ប្រមុខរដ្ឋាភិបាលអ៊ីតាលី លោកសីុលវីយ៉ូ ប័រលូស្កូនី បានបង្ហាញខ្លួនកាលពីថ្ងៃទី២៨ មីនា នៅមុខតុលាការក្រុងមីឡានសំរាប់សវនាការលើកដំបូងមួយ។
លោកប័រលូស្កូនី បានធ្វើដំណើរតាមរថយន្តចូលមកខាងក្នុងបរិវេណវិមានតុលាការជាមួយនឹងក្បួនហែហមដើម្បីលោកចូលមកក្នុងការិយាល័យរបស់ចៅក្រមមួយរូបនៅជាន់ទី៧នៃវិមានតុលាការក្រុងមីឡាន។ ប្រមុខរដ្ឋាភិបាលអ៊ីតាលីពុំដែលបង្ហាញមុខដោយខ្លួនលោកផ្ទាល់នៅក្នុងតុលាការឡើយចាប់តាំងពីខែមិថុនា ឆ្នាំ២០០៣មក។
សវនាការលើកដំបូងនេះជាសវនាការមួយក្នុងចំណោមសវនាការ៤ឬ៥ គឺសំដៅធ្វើការសំរេចថា តើត្រូវកាត់ ឬអត់លើរឿងចោទប្រកាន់ពីបទក្លែងបន្លំពន្ធ និងរំលោភការទុកចិត្តដែលទាក់ទិនដល់ការទទួលសិទ្ធិផ្សាយទូរទស្សន៍ដែលទិញដោយក្រុមហ៊ុន MEDIATRADE-RTI ជាក្រុមហ៊ុនមួយរបស់លោកប័រលូស្កូនី។ ពួកអ្នកគាំទ្រលោកប័រលូស្កូនីបានលើកគ្នានៅខាងក្រៅតុលាការដោយលើកបដាសរសេរថា «នយោបាយស្ថិតក្នុងហិបឆ្នោតពុំមែនស្ថិតក្នុងតុលាការឡើយ»៕
ចែករំលែកព័តមាននេះ