ឲ្យ​កាត់​ចេញ និង​បាន​ដឹកនាំ​កម្លាំង​ចុះ​ជា​ហូរហែ​ផង​ដែរ​។

លោក សុខ លឹ​ម​ហ៊ា​ង អនុប្រធាន​មន្ទីរ​សាធ​រណៈការ​ខេត្ត​ប្រាប់​ថា រថយន្ត​ដឹក​ដំឡូង​មីនេះ​ចេញពី​អូរ​ពីរ នៅ​ស្រុក​ស្ទឹង​ត្រង់ ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​បាន​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ឃុំ​អំពិល ស្រុក​កំពង់សៀម អ្នកបើកបរ​បាន​ឈប់​ចេញពី​ផ្លូវជាតិ​លេខ​៧១,៥០​ម៉ែត្រ បណ្តាល​ឲ្យ​ស្រុត​ដី​ផុង​កង់​មិន​បាន​ប៉ះពាល់​ផ្លូវថ្នល់​នោះ​ទេ​។ ហើយ​យោង​តាម​បញ្ជា​របស់​លោក​អភិបាលខេត្ត តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​នេះ​ធ្វើ​កិច្ចសន្យា មិន​ឲ្យ​មាន​លើក​ទី​២​ទៀត​នោះ​ទេ ហើយ​អនុញ្ញាត​ឲ្យ​បន្តដំណើរ ដឹក​កសិផល​យក​ទៅ​លក់​នៅ​ទីផ្សារ​ព្រំដែន​ប្រទេស​វៀតណាម​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ