ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល​លើ​មុខទំនិញ ​និង​សេវាកម្ម សម្រេច​បាន​ជាង​80%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ទូ​ទាំង​ប្រទេស ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​ផ្សព្វផ្សាយ និង​លើកទឹក​ចិត្ត​​ដល់​ពាណិជ្ជករ អាជីវករ សេវាករ​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​ផុស​ផុល និង​ចូលរួម​បិទ​ស្លាក​តម្លៃ​លើ​ផលិតផល​ជា​ប្រាក់​រៀល​ឲ្យ​បាន​គ្រប់​ៗ​គ្នា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ទូ​ទាំង​ប្រទេស ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​ផ្សព្វផ្សាយ និង​លើកទឹក​ចិត្ត​​ដល់​ពាណិជ្ជករ អាជីវករ សេវាករ​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​ផុស​ផុល និង​ចូលរួម​បិទ​ស្លាក​តម្លៃ​លើ​ផលិតផល​ជា​ប្រាក់​រៀល​ឲ្យ​បាន​គ្រប់​ៗ​គ្នា ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​៨០%​ហើយ ។ នេះ​បើ​តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ មាន​ប្រសាសន៍​ថា នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​តាម​ខេត្ត មន្ត្រី​បាន​ចុះ​ណែនាំ​ឲ្យ​អាជីវករ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល​រួច​ហើយ ក្នុង​នោះ​មាន​កន្លែង​ខ្លះ​បាន​ដូរ និង​ខ្លះ​ទៀត​មិន​ទាន់​អនុវត្ត​នៅឡើយ តែ​ជា​ទូទៅ វា​មិន​សល់​ច្រើន​ទេ ។

លោក​ថ្លែង​ថា ៖« តាម​ខ្ញុំ​មើល យើង​បាន​បិទ​តម្លៃ​លើ​ផលិតផល​ជា​ប្រាក់​រៀល​បាន​ភាគ​ច្រើន​ហើយ​នៅ​ទូ​ទាំង​ប្រទេស ចាប់តាំងពី​ក្រសួង​ប្រកាស​ជូនដំណឹង​ឲ្យ​អាជីវករ ឬ​នៅ​តាម​ផ្សារ​នានា​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់​រៀល​នៅ​លើ​ផលិតផល​មក ។ បើ​គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ អាច​វាយតម្លៃ​ថា សម្រេច​បាន​ប្រហែល​៨០ ឬ​៩០%​ហើយ » ។

យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា នៅ​១៨​ឆ្នាំ​ចុង​ក្រោយ​នេះ ធនាគារជាតិ​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល តាម​រយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​ផ្អែក​លើ​យន្តការ​ទីផ្សារ និង​ដោយ​សន្សឹម​ៗ ។ ជា​លទ្ធផល នៅ​ក្នុងអំឡុង​ពេល​​នេះ ចំនួន​ប្រាក់​រៀល​ចរាចរ​បាន​កើនឡើង​១៦​ដង ដល់​៨,៧​ទ្រី​លាន​រៀល (២,២​ប៊ី​លាន​រៀល​) ហើយ​ប្រាក់​បញ្ញើ​កើន​ជាង​៤​ដង ដល់​៣,៤​ប៊ី​លាន​រៀល (៩៣៨,៥​លាន​ដុល្លារ​) ។ បើ​ធៀប​នឹង​ឆ្នាំ​១៩៩៣ ចំនួន​ប្រាក់​រៀល​ចរាចរ និង​ប្រាក់​បញ្ញើ​ជា​រៀល​សរុប​កើនឡើង​៣០​ដង ឬ​កើន​ជា​មធ្យម​១,៣​ដង​ក្នុង​១​ឆ្នាំ​ៗ ។

ការ​បិទ​ស្លាក​តម្លៃ​លើ​ផលិតផល និង​សេវា​ជា​ប្រាក់​រៀល​នេះ តាម​មន្ត្រី​អ្នកនាំពាក្យ​លើក​ឡើង​ថា ៖« ចំពោះ​ផ្សារ​ដែល​មិន​បាន​អនុវត្ត​ទៅ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជ​កម្ម យើង​មិន​ទាន់​មានការ​ពិន័យ​គាត់​ទេ ជា​ទូទៅ ណែនាំ​គាត់​សិន ។ វា​ខុស​នឹង​ប្រកាស​របស់​ក្រសួង ប៉ុន្តែ​វា​មិនមែន​ជា​ទោស​អ្វី​ធ្ងន់​ទេ តែ​ពេល​យើង​ណែនាំ​ទៅ​បើ​គាត់​ធ្វើ​តាម ឬ​មិន​ធ្វើ​តាម ក៏​ហី​ទៅ ប៉ុន្តែ​យើង​ណែនាំ​គាត់​ម្តង​ជា​ពីរ​ដង បើ​មិន​ព្រម យើង​នឹង​មាន​វិធានការ » ។

យោង​តាម​សេចក្តី​ប្រកាស​លេខ ០៤៧ MOC / SM 2013 ស្តី​ពី​ការ​បិទ​ស្លាក​តម្លៃ​លើ​មុខ​ទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៣ បាន​កំណត់​ក្នុង​ប្រការ​១​ថា កំណត់​ឲ្យ​បិទ​ស្លាក​តម្លៃ​លើ​មុខទំនិញ និង​សេវា​ទាំង​អស់ ដែល​បាន​ចរាចរ​នៅ​លើ​ទីផ្សារ សំដៅ​ធានា​ដល់​យន្តការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទីផ្សារ​សេរី ការ​ប្រកួតប្រជែង​ដោយ​សមធម៌ និង​ការ​លើក​ស្ទួយ​ដល់​ចរាចរ​រូបិយ​វត្ថុ​ក្នុង​ស្រុក (​ប្រាក់​រៀល​) ក្នុង​គោលបំណង​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន និង​អ្នក​ប្រើ​ប្រាស់​​ទូទៅ និង​ប្រការ​២ ពាណិជ្ជករ អាជីវករ សេវា​ទាំងអស់ ដែល​កំពុង​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​តែ​បិទ​ស្លាក​តម្លៃ​លើ​គ្រប់មុខ​ទំនិញ និង​សេវា​របស់​ខ្លួន​ជា​ប្រាក់​រៀល​ជា​ចាំបាច់ ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ មាន​ប្រសាសន៍​ថា មាន​ទំនិញ​មួយ​ចំនួន​មិន​ដាក់​ឬ​បិទ​តម្លៃ​ជា​ប្រាក់​រៀល តែ​ដាក់​ជា​ប្រាក់​ដុល្លារ ហើយ​ការ​បិទ​នេះ​ដោយ​សារ​មាន​សុំ​ច្បាប់​ត្រឹមត្រូវ​សម្រាប់​ភ្ញៀវ​ទេសចរ តែ​វា​មិន​ច្រើន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ