ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាព្រៃ​ស្លាប​ស​2​ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះវិហារ​៖ យោង​តាម​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៧ ឲ្យ​ដឹង​ថា​សត្វ​ទាព្រៃ​ស្លាប​ស​ចំនួន​២​ក្បាល ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ខេត្តព្រះវិហារ ខណៈ​ពួក​វា​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​មាន​ភាព​ទន់ខ្សោយ និង​មិន​អាច​ហើរ​បាន…

ខេត្តព្រះវិហារ​៖ យោង​តាម​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៧ ឲ្យ​ដឹង​ថា​សត្វ​ទាព្រៃ​ស្លាប​ស​ចំនួន​២​ក្បាល ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ខេត្តព្រះវិហារ ខណៈ​ពួក​វា​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​មាន​ភាព​ទន់ខ្សោយ និង​មិន​អាច​ហើរ​បាន ។ ទាព្រៃ​ស្លាប​សទាំង​២​ក្បាល​នេះ​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​នៃ​ក្រសួង​បរិ​ស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ប្រគល់​ទៅ​ក្រុមការងារ​របស់​មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ខេត្តសៀមរាប​ដើម្បី​ពិនិត្យ និង​មើលថែ​រក្សា រហូត​ដល់​ពេល​ពួក​វា​ជា​សះស្បើយ និង​អាច​រស់នៅ​ក្នុង​ធម្មជាតិ​វិញ​បាន​ទើប​លែង​ទៅ​ក្នុង​ព្រៃ​វិញ ។

ទាព្រៃ​ស្លាប​ស​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក ដោយសារ​តែ​ចំនួន​របស់​ពួក​វា​នៅ​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​​បាត់បង់​ទីជម្រក ការ​រំខាន​នៅ​តាម​ដងព្រែក និង​ការ​បរបាញ់​ជាដើម ។ ចំនួន​ទាព្រៃ​ស្លាប​​ស​នៅ​លើ​សាកលលោក មាន​ចន្លោះ​២៥០​ទៅ​១០០០​ក្បាល ក្នុង​នោះ​ដែរ​វា​មាន​ចំនួន​​តិចតួច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​រស់ វ៉ា​ន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព​នៃ​ក្រសួង​បរិស្ថាន និង​អង្គការ​WCS បាន​និយាយ​ថា «​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ភូមិ ក្រុម​អ្នក​អភិរក្ស​របស់​មន្ទីរ​បរិស្ថាន និង​អង្គការ WCS បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ឈូក ស្រុក​​គូលែន ខេត្តព្រះវិហារ ដើម្បី​ទទួលយក​ទាព្រៃ​ស្លាប​សទាំង​២​ក្បាល​នេះ ហើយ​ប្រគល់​បន្ត​ឱ្យ​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ដើម្បី​យក​ទៅ​មើលថែ​រក្សា​មួយ​រយៈពេល​ខ្លី រហូត​ដល់​មាន​កម្លាំង​ដូច​ធម្មតា​ទើប​លែង​ទៅ​ក្នុង​ធម្មជាតិ​វិញ​បាន ។

ការ​អប់រំ​ប្រជា​សហគមន៍​ឱ្យ​យល់​ដឹង​អំពី​ការងារ​អភិរក្ស​សត្វព្រៃ បាន​លើកទឹកចិត្ត​ឱ្យ​ពួក​គាត់​ផ្តល់​ព័ត៌មាន​អំពី​សត្វព្រៃ​មក​កាន់​ក្រុម​អ្នក​អភិរក្ស ។ ប្រសិនបើ​ពួក​គាត់​មិន​បាន​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការងារ​អភិរក្ស​សត្វព្រៃ​ទេ​នោះ ពួក​គាត់​ប្រហែលជា​យក​ទាព្រៃ​ស្លាប​សទាំង​២​ក្បាល​នេះ​ទៅ​បរិភោគ​បាត់​ទៅ​ហើយ » ។

តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ ដែល​រួម​បញ្ចូល​ទាំង​ដែន​ជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ព្រះ​រកា និង​ដែនជម្រកសត្វព្រៃ​ឆែប​ផង​ដែរ​នោះ​គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះជា​សាកល​ជា​ច្រើន​ប្រភេទ ។ សត្វ​ស្លាប​ទាំង​អស់នោះ​រួម​មាន ត្រយង​យក្ស ត្រយង​ចង្កំ​កស និង​សត្វ​ត្មាត​៣​ប្រភេទ​ដែល​សត្វ​ស្លាប​ទាំង​អស់នេះ​សុទ្ធតែ​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកលលោក សត្វ​ទាព្រៃ​ស្លាប​ស និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត ។ កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប គឺជា​គម្រោង​អភិរក្ស​មួយ​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ប្រមូល​ពង​កូន​របស់​សត្វ​ស្លាប ។ តាម​រយៈ​គម្រោង​នេះ ប្រជា​សហគមន៍​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព និង​ឆែប ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ប្រសិនបើ​ពួក​គាត់​ទទួល​បាន​ជោគ​ជ​ជ័យ​ក្នុង​ការងារ​ត្រួតពិនិត្យ​ការពារ​និង​យាម​សំបុក​សត្វ​ស្លាប សំខាន់​ៗ​រហូត​ដល់​ពេល​កូន​វា​ញាស់ ។

លោក​Michael Meyerthoff ប្រធាន​គម្រោង​ប្រចាំ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ បាន​និយាយ​ថា​« ទាព្រៃ​ស្លាប​សទាំង​២​ក្បាល​នេះ​បាន​មក​ដល់​មជ្ឈមណ្ឌល​អង្គរ​​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ ហើយ​ឥឡូវនេះ យើង​កំពុង​ត្រួតពិនិត្យ និង​មើលថែ​ទាំ​ពួក​វា​យ៉ាង​យកចិត្តទុកដាក់ ។ តាម​រយៈ​ការ​អង្កេត​ជាបឋម ពួក​វា​មាន​សុខភាព​ល្អ ហើយ​យើង​អាច​នឹង​លែង​ពួក​វា​ទៅ​ក្នុង​ព្រៃ​វិញ​ក្នុង​រយៈពេល​២​ទៅ​៣​ស​ប្តា​ហ៍​ខាង​មុខ ប្រសិន​បើ​យើង​ពិនិត្យ​ឃើញ​ថា​វា​ជា​សះស្បើយ​ទាំងស្រុង និង​អាច​រស់នៅ​ក្នុង​ធម្មជាតិ​ដោយ​ខ្លួនឯង​បាន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ