ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ល្បី​4​រូប​ក្រោយ​រង​របួស​ចោល​អាជីព​ប្រដាល់​ទៅ​ប្រកប​របរ​ផ្សេង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡាករ​ល្បីឈ្មោះ​៤​រូប​បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រដាល់ ដោយ​ឈប់​ទទួល​ឡើង​រេញ​ក៏​គេ​នៅ​តែ​កត់​សម្គាល់ថា​កីឡាករ​ទាំងនោះ​នៅ​តែ​មាន​អ្នក​ស្រឡាញ់​ចូល​ចិត្ត និង​ទទួលស្គាល់​ពី​ស្នាដៃ​របស់​ពួក​គេ​មក​ទល់​ពេល​នេះ ។ កីឡាករ​ទាំង​៤​បាន​ប្រកាស​លាឈប់​ក្រោយ​ពេល​មាន​របួស និង​ស្រប​ពេល​ការ​ប្រកួត​របស់​​ពួក​គេ​ក៏​ដល់​អាយុ​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន បើ​ទោះជា​អ្នកខ្លះ​នៅ​បន្តការ​ងារ​​ពាក់ព័ន្ធ​នឹង​ការ​ប្រដាល់​ដដែល ដោយ​គ្រាន់តែ​មិន​ទទួល​ប្រដាល់​នៅ​លើ​រេញ​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡាករ​ល្បីឈ្មោះ​៤​រូប​បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រដាល់ ដោយ​ឈប់​ទទួល​ឡើង​រេញ​ក៏​គេ​នៅ​តែ​កត់​សម្គាល់ថា​កីឡាករ​ទាំងនោះ​នៅ​តែ​មាន​អ្នក​ស្រឡាញ់​ចូល​ចិត្ត និង​ទទួលស្គាល់​ពី​ស្នាដៃ​របស់​ពួក​គេ​មក​ទល់​ពេល​នេះ ។

កីឡាករ​ទាំង​៤​បាន​ប្រកាស​លាឈប់​ក្រោយ​ពេល​មាន​របួស និង​ស្រប​ពេល​ការ​ប្រកួត​របស់​​ពួក​គេ​ក៏​ដល់​អាយុ​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន បើ​ទោះជា​អ្នកខ្លះ​នៅ​បន្តការ​ងារ​​ពាក់ព័ន្ធ​នឹង​ការ​ប្រដាល់​ដដែល ដោយ​គ្រាន់តែ​មិន​ទទួល​ប្រដាល់​នៅ​លើ​រេញ​ប៉ុណ្ណោះ ។

+ បឹ​ត ខាំ ៖ លោក​គឺជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​មិនធម្មតា​នោះ​ទេ​ នៅ​លើ​សង្វៀន ដោយ​លោក​មិន​ត្រឹមតែ​ល្បី​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​នៅ​បរទេស​ក៏​ទទួលស្គាល់​ថា​ កីឡាករ​រូប​នេះ​ជា​ជើង​ខ្លាំង​ផង​ដែរ ។ លោក​ធ្លាប់​ទទួល​បាន​ខ្សែក្រវាត់​ជើង​ឯក​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​បារាំង និង​ធ្លាប់​ត្រូវ​បាន​ប្រធាន​សមាគម​ប្រដាល់​នៅ​ក្នុង​ប្រទេស​បារាំង​ធានា​ឱ្យ​ចេញ​ទៅ​បង្ហាត់​សិស្ស​ជា​ច្រើន​ឆ្នាំ​នៅ​ទីនោះ​ទៀត​ផង ។

ក្រឡេក​មើល​ក្នុងស្រុក​វិញ លោក​ក៏​មាន​ស្នាដៃ​ព្រោះតែ​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​ច្រើន​ណាស់​ដែរ ។ លោក​ទើបតែ​បាន​បាត់​មុខ​ប្រមាណ​ជាង​១​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ គឺ​បន្ទាប់​ពី​លោក​សម្រេចចិត្ត​វិល​ចូល​ការ​ប្រកួត​ជា​ថ្មី ហើយ​ក៏​មាន​របួស​បាក់ជើង​ម្ដងទៀត ដែល​មិន​អាច​ឱ្យ​លោក​បន្ត​ការ​ព្យាបាល ។ លោក​ធ្លាប់​បែក​ឆ្អឹង​ជង្គង់​ម្ដង​ហើយ ប៉ុន្តែ​ក្រោយ​​ព្យាបាល​ជា​ក៏​បាន​ត្រឡប់​មក​វិញ ដោយសារ​តែ​នៅ​ស្រឡាញ់​ការ​ប្រដាល់​។ ប៉ុន្តែ​ការ​តាំងចិត្ត​របស់​លោក​ត្រូវ​បាន​បោះបង់​ដោយសារ​តែ​ការ​ប្រដាល់​លើក​ក្រោយ​ៗ​មិន​អាច​ឱ្យ​លោក​ទទួល​បាន​ជ័យជម្នះ ហើយ​គាប់​ជួន​ជា​របួស​បាក់ឆ្អឹង​ជើង​ចុង​ក្រោយ​របស់​លោក​ក៏​មិន​អាច​ឱ្យ​លោក​រឹង​មាំ ។ លោក​បាន​សម្រេចចិត្ត​បោះបង់​

ការ​ប្រដាល់​ទាំងស្រុង ក្រោយ​ពី​ការ​ប្រដាល់​លែង​ទទួល​បាន​ផ្លែផ្កា​តាម​ការ​ចង់បាន​។
លោក​ក៏​ត្រូវ​គេ​ដឹង​ថា​បាន​សម្រេចចិត្ត​ប្រកប​អាជីព​ជា​អ្នក​បង្វឹក​ក្មេង​ៗ​នៅ​ខេត្តកំពង់ឆ្នាំង និង​មានជីវិត​យ៉ាង​សាមញ្ញ​មិន​ដូច​កេរ្តិ៍ឈ្មោះ​របស់​លោក​កាលពី​ពេល​នៅ​ប្រឡូក​អាជីព
ប្រដាល់​ខណៈ​ដែល​ស្ថានភាព​រស់នៅ​ក៏​មាន​ពេល​ខ្លះ​គ្រប់គ្រាន់ និង​ពេល​ខ្លះ​មិន​គ្រប់​គ្រាន់ ព្រោះតែ​បាត់​ចំណូល​ពី​ការ​ប្រដាល់​ដូច​មុន​។ យូរ​ៗ​ម្ដង​គេ​ឃើញ​កីឡាករ​បឺត ខាំ បង្ហាញខ្លួន​នៅ​តាម​សង្វៀន​ដោយសារ​តែ​មក​គាំទ្រ​កីឡាករ​ជំនាន់​ក្រោយ និង​ជួនកាល​ជូន​កីឡាករ​ដែល​លោក​បង្វឹក​ជាមួយ​បងប្រុស និង​ប្អូនប្រុស​មក​ចូលរួម​ប្រកួត ប៉ុន្តែ​លោក​​រមែង​អះអាង​ថា​ខ្លួន​បន្ត​ការ​ប្រកួត​លែង​កើត​ហើយ បើ​ទោះជា​ស្ថានភាព​ប្រកួត​របស់​កីឡាករ​ក្មេង​ៗ​នៅ​ក្នុង​ដំណាក់កាល​នេះ​គឺ​ទទួល​បាន​តម្លៃ​ខ្លួន​ថ្លៃ​ៗ​ល្អ​ជាង​កាលពី​ពេល​លោក​នៅ​ប្រកួត​ដែល​មិនសូវ​បាន​ថ្លៃ ហើយ​ដេក​មើលខ្លួន​ម្ដង​ៗ​ក៏​មិនសូវ​មាន​អ្នក​ជួយ​ដូច​សម័យនេះ ។ លោក​គឺជា​អតីត​កីឡាករ​មួយ​រូប​ដែល​មានជីវិត​កម្សត់​នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​ក្នុង​ពេល​មិន​ទាន់​ល្បីឈ្មោះ លោក​គ្រាន់តែ​ជា​អ្នក​ទទួល​បានការ​ជ្រោមជ្រែង​ពី​ក្រុម​សាសនិក​នៅ​ក្នុងស្រុក​កំណើត​ដែល​លោក​រស់នៅ​ប៉ុណ្ណោះ ទើប​ក្នុងអំឡុងពេល​នេះ លោក​បឺត ខាំ បាន​ប្រកាស​យ៉ាង​ក្ដែ​ង​ៗ​ថា លោក​ជា​អ្នក​គោរព​ព្រះ​យេស៊ូគ្រិស្ត ក្នុង​ពេល​ដែល​កីឡាករ​ភាគច្រើន សុទ្ធតែ​ប្រកាស​ខ្លួន​ថា​គោរព​ព្រះពុទ្ធ​សាសនា ។

យ៉ាងណាមិញ លោក​មិន​បាន​បោះបង់​សាសនា​កំណើត​នោះ​ទេ ដ្បិត​គេ​ឃើញ​លោក​នៅ​តែ​ជឿជាក់​លើ​ការ​បញ្ចុះ​អា​ថ័​ននានា​ក្នុង​ពេល​ប្រកួត​លើ​រេញ ដោយ​លោក​ក៏​បាន​ប្រតិបត្តិ​ពិធី​សែន​គ្រូ​ដូច​គ្នា​នឹង​មិន​ជឿ​លើ​សាសនា​ព្រះ​យេស៊ូ​ផង​ដែរ ។ មក​ទល់​ពេល​នេះ លោក​ថា​លាឈប់​ពី​ការ​ប្រដាល់​១០០​ភាគរយ​ហើយ បើ​ទោះជា​លោក​នៅ​មាន​អារម្មណ៍​ស្រឡាញ់​ពេញចិត្ត​នឹង​អាជីព​ប្រដាល់​ក្ដី ។ ម្យ៉ាង​មក​ពី​លោក​ក៏​មាន​វ័យ​ច្រើន​ផង ហើយ​កម្លាំង​ក៏​ខ្សោយ​ទៀត​មិន​មាន​លទ្ធភាព​បំប៉ន​សុខភាព​ដូច​គ្នា​នឹង​កីឡាករ​បរទេស​ដែល​មាន​វ័យ​ប្រហែល​ៗ​លោក​នោះ​ឡើយ ។

+ ឡៅ ស៊ី​ណាត ៖ លោក​ក៏​ជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​មិន​ណ​យ​ផង​ដែរ នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ត្រូវ​គេ​ដឹង​ថា​បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​ប្រមាណ​ជា​២​ឆ្នាំ​មុន​ដោយសារ​តែ​មាន​របួស​បាក់ជើង ហើយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​ផ្អាក​រហូត​ដល់​៦​ខែ​ទើប​ឱ្យ​ឡើង​រេញ ។ អ៊ីចឹង​ហើយ​ទើប​លោក​សម្រេចចិត្ត​បោះបង់​តែ​ម្ដង ដោយសារ​តែ​ការ​បោះបង់​យូរ​ខែ​ពេក គឺ​ធ្វើ​ឱ្យ​លោក​ស្ពឹក​ដៃ​ស្ពឹក​ជើង ហើយ​ប្រកួត​លែង​កើត ។ លោក​ត្រូវ​គេ​ដឹង​ថា​បាន​ងាក​ទៅ​ប្រកប​របរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​និង​ឱ្យ​ភរិយា​លក់ដូរ​តិចតួច​បន្ថែម​ចំណូល​ក្រោយ​ពេល​ប្រដាល់​លែង​កើត ។

អ្វី​ដែល​ជា​ផ្លែផ្កា​ចុង​ក្រោយ លោក​ក៏​ត្រូវ​បាន​សហព័ន្ធ​ប្រដាល់​ផ្ដល់​ឱកាស​ឱ្យធ្វើ​ជា​ចៅ​ក្រម​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​បាយ័ន ទើប​ធ្វើ​ឱ្យ​លោក​កាន់តែ​លែង​នឹកនា​តែ​ម្ដង​សម្រាប់​​ការ​ចង់​វិល​មក​កាន់ការ​ប្រដាល់​ស្របគ្នា​ដែល​វ័យ​របស់​លោក​ក៏​លែង​អំណោយ​ផល ។ លោក ឡៅ ស៊ី​ណាត និយាយ​ថា លោក​ឆ្អែតឆ្អន់​នឹង​ការ​ប្រដាល់​ហើយ​ប៉ុន្តែ​លោក​ក៏​នៅ​តែ​ស្រឡាញ់​ចំពោះ​អាជីព​នេះ​ផង​ដែរ ទើប​ឱ្យ​ប្អូន​ៗ​នៅ​តែ​បន្ត​ការ​ប្រដាល់​ដោយ​មានការ​លើកទឹកចិត្ត ដោយ​មិនមែន​ខ្លួន​ប្រឡូក​ការ​ប្រដាល់​ច្រើន​ឆ្នាំ​មិន​សល់​អ្វី ហើយ​ក៏​ប្រទាញ​ឱ្យ​ប្អូនប្រុស​ក្មេង​ៗ​បោះបង់​ទៅ​រក​អាជីព​ផ្សេង​នោះ​ទេ ។

លោក​ថា ការ​ប្រដាល់​នៅ​ក្នុង​សម័យកាល​នេះ​គឺ​ប្រសើរ​ជាង​ពេល​ដែល​លោក​នៅ​ល្បី​ខ្លាំង ប៉ុន្តែ​លោក​ក៏​មិន​ចង់​បក​ក្រោយ​នោះ​ដែរ ដោយ​បាន​ទាំង​អះអាង​ថា ការ​ប្រកប​អាជីព​ថ្មី​ក្រោយ​ការ​ឈប់​ប្រដាល់​ហាក់​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្តច្រើន​ជាង បើ​ធៀប​នឹង​ពេល​ប្រឈម​ដោយ​បែក​រយះ និង​បាក់ជើង​ដើរ​មិន​រួច​ច្រើន​ខែ​ព្រោះតែ​ប្រឹង​ប្រដាល់ ។

+ វ៉​ន វី​វ៉ា ៖ លោក​ក៏​ទើបតែ​បោះបង់​ការ​ប្រដាល់​ក្រោយ​ពី​មាន​របួស​បាក់ឆ្អឹង​ដៃ​នា​អំឡុង​ជាង​១​ឆ្នាំ​ចុង​ក្រោយ​ផង​ដែរ គឺ​បន្ទាប់​ពី​លោក​ក៏​ក្លាយជា​ស្វាមី​របស់​គេ និង​ត្រូវ​បំពេញ​ការងារ​ជា​ឪពុក​នោះ​ផង ។ លោក​បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រដាល់​ហើយ​ងាក​ទៅ​ប្រកប​មុខរបរ​ថ្មី គឺ​រត់​តាក់ស៊ី​គិត​ជា​គីឡូម៉ែត្រ​ក្នុង​ក្រុង​យ៉ាង​កាលី​ប ដោយ​លោក​ក៏​មាន​រថយន្ត​ជួល​ឱ្យ​គេ​រត់​ដើម្បី​យក​ផល​ចំណេញ​ផង​ដែរ ។

នេះ​ជា​មុខរបរ​ថ្មី​របស់​លោក តែ​មើលទៅ​កាលី​បជាង​កាលដែល​លោក​នៅ​បន្ត​ការ​ប្រដាល់​ទៅ​ទៀត ជា​ពិសេស​គឺ​ស្ថានភាព​ជីវភាព​ដែល​លោកមិន​មានការ​ខ្វះខាត​ដូច​មុន​នោះ ។ លោក​ក៏​ត្រូវ​គេ​ដឹង​ថា​មានផ្ទះ​ជួល​មួយ​កន្លែង​នៅ​ម្ដុំ​វត្ត​ក្រាំងធ្នង់ ដែល​បាន​ប្រកាស​​លក់​ហើយ​មិន​ទាន់​ដឹង​ថា​លក់ដាច់ ឬ​នៅ​បន្ត​ជួល​នោះ​ទេ​។

យ៉ាងណាមិញ គេ​កត់​សម្គាល់ថា លោក​គឺជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប ដែល​ក្រោយ​ការ​ប្រកាស​ឈប់​ប្រដាល់​គឺ​មានមុខ​របរ និង​ជីវភាព​ល្អ​ប្រសើរ​ជាងគេ ដោយ​មិន​ទាន់​រាប់​បញ្ចូល​មុខរបរ​របស់​ភរិយា​គឺ​អ្នក​នាង​ស៊ន ដា​វី​ន ដែល​មាន​ក្លិប​បង្វឹក​តេ​ក្វា​ន់​ដូ​ហើយ​រក​ចំណូល​បាន​មិនធម្មតា​ជា​ប្រចាំខែ​នោះ​ផង ។

+ យុគ យក្ស​គី​ល ៖ កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​ខេត្តបាត់ដំបង​រូប​នេះ ក៏​បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រដាល់​ព្រោះតែ​ការ​ប្រកួត​ចុង​ក្រោយ​មាន​របួស​នោះ​ផង​ដែរ ។ លោក​ត្រូវ​គេ​ឃើញ​លឹប​ល​នៅ​ក្នុង​ការ​ប្រដាល់ ដោយ​ទើបតែ​បាន​បោះបង់​ទាំង​ស្រុង​ប្រមាណ​ជា​២​ឆ្នាំ​ចុង​ក្រោយ​ប៉ុណ្ណោះ គឺ​បន្ទាប់​ពី​កម្លាំង​របស់​លោក​ក៏​លែង​ដូច​មុន ហើយ​ស្ថានភាព​មុខរបួស​របស់​លោក​ក៏​មិន​អាច​ទ្រទ្រង់​បាន ។

លោក​បាន​សម្រេចចិត្ត​រស់នៅ​ស្រុក​កំណើត​ដោយ​ប្រកបរ​បរជា​អ្នក​រត់​ម៉ូតូឌុប​យ៉ាង​សាមញ្ញ តែ​ក៏​មិន​ពិបាក​ណាស់ណា​នោះ​ដែរ ដោយសារ​តែ​លោក​ក៏​មាន​ភរិយា​ជួយ​រក​ចំណូល​ផ្ទប់​មួយ​ផ្នែក​។ លោក​នៅ​តែ​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់ ជា​ពិសេស​នៅ​ពេល​រលឹក​ដល់​ថ្វីដៃ​ដែល​លោក​សម្រេច​បាន​ដូច​ជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា​។

ក្រៅពី​កីឡាករ​៤​រូប​ខាងលើ កីឡាករ​ល្បីឈ្មោះ​មួយ​ចំនួន​ទៀត​ក៏​បាន​បោះបង់​ការ​ប្រដាល់​​ដូច​គ្នា​ផង​ដែរ ដោយ​គ្រាន់តែ​កីឡាករ​ផ្សេង​ទៀត គឺ​គេ​បោះបង់​ដោយសារ​តែ​អស់ចិត្ត ដោយសារ​តែ​មានការ​ងារ​ផ្សេង និង​ដោយសារ​តែ​អាយុ​ច្រើន ដោយ​មិនមែន​ដោយសារ​តែ​បញ្ហា​របួស​ហើយ​បន្ត​ការ​ប្រកួត​លែង​បាន​ដូច​អ្នក​ទាំង​៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ