ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ប្រកាស​ឈរឈ្មោះ​ប្រធានាធិបតី​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី​នា​ខែមីនា ឆ្នាំ​២០១៨ ដែល​ជា​ការ​ប្រជែង​យក​អាណត្តិ​ទី​៤​មួយទៀត​ជា​មេដឹកនាំ​ប្រទេស ដែល​លោក​ដឹកនាំ​ចាប់តាំងពី​ឆ្នាំ​២០០០​មក…

ប្រទេស​រុ​ស្ស៊ី ៖ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​រុ​ស្ស៊ី​នា​ខែមីនា ឆ្នាំ​២០១៨ ដែល​ជា​ការ​ប្រជែង​យក​អាណត្តិ​ទី​៤​មួយទៀត​ជា​មេដឹកនាំ​ប្រទេស ដែល​លោក​ដឹកនាំ​ចាប់តាំងពី​ឆ្នាំ​២០០០​មក ពោល​១៧​ឆ្នាំ​មក​ហើយ ។

លោកពូ​ទី​ន ពេល​ទៅ​កាន់​ទីក្រុង NIJNI NOVGOROD ដើម្បី​ចូលរួម​ខួប​៨៥​ឆ្នាំ នៃ​ការ​បង្កើត​រោងចក្រ​រថយន្ត​មួយ បណ្តា​កម្មករ​រោងចក្រ​ផលិត​រថយន្ត GAZ នេះ​បាន​ស្នើ​ឱ្យ​លោក​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បន្ត​ទៀត​ដោយ​ពួក​គេ​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ លោកពូ​ទី​ន ឆ្លើយ​តប​វិញ​ថា ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ជួយ​គាំទ្រ​របស់​លោក​អ្នក ហើយ​ខ្ញុំ​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី សហព័ន្ធ​រុ​ស្ស៊ី​ទៀត ។ ពេល​នោះ​បណ្តា​កម្មករ​បាន​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ថា «RO-SSI-YA! RO-SSI-YA!!» ប្រែ​មក​ថា «​ជយោ​! រុ​ស្ស៊ី​» ។

បើ​លោកពូ​ទី​ន ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ នោះ​លោក​នឹង​ស្ថិត​នៅ​ជា​ប្រធានាធិបតី​រុ​ស្ស៊ី រហូត​ដល់​ឆ្នាំ​២០២៤ ហើយ​លោក​នឹង​ជា​មេដឹកនាំ​រុ​ស្ស៊ី​យូរ​ជាងគេ​បំផុត​បន្ទាប់​ពី​លោក​ចូ​សេ​ប ស្តា​លី​ន ។

ការ​ប្រកាស​នេះ​ដែល​គេ​រង់ចាំ​បំផុត​បាន​បញ្ចប់​ភាព​ស្ងៀមស្ងាត់​របស់​វិមាន​ក្រឹម​ឡាំង​ពី​ចេតនា​របស់​លោកពូ​ទី​ន ដែល​ដឹកនាំ​ប្រទេស​ចាប់តាំងពី​ជាង​១៧​ឆ្នាំ​មក​ហើយ ។

លោក​ពូ​ទី​ន អាយុ​៦៥​ឆ្នាំ ថ្លែង​ថា ខ្ញុំ​សូម​ប្រកាស​ពី​ការ​ឈរឈ្មោះ​របស់ខ្ញុំ​សម្រាប់​តំណែង​​ប្រធានាធិបតី​រុ​ស្ស៊ី ។ រុ​ស្ស៊ី​នឹង​បន្ត​ដើរទៅ​មុខ ហើយ​ចលនា​ដើរទៅ​មុខ​នេះ​គ្មាន​នរណា​មួយ​នឹង​អាច​បញ្ឈប់​បានជា​ដាច់ខាត ។ លោក​អះអាង​បែប​នេះ ខណៈ​ទំនាក់​ទំនង​រវាង​ក្រុង​មូ​ស្គូ និង​លោក​ខាងលិច​ធ្លាក់​ចុះ​ដុនដាប​បំផុត​ចាប់តាំងពី បញ្ចប់សង្គ្រាម​ត្រជាក់​មក ដោយសារ​វិបត្តិ​អ៊ុយ​ក្រែ​ន ជម្លោះ​នៅ​ស៊ី​រី ព្រមទាំង​រឿងអាស្រូវ​ប្រើ​ថ្នាំ​ដែល​គេ​ចោទ​ប្រឆាំង​បណ្តា​កីឡាក​រុ​ស្ស៊ី ។

ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០០០ ក្នុង​ប្រទេស​មួយ​ដែល​អំណាច​ពុំ​មាន​ស្ថេ​រ​ភាព ហើយ​សេដ្ឋកិច្ច​ស្រុត​ចុះ លោកពូ​ទី​ន ត្រូវ​បាន​ពលរដ្ឋ​រុ​ស្ស៊ី​ភាគច្រើន​សរសើរ ព្រោះតែ​លោក​ជា​មនុស្ស​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព និង​មាន​ភាព​រុងរឿង​ថ្មី ដោយសារ​ជា​ពិសេស​ការ​លក់​ប្រេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ