ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​៣​មកពីម៉ូ​ហ្សំ​ប៊ិក ធ្វើឱ្យ​​ភ្ញាក់​​​ច​ង់​ដាច់​ផ្ងារ​

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្លុក​ដំរី​២៧៩​ដុំ ដែល​បង្កប់​ក្នុង​ឈើ​ដឹក​តាម​កុងតឺន័រ ដោយ​នាវា​សមុទ្រ​ត្រូវ​បាន​រក​ឃើញ​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៤ ធ្នូ​កន្លង​មកនេះ ។ តាម​មន្ត្រី​គយ​និង​រដ្ឋាករបានឱ្យ​ដឹង​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្លុក​ដំរី​២៧៩​ដុំ ដែល​បង្កប់​ក្នុង​ឈើ​ដឹក​តាម​កុងតឺន័រ ដោយ​នាវា​សមុទ្រ​ត្រូវ​បាន​រក​ឃើញ​ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​កំពង់​ផែ​អន្តរជាតិ ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៤ ធ្នូ​កន្លង​មកនេះ ។ តាម​មន្ត្រី​គយ​និង​រដ្ឋាករបានឱ្យ​ដឹង​ថា ទូ​កុងតឺន័រ​ចំនួន​៣ ដែល​ទូ​នីមួយ​ៗ​មាន​ទំហំ​២០​ហ្វី​ត ជា​របស់​ក្រុមហ៊ុន Cam Transit Import Co., Ltd នាំ​មក​ពី​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៦​កន្លង​មក ដែល​មាន​ឯកសារ​បញ្ជាក់​មុខទំនិញ​ថា ជា​ឈើ​ចំនួន 29pkgs ទម្ងន់​ស្មើនឹង 55.213kgs ។

តាម​រយៈ​លទ្ធផល​រូបភាព​ត្រួតពិនិត្យ​ផ្ដល់​ដោយ​ម៉ាស៊ីន​ស្គែ​ន សមត្ថកិច្ច​ជំនាញ​មានការ​សង្ស័យ ចំពោះ​ទូ​កុងតឺន័រ​ដែល​ផ្ទុកទំនិញ​ខាង លើ ។ មន្ត្រី​គយ​និយាយ​ថា ដោយ​អនុលោម​ទៅ​តាម​នីតិវិធី​ច្បាប់​ស្ដី​ពី​គយ បន្ទាប់​ពី​ម្ចាស់​ទុក​ចោល​ទំនិញ​ជិត​១​ឆ្នាំទៅ​ហើយ​នោះ ទើប​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ សមត្ថកិច្ច​ចម្រុះ​រួម​មាន អាជ្ញាធរ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ មន្ត្រី​ប៉ូលិស​កាំកុងត្រូល ភ្នាក់ងារ​ស៊ើប​អង្កេត​របស់​ស្ថានទូត​អា​មេ​រិ​ក មន្ត្រី​គយ​និង​រដ្ឋាករ​នៃ​សាខា​គយ​និង​រដ្ឋាករ​កំពង់​ផែ​អន្ដរជាតិ​ក្រុង​ព្រះសីហនុ​ដែល​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​សហការ​គ្នា​កាត់​សៀ​ល​កុងតឺន័រ​ខាងលើ​ដើម្បី​ត្រួតពិនិត្យ ។

ឆ្លង​តាម​ការ​ត្រួតពិនិត្យ បាន​រក​ឃើញ​ថា ទូ​កុងតឺន័រ​ទី​១ គឺ​បាន​រក​ឃើញ​ភ្លុក​ដំរី ដែល​បង្កប់​ជាមួយ​ឈើ​ចំនួន​១៣២​ដុំ​ស្មើនឹង ៤៥៤,៥១​គីឡូក្រាម ។ទូ​កុងតឺន័រ​ទី​២ មិន​មាន​បង្កប់​ភ្លុក​ដំរី​ទេ មាន​តែ​ដុំ​ឈើ​ចំនួន​៦០៥​ដើម សរុប​១៩​ម៉ែត្រគូប ។

ដោយឡែក​ទូ​កុងតឺន័រ​ទី​៣ ក៏​បាន​រក​ឃើញ​បង្កប់​ភ្លុក​ដំរី​ចំនួន​១៤៧​ដុំ ស្មើនឹង​៤៨៦,៩០​គីឡូក្រាម​ផង​ដែរ ។
សរុប​ភ្លុក​ដំរី​ដែល​បាន​រក​ឃើញ​បង្កប់​ក្នុង​ទូ​កុងតឺន័រ​២​មាន​ចំនួន ២៧៩​ដុំ ស្មើនឹង ៩៤១,៤១​គីឡូក្រាម ។ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​ជំនាញ​ខាងលើ​បាន​វេច​ខ្ចប់​ភ្លុក​ដំរី​ដែល​ជា​វត្ថុ​តាង​ដាក់​ក្នុង​ទូ​កុងតឺន័រ រួច​យក​ទៅ​ដាក់​នៅ​ទី​សុវត្ថិភាព ដើម្បី​កសាង​សំណុំរឿង​បន្ដ​ទៅ​តាម​នីតិវិធី ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ករណី​ចាប់​ភ្លុក​ដំរី​ដែល​ឈ្មួញ​ទុច្ចរិត​ដាក់​បង្កប់​ក្នុង​មុខទំនិញ​ផ្សេង​ៗ តាម​ទូ​កុងតឺន័រ ឆ្លងកាត់​កំពង់​ផែ​សមុទ្រ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ដើម្បី​នាំ​ឆ្លងកាត់​ទៅ​ប្រទេស​ទី​បី ដែល​មាន​ចំនួន​បី​លើក​មក​ហើយ ។ ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​ជំនាញ​នៅ​តែ​មិន​អាច​ស្វែងរក​ម្ចាស់​ទំនិញ​ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​កសាង​សំណុំរឿង ដើម្បី​ធ្វើការ​ផ្តន្ទាទោស​បាន​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ ដែល​គេ​និយាយ​ថា​ជា​ទំនិញ​លាក់​មុខ ៕ ​

អត្ថបទសរសេរ ដោយ