ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC ​កោះហៅ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​10​ មក​ប្រាប់​ពី​បញ្ហា​ប្រឈម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​កោះហៅ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ដែល​មាន​សក្ដានុពល​ចំនួន​១០​មក​ប្រជុំ​រាយការណ៍​អំពី​បញ្ហា​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា ដើម្បី​ត្រៀម​រៀបចំ​ផែនការ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​កោះហៅ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ដែល​មាន​សក្ដានុពល​ចំនួន​១០​មក​ប្រជុំ​រាយការណ៍​អំពី​បញ្ហា​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា ដើម្បី​ត្រៀម​រៀបចំ​ផែនការ និង​យុទ្ធសាស្ដ្រ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​លោក​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​តំណាង​សហព័ន្ធ​ខាងលើ​ថា បើ​យើង​ចង់​ឲ្យ​គេ​ជួយ តើ​យើង​មាន​ផែនការ​អ្វីខ្លះ ?

លោក ថោ​ង ខុន បាន​មាន​ប្រសាសន៍​ថា ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ សល់​ពេល​ជាង​៥​ឆ្នាំ​ទៀត​នឹង​មក​ដល់ តែ​ការ​ត្រៀមខ្លួន​ដើម្បី​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រវត្តិសាស្ដ្រ​នេះ
សល់​ពេល​តែ​៤​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ដូច្នេះ​វា​មិនមែន​ជា​រយៈពេល​យូរ​នោះ​ទេ ។ ហេតុនេះ​ទាមទារ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ ត្រូវ​ស្ទុះស្ទា​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ ទាំង​មន្ដ្រី​បច្ចេក​ទេស គ្រូបង្វឹក អាជ្ញាកណ្ដាល ពិសេស​គឺ​ធនធាន​កីឡាករ​-​កីឡាការិនី ខណៈ​បច្ចុប្បន្ន NOCC កំពុង​សហការ​ជាមួយ​ប្រទេស​ជា​មិត្ត​ជិត​ៗ ដែល​មានបទពិសោធន៍​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម ដើម្បី​រៀនសូត្រ និង​ស្នើ​សុំ​ការ​បណ្ដុះបណ្ដាល​ផ្សេង​ៗ ។ លោក​ថា បច្ចុ​ប្បន្ន​ថៃ និង​សិង្ហ​បុរី សុទ្ធតែ​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​កម្ពុជា​លើ​ផ្នែក​បច្ចេកទេស និង​ការ​បណ្ដុះបណ្ដាល​ផ្សេង​ៗ ទាំង​មន្ដ្រី​បច្ចេក​ទេស និង​កីឡាករ​-​កីឡាការិនី​ជាដើម ។

ប៉ុន្ដែ​បញ្ហា​ត្រង់​ថា ពេល​សហព័ន្ធ​ចង់​បញ្ជូន​ធនធាន​វ័យក្មេង​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស បែរជា​អាណាព្យាបាល​មិន​អនុញ្ញាត ក្រោម​ហេតុផល​កូន​គេ​នៅ​ក្មេង ។ វា​គឺជា​ឧបសគ្គ​មួយ ប៉ុន្ដែ​ដើម្បី​សម្រួល​ដល់​ការងារ​នេះ កម្ពុជា​បាន​ស្នើ​ទៅ​ថៃ ឬ​សិង្ហ​បុរី​ឱ្យ​បញ្ជូន​គ្រូបង្វឹក​ពួក​គេ​មក​បង្ហាត់​នៅ​កម្ពុជា​វិញ ដើម្បី​ផល​ចំណេញ​ទាំងអស់​គ្នា ។

ដោយហេតុ​នេះ សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ​ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ត្រៀម​សហការ​ជាមួយ​ភាគី​ដែល​ត្រៀម​ជួយ​ដល់​កម្ពុជា ។

លោក​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​ថា ថៃ​បាន​បញ្ជាក់​ពី​ជំហរ​ជួយ​ផ្នែក​ហ្វឹកហាត់ តែ​សិង្ហ​បុរី ដែល​កម្រ​ចាប់អារម្មណ៍​លើ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) នា​ពេល​កន្លង​មក​នោះ ពេល​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជួយ​ដល់​កម្ពុជា​ហើយ នៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​ខាងលើ ។ ហេតុនេះ រាល់​បញ្ហា​នានា ទាំង​ទីលាន មន្ដ្រី​បច្ចេកទេស គ្រូ កីឡាករ​-​កីឡាការិនី ផ្នែក​រដ្ឋបាល និង​បញ្ហា​ប្រភព​ចំណូល​ជាដើម សហព័ន្ធ​នីមួយ​ៗ​ត្រូវ​រាយការណ៍​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​កំណត់​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​២​ឆ្នាំ​ម្ដងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ