ទីក្រុងបាងកក ៖ ប្រទេសថៃ គឺជាទីតាំងដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនអូទ្រីស និងសហភាពអឺរ៉ុប វិនិយោគក្នុងបច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឧស្សាហកម្មក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត Eastern Economic Corridor (EEC) ។
រដ្ឋមន្ត្រីឧស្សាហកម្ម Uttama Savanayana ថ្លែងថា ៖« ប្រទេសថៃមានសក្តានុពលខ្ពស់ក្នុងតំបន់អាស៊ាន ព្រោះតែស្ថិរភាពនយោបាយ ទីតាំងភូមិសាស្ត្រ ការការពារកម្មសិទ្ធិបញ្ញាខ្ពស់ និងគោលនយោបាយ៤.០ » ។
លោកបន្តថា មានអាជីវកម្មជាច្រើនចាប់អារម្មណ៍មកវិនិយោគក្នុងប្រទេសថៃ គឺភាគច្រើនជាអាជីវកម្មពិភពលោក ឬអាជីវកម្មគ្រួសារដែលចង់ពង្រីកសាខាមកកាន់ប្រទេសអាស៊ាន ។
លោក Kanit Sangsubhan អគ្គ លេខាធិការក្នុងការិយាល័យ EEC និយាយថា ការិយាល័យរបស់លោកនឹងសហការជាមួយស្ថានទូតថៃ និងសភាពាណិជ្ជកម្មក្នុងប្រទេសដទៃ ដើម្បីទាក់ទាញការវិនិយោគ ឯកជន ។
មានក្រុមហ៊ុនជាង៣០ បានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគនៅ EEC នេះ ជាពិសេស ក្រុមហ៊ុនមកពីប្រទេសចិន ហុងកុង ជប៉ុន សិង្ហបុរី អូទ្រីស អាល្លឺម៉ង់ បែលហ្ស៊ិក និងហូឡង់។ ក្រុមហ៊ុនទាំងនេះស្ថិតក្នុងផ្នែកឱសថ និងថាមពល ។
លោក Songsak Saicheua អគ្គរាជទូតថៃក្នុងប្រទេសអូទ្រីស និយាយថា ឧស្សាហកម្ម គឺជាវិស័យសំខាន់ជាងគេ ដែលចូលរួមជំរុញដល់ GDP របស់ប្រទេសអូទ្រីស ។
មានក្រុមហ៊ុនអូទ្រីសប្រមាណ១០០ កំពុងវិនិយោគនៅប្រទេសថៃ ក្នុងតម្លៃសរុប៥៤០លានដុល្លារក្នុងឆ្នាំ២០១៦ ។ ចំណែកប្រទេសក្នុងតំបន់អឺរ៉ុប ក៏បានប្រឹងប្រែងបង្កើនវត្តមានរបស់ខ្លួននៅអាស៊ានផងដែរ ។
លោក Songsak បន្តថា សហគ្រាសធុនតូច និងមធ្យមនៅអូទ្រីសមានភាពខុសប្លែក ព្រោះអាជីវកម្មពួកគេភាគច្រើនមានលក្ខណៈគ្រួសារ ៕
ចែករំលែកព័តមាននេះ