ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ នៅពេលបានឃើញលោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានដឹកនាំកម្លាំងចុះចាប់ឃាត់ទូកខ្សាច់ និងគ្រឿងចក្ររបស់ឈ្មួញ ដែលកំពុងធ្វើសកម្មភាពដឹកខ្សាច់យកមកបូមដាក់លក់ នៅចំណុចអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ដែលស្ថិតនៅក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ការចុះចាប់ឃាត់នេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែធ្នូ គឺបន្ទាប់ពីលោក អ៊ូ រតនា ហៅប្រុស ជាម្ចាស់ទូកបានលួចធ្វើសកម្មភាពដឹកខ្សាច់យកមកបូមដាក់លក់នៅចំណុចទីតាំងខាងលើចំនួន៣ទូក គឺនៅល្ងាចថ្ងៃទី៥ ធ្នូ ចំនួន២ទូក និងព្រឹកថ្ងៃទី៦ ធ្នូ ចំនួន១ទូក ដោយសកម្មភាពនេះ គឺពុំមានលិខិតអនុញ្ញាត ឬច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬមន្ត្រីជំនាញណាមួយឡើយ។ លោកវរៈសេនីយឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានប្រាប់ឲ្យកោះសន្តិភាពដឹងថា មុនពេលលោកដឹកនាំកម្លាំងចុះចាប់នេះ គឺខាងអាជ្ញាធរស្រុក និងមន្ត្រីជំនាញរ៉ែ ធ្លាប់បានចុះមកហាមឃាត់ និងឲ្យម្ចាស់គ្រឿងចក្រធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពនៅលើទីតាំងនេះចំនួន២ដងរួចមកហើយ គឺនៅថ្ងៃទី២៦ វិច្ឆិកា ម្តង និងនៅថ្ងៃទី២៩ វិច្ឆិកា ម្តង។
ប៉ុន្តែលោក អ៊ូ រតនា ហៅប្រុស ដែលជាមន្ត្រីនគរបាលម្នាក់ដែរនោះ នៅតែបន្តលួចដឹកខ្សាច់យកមកបូមដាក់លក់នៅទីតាំងនេះដដែល ទើបលោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្ត និងលោកស្រី ស្រេង ទៀង អភិបាលស្រុកពាមរក៍ បញ្ជាឲ្យរូបលោកដឹកនាំកម្លាំងចុះមកចាប់ទូក និងគ្រឿងចក្រតែម្តង។ ចំណែកលោក អ៊ូ រតនា ហៅប្រុស ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងជាម្ចាស់ទូកដែលត្រូវឃាត់នោះ បានសម្តែងនូវប្រតិកម្មយ៉ាងខ្លាំងនៅពេលមានសមត្ថកិច្ចចុះទៅចាប់ឃាត់ទូករបស់លោក ដោយលោកបានអះអាងថា ទោះបីលោកបូមខ្សាច់មកដាក់លក់លើទីតាំងអតីតកំពង់ចម្លងអ្នកលឿងនេះ ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬមន្ត្រីជំនាញរ៉ែក៏ដោយ ប៉ុន្តែសកម្មភាពរបស់លោកមិនបានបង្កការរំខាន ឬការលំបាកដល់បងប្អូនប្រជាពលរដ្ឋណាទេ ហើយការដាក់លក់នេះគឺគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលណារដ្ឋត្រូវការលោកហ្នឹងដកគ្រឿងចក្រវិញភ្លាម ដូច្នេះគាត់មិនខុសទេ មិនគួរណាលោកអធិការដឹកនាំកំលាំងមកព័ទ្ធចាប់ទូករបស់លោកបែបនេះសោះ។
ដោយឡែកមន្ត្រីជំនាញរ៉ែ និងថាមពលវិញ បានប្រាប់ឲ្យកោះសន្តិភាពដឹងថា សកម្មភាពអាជីវកម្មខាងលើនេះ គឺជាសកម្មភាពខុសច្បាប់ ដែលកន្លងមកធ្លាប់ត្រូវបានហាមឃាត់ចំនួន២ដងរួចមកហើយ។ ប៉ុន្តែម្ចាស់អាជីវកម្មខាងលើនៅតែរឹងទទឹងធ្វើបំពានច្បាប់ និងមិនគោរពកិច្ចសន្យារបស់ខ្លួនជាមួយមន្ត្រីជំនាញ និងអាជ្ញាធរ ហើយចំពោះមុខពេលនេះលោក និងធ្វើរបាយការណ៍ទៅក្រសួង ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែរថា នៅក្នុងសកម្មភាពចុះចាប់ទូក និងគ្រឿងចក្រនេះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា បានឃាត់សួរនាំជនអន្តោប្រវេសន៍វៀតណាមចំនួន៣នាក់ ដែលជាកម្មករនៅលើទូកខ្សាច់ដែលត្រូវចាប់នោះ ម្នាក់មានកាន់លិខិតឆ្លងដែនប្រភេទទេសចរណ៍ និង២នាក់ទៀតអត់មានឯកសារអ្វីទាំងអស់។ តែទោះជាយ៉ាងណា ជនអន្តោប្រវេសន៍ទាំង៣នាក់នោះ មិនត្រូវបានឃាត់ខ្លួនភ្លាមៗនោះទេ កាលពីថ្ងៃទី៦ធ្នូ ប៉ុន្តែសមត្ថកិច្ច និងបន្តហៅសាកសួរនៅថ្ងៃបន្ទាប់ទៀត ដើម្បីរកឲ្យឃើញថា តើគេចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនមួយណា ហេតុអ្វីបានជាគ្មានឯកសារអ្វីទាំងអស់បែបនេះ៕
ចែករំលែកព័តមាននេះ