ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែជីវិត​អ្នក​នាង ​ព្រំ រ​ដ្ឋា ពី​ជន​សាមញ្ញ​ក្លាយជា​តារា​ល្បី

6 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​អ្នក​នាង​ព្រំ រ​ដ្ឋា ដែល​ទស្សនិកជន​ស្គាល់​ច្បាស់​តាម​រយៈ​ការ​សម្តែង​ជា​តួអង្គ​នាង​«​ម៉ឺ​យ​ចឺ​យ​»​ក្នុង​ចម្រៀង​ខារ៉ាអូខេ​ «​ម៉ាក់ថឺង​» ​ចាប់កំណើត​នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​១៩៨១ នៅ​ទីរួមខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​ឪពុក​ម្ដាយ​នាង​ផង​ដែរ ។…

តារា​សម្តែង​អ្នក​នាង​ព្រំ រ​ដ្ឋា ដែល​ទស្សនិកជន​ស្គាល់​ច្បាស់​តាម​រយៈ​ការ​សម្តែង​ជា​តួអង្គ​នាង​«​ម៉ឺ​យ​ចឺ​យ​»​ក្នុង​ចម្រៀង​ខារ៉ាអូខេ​ «​ម៉ាក់ថឺង​» ​ចាប់កំណើត​នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​១៩៨១ នៅ​ទីរួមខេត្ត​តាកែវ ដែល​ជា​ស្រុក​កំណើត​របស់​ឪពុក​ម្ដាយ​នាង​ផង​ដែរ ។ ព្រំ រ​ដ្ឋា ហៅ​ស្រី​ប៉ុ​ច មាន​បងប្អូន​ចំនួន​៥​នាក់​ក្នុង​នោះ​ស្រី​៣​នាក់ និង​ប្រុស​២​នាក់ ចំណែក​នាង​គឺជា​កូនពៅ ។ ឪពុក​ឈ្មោះ​ព្រំ ស្រៀ​ង ជា​អតីតមន្ត្រី​ចូល​និវត្តន៍​នៃ​មន្ទីរ​អប់រំ​ខេត្ត​តាកែវ និង​ម្ដាយ​ឈ្មោះ​ថូ វ​ណ្ណា បាន​ទទួលមរណភាព​ទៅ​ហើយ ដោយសារ​ជំងឺមហារីក នៅ​ឆ្នាំ​១៩៩៧ ។

​បាត់បង់​អ្នក​ម្តាយ
អ្នក​នាង​ព្រំ រ​ដ្ឋា និង​ក្រុម​គ្រួ​សារបាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើ​ការ​ព្យាបាល​ម្ដាយ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម ជា​ច្រើន​លើក​​ផង ។ ទោះជា​យ៉ាងណា​ក្តី​ការ​ខិតខំ​របស់​ក្រុម​គ្រួសារ​មិន​អាច​រក្សា​ជីវិត​ម្តាយ​បាន​ទេ គឺ​គាត់​បាន​បាត់បង់​ជីវិត​ទៅ ។ អ្នក​នាង​ព្រំ រ​ដ្ឋា អាឡោះអាល័យ​អ្នក​ម្តាយ​ជា​ពន់ពេក ម្យ៉ាង​សោកស្តាយ​ដែល​គាត់​មិន​បាន​នៅ​មើលឃើញ​កូនស្រី​ក្លាយជា​តារា​សម្តែង​ល្បី​ឈ្មោះ ។

នៅ​ពេល​ម្តាយ​លាចាក​លោក​ទៅ​នោះ លុយកាក់ ទ្រព្យធន​ស៊ឹង​តែ​អស់​ទៅ​ដែរ ហើយ បង​ៗ​របស់​អ្នក​នាង​ព្រំ រ​ដ្ឋា សុទ្ធតែ​មិន​មាន​ជីវភាព​ល្អ​ប្រសើរ​ទេ ។ ក្រោយ​ពេល​អ្នក​ម្តាយ​ស្លាប់​ទៅ​អ្នក​នាង​ព្រំ រ​ដ្ឋា មាន​អារម្មណ៍​ថា​ហាក់ដូចជា​ព្រលឹង​គាត់​តាម​ជួយ​ជ្រោង កូន​ៗ​គ្រប់​គ្នា ។ ជាក់ស្តែង​ប៉ុន្មាន​ឆ្នាំ​ក្រោយមក បងប្អូន​នាង​ទាំងអស់​សុទ្ធតែ​បាន​ជោគជ័យ​ក្នុង​ជីវិត ដោយ បង​ៗ​របស់​នាង​មាន​ជីវភាព​ប្រសើរ​ឡើង ជា​ពិសេស​រូប​នាង​ក្លាយជា​តារា​សម្តែង​ល្បីឈ្មោះ ។

ឃ្លាត​ចាក​ស្រុក​កំណើត
កាល​នៅ​តូច​អ្នក​នាង​ព្រំ រ​ដ្ឋា រៀន​នៅ​សាលា​បឋម​សិក្សា​តាកែវ គឺ​នាង​បាន​ចូល​សាលា​ពេល​អាយុ​៦​ឆ្នាំ ក្នុង​អំឡុង​ឆ្នាំ​១៩៨៧ ។ ចប់​បឋម​សិក្សា​នាង​រៀន​នៅ​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ជា ស៊ី​ម តាកែវ ។

អ្នក​នាង​ព្រំ រ​ដ្ឋា នៅ​ឆ្នាំ​១៩៩៧​បាន​ចាក​ចេញពី​ស្រុក​កំណើត រស់នៅ​ជាមួយ​បងប្រុស​បងស្រី នៅ​រាជធានី​ភ្នំពេញ ដែល​វា​ជា​ការ​ងាយស្រួល​សម្រាប់​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ ។ នៅ​ឆ្នាំ​១៩៩៩ អ្នក​នាង​ព្រំ រ​ដ្ឋា បាន​ចូល​រៀន​ផ្នែក​គណនេយ្យ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បន្ទាប់​ពី​នាង​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​នា​ឆ្នាំ​១៩៩៨ ។

បាន​រយៈពេល​ពីរ​ឆ្នាំ​កន្លះ អ្នក​នាង​ព្រំ រ​ដ្ឋា ព្យួរ​ការ​សិក្សា​ព្រោះតែ​មិន​មាន​ពេល​គ្រប់គ្រាន់ ដោយ​មមាញឹក​ខ្លាំង​ចំពោះ​អាជីព​ជា​តារា​សម្ដែង និង​ការងារ​ជា​ពិធី​ការិនី​ទូរទស្សន៍ ។
ទេព​​កោសល្យ​រុញច្រាន​ឲ្យ​ក្លាយជា​ពិធី​ការិនី និង​តារា​សម្តែង​នៅ​ដើម​ឆ្នាំ​១៩៩៩ បន្ទាប់​ពី​បាន​ជាប់​ក្នុង​ការ​ជ្រើសរើស​ធ្វើ​ជា​ពិធី​ការិនី​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​មក អ្នក​នាង​ព្រំ រ​ដ្ឋា ត្រូវ​អ្នកគ្រប់គ្រង​ឲ្យ​កាន់​កម្មវិធី ធំ​ៗ​ជា​បន្តបន្ទាប់​ព្រោះតែ​នាង​មាន​ទេព​កោសល្យ​ខ្ពស់​ចំពោះ​ការ​អត្ថាធិប្បាយ ។ តាម​រយៈ​កម្មវិធី​អាន​ព័ត៌មាន​ខ្លី​ៗ និង​តាមដាន​កម្សាន្ត ជួយ​ឲ្យ​នាង​ត្រូវ​មហាជន​ចាប់ផ្តើម​ស្គាល់ ។ ឆ្លងកាត់​ការងារ​រហូត​ដល់​ឆ្នាំ​២០០០ អ្នក​នាង​ព្រំ រ​ដ្ឋា ក្លាយជា​ពិធី​ការិនី​ល្បីឈ្មោះ ពិសេស​នៅ​ពេល​នាង​ចាប់​ដៃគូ​ជាមួយ​លោក​ភោ សុ​ផានិត ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ឈ្មោះ​«​ពិភព​តន្ត្រី​» និង​«Hello Ozone»​បន្ទាប់​ពី​នាង​សេក សេរី​រ័​ត្ន​បាន​រៀប​ការ ហើយ​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។

ឱកាស​បង្ហាញមុខ​ដ៏​ស្រស់​ផូរផង់​តាម​កញ្ចក់​ទូរទស្សន៍ ជួយ​អ្នក​នាង​ព្រំ រ​ដ្ឋា ទៅ​កាន់​ទំព័រ​ជីវិត​ប្រសើរ​ថ្មី​មួយទៀត ។ នៅ​ចុងឆ្នាំ​១៩៩៩ លោក​ហ្វៃ សំអាង និង​អ្នកស្រី​ចាន់ ធី មន្ត្រី​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ពេញចិត្ត​ជ្រើស​អ្នក​នាង​ព្រំរ​ដ្ឋា សម្ដែង​ជា​តួអង្គ​នាង​ម៉ឺ​យ​ចឺ​យ សម្រាប់​ចម្រៀង​ខារ៉ាអូខេ​រឿង​«​ម៉ាក់ថឺង​»​។ ខារ៉ាអូខេ​នេះ​ល្បីល្បាញ​ជាទី​ពេញ​និយម​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក ។ តាម​រយៈ​តួអង្គ​នាង​ម៉ឺ​យ​ចឺ​យ​នោះ​ហើយ​ធ្វើ​ឲ្យ​នារី​ស្អាត​មាន​ប្រភព​កំណើត​នៅ​ខេត្តតាកែវ​រូប​នេះ​ក្លាយជា​តារា​ល្បី​មួយ​ដួង​ក្នុង​ពិភព​សិល្បៈ​សម្តែង​។

អ្នក​នាង​ព្រំ រ​ដ្ឋា ចូលរួម​ថត​ស្ប៉ត និង​ចម្រៀង​ខារ៉ាអូខេ ជា​បន្តបន្ទាប់ ដូច​ជា​ខារ៉ាអូខេ​រឿង​«​ព្រះ​ធិ​ន​វង្ស​» រឿង​«​ម៉ាក់​ភូ​យង់​កែវ​» និង​រឿង​«​មា​យើង​»​របស់​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស ។ ចំពោះ​ខ្សែភាពយន្ត​ខ្នាត​ធំ​នាង​បាន​ចូលរួម​សម្តែង​ក្នុង​រឿង «​ព្រះ​លក្ស្មណ៍​ធិ​ន​វង្ស​នាង​ព្រាហ្មណ៍​កេសរ​»​នៅ​ឆ្នាំ​២០០៣ ។

បន្ទាប់​ពី​នោះ​មក​អ្នក​នាង​ព្រំ រ​ដ្ឋា បាន​ចាក​ចេញពី​ពិភព​សិល្បៈ​ដោយសារ​តែ​នាង​រៀប​ការ​ជាមួយ​បុរស​ជា​ណា​ណិ​ក​ជន​ខ្មែរ​នៅ​បរទេស ហើយ​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​រស់នៅ​តាម​ស្វាមី ។ មាន​ព័ត៌មាន​ថា​ស្វាមី​របស់​នាង​ជា​បុរស​អ្នកមាន ហើយ​ផ្តល់​ឱកាស​ឲ្យ​នាង​គ្រប់គ្រង​មុខ​ជំនួញ​នៅ​សហរដ្ឋអាមេរិក ជំនួស​អាជីព​សម្តែង​របស់​នាង ។

អាពាហ៍ពិពាហ៍​ច្រាន​ជីវិត​ពី​ស្រុក​កំណើត និង​សិល្បៈ
លោក​ម៉ោ ច័ន្ទ​តារា​អ៊ំ អាយុ​ជាង​៣០ អាណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ចាប់ចិត្ត​ស្នេហា​ទៅ​លើ​អ្នក​នាង​ព្រំ រ​ដ្ឋា ។ តាម​រយៈ​ការ​ព្រមព្រៀង​គ្នា អ្នក​ទាំង​ពីរ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​នៅ​ឆ្នាំ​២០០២ ។ បន្ទាប់​មក​បុរស​ជា​គូ​ដណ្ដឹង​បាន​រត់ការ​ច្បាប់​ដើម្បី​ឲ្យ​អ្នក​នាង​ព្រំ រ​ដ្ឋា ទទួល​សិទ្ធិ​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក ដោយ​លើក​ហេតុផល​ថា នាង​ចេញ​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​។

ចំណាយពេល​៦​ខែ​បាន​សម្រេច ហើយ​អ្នក​នាង​ព្រំ រ​ដ្ឋា ក៏​ឡើង​យន្តហោះ​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​សហរដ្ឋអាមេរិក ។ អ្នក​នាង​ព្រំ រ​ដ្ឋា សោកស្ដាយ អាឡោះអាល័យ​ស្រុក​កំណើត​ពន់ពេក ប៉ុន្តែ​ជា​រឿង​ជីវិត​ដែល​ត្រូវ​តែ​ទៅ​រៀបចំ​សង្គម​គ្រួសារ​ថ្មី​មួយ ។

នៅ​អា​មេ​រិ​ក អ្នក​នាង​ព្រំ រ​ដ្ឋា បាន​រៀប​ការ​ជាមួយ​លោក​ម៉ោ ច័ន្ទ​តារា​អ៊ំ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៣ ក្រោយ​ពេល​នាង​ទៅ​ដល់ទី​នោះ​បាន​ប៉ុន្មាន​ខែ ។ មូលហេតុ​មិន​បាន​រៀប​ការ​នៅ​ប្រទេស​កំណើត ដោយសារ​រត់ការ​ច្បាប់​ក្នុង​នាម​ជា​គូ​ដណ្ដឹង​វា​មាន​ភាព​ងាយ​ស្រួល​ចាកចេញ​ទៅ​អា​មេ​រិ​ក​ជាង ដូច្នេះ​ហើយ​ទើប​អ្នក​នាង​ព្រំ រ​ដ្ឋា សម្រេចចិត្ត​ទៅ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទីនោះ ។

ទោះជា​បាន​រៀប​ការ​នៅ​អា​មេ​រិ​ក​ហើយ​ក្តី អ្នក​នាង​ព្រំ រ​ដ្ឋា បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​នាង​នៅ​ស្រុក​កំណើត​ថា​នាង និង​ស្វាមី​នឹង​មក​រៀប​ការ​ម្ដងទៀត​នៅ​កម្ពុជា ។ ចង់​រៀប​ការ​នៅ​ស្រុក​កំណើត​ដើម្បី​ញាតិ​មិត្ត​បាន​ចូលរួម​ផង និង​ឲ្យ​អ្នកគាំទ្រ​ជា​ទស្សនិកជន​ទូទៅ​បាន​ដឹងផង ។

អ្នក​នាង​ព្រំ រ​ដ្ឋា បង្ហាញ​ការណ៍​ពិត​ជីវិត​អាពាហ៍ពិពាហ៍​បែកបាក់​ក្រោយ​ពេល​សាលក្រម​លែងលះ​ចេញពី​តុលាការ​នៅ​សហរដ្ឋអាមេរិក​នៅ​អំឡុង​ចុងឆ្នាំ​២០០៩ ។

ក្នុងអំឡុងពេល​ត្រឡប់​ពី​អា​មេ​រិ​ក​វិញ​ដម​បូ​ង​អ្នក​នាង​ព្រំ រ​ដ្ឋា ធ្លាប់​ចំណាយ​ប្រាក់​ជួល​ត្រាក់ទ័រ​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ កាប់​គាស់​ដីចម្ការ ប៉ុន្តែ​បាន​មួយ​រយៈ​ក៏​ក្ស័យធន ខណៈ​វិស័យ​ដីធ្លី​ធ្លាក់​ចុះ ។

អ្នក​នាង ព្រំ រ​ដ្ឋា
អ្នក​នាង​ព្រំ រ​ដ្ឋា មាន​គម្រោង​បើក​ជំនួញ តែ​បំណង​របស់​នាង​ហាក់​នៅ​ឆ្ងាយ​ហួស​ពី​អ្វី​ដែល​អាច​ធ្វើ​បាន ។ នាង​មាន​បំណង​ចង់​រកស៊ី​ច្រើន​ជាង​សិល្បៈ ប៉ុន្តែ​មិន​ប្រាកដ​ទៅ​លើ​របរ​អ្វី​ទេ ព្រោះ​នាង​មើលឃើញ​គេ​ចាប់​យក​ច្រើន​មុខ ច្រើន​ផ្នែក​ទៅ​ហើយ ។ ទោះជា​

យ៉ាងណា​ក្តី​បើ​មាន​លទ្ធភាព​អ្នក​នាង​ព្រំ រ​ដ្ឋា ចង់​បើក​សម្អាងការ ។
ដោយ​ធ្លាប់​រស់នៅ​សហរដ្ឋអាមេរិក​អ្នក​នាង​ព្រំ រ​ដ្ឋា មានគំនិត​ទាក់ទង​ផ្តល់​ឱកាស​ឲ្យ​តារាចម្រៀង​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក តាម​រយៈ​ម្ចាស់​ឧបត្ថម្ភ ដែល​ជា​បងធម៌​របស់​នាង បន្ថែម​ពីលើ​អាជីព​ជា​ពិធី​ការិនី ។ ក្រៅពី​នេះ​នាង​បាន​កាន់​កម្មវិធី​ពីរ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ចាក​ចេញពី​ប៉ុស្ដិ៍​លេខ​៣ និង​អប្សរា ។

អ្នក​នាង​ព្រំ រ​ដ្ឋា បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកល​វិទ្យា​ល័យ​បៀ​ល​ប្រាយ ដើម្បី​បង្កើន​ចំណេះ​ជំនាញ​សម្រាប់​ការងារ​ពិធី​ការិនី​របស់​នាង​កាន់​តែ​ប្រសើរ​ឡើង ។

នៅ​ពេល​មិន​ទាន់​អាច​បើក​ជំនួញ​បាន​អ្នក​នាង​ព្រំ រ​ដ្ឋា ចង់​រៀន​ពី​បច្ចេកទេស​ផលិតកម្ម​វិធី ហើយ​ទិញ​ម៉ោង​ទូរទស្សន៍​ផលិតកម្ម​វិធី​ដោយ​ខ្លួនឯង​តែ​ម្ដង ។

បច្ចុប្បន្ន​​អ្នក​នាង​ព្រំ រ​ដ្ឋា មិន​ទាន់​មាន​គូគាប់​ថ្មី​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ