ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​ជ្រូក​ខ្មែរ​នៅ​តែ​បន្ដ​រ៉ាំរ៉ៃ ខណៈ​ឈ្មួញ​នៅ​តែ​សម្រុក​នាំ​ចូល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិបត្តិ​តម្លៃ​ជ្រូក​នៅ​កម្ពុជា​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ ដែល​ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​តូច​ធំ​មួយ​ចំនួន​បោះបង់​ការ​ចិញ្ចឹម ព្រោះតែ​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ និង​ខ្លះ​ទៀត​ត្រូវ​បង្ខំចិត្ត​លក់ ព្រោះ​បើ​ទុក​យូរ កាន់តែ​ខាត​ច្រើន​ឡើង…

រាជធានី​ភ្នំពេញ ៖ វិបត្តិ​តម្លៃ​ជ្រូក​នៅ​កម្ពុជា​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ ដែល​ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​តូច​ធំ​មួយ​ចំនួន​បោះបង់​ការ​ចិញ្ចឹម ព្រោះតែ​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ និង​ខ្លះ​ទៀត​ត្រូវ​បង្ខំចិត្ត​លក់ ព្រោះ​បើ​ទុក​យូរ កាន់តែ​ខាត​ច្រើន​ឡើង ដោយសារ​ត្រូវ​ចំណាយ​លើ​ចំណី​រាល់ថ្ងៃ ។

លោក ប៊ុ​ន ហៀ​ង សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ជ្រូក​កម្ពុជា​បាន​ជួប​វិបត្តិ ដោយសារ​តែ​ការ​នាំ​ចូល​លើស​តម្រូវការ​ពី​ប្រទេស​ជិតខាង ជា​ពិសេស ពី​ប្រទេស​វៀតណាម ។ ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នេះ ត្រូវ​បាន​មើលឃើញ​ថា​មាន​ចំនួន​ច្រើន​ទាំង​មានច្បាប់ និង​អត់​ច្បាប់ ជា​ពិសេស​នាំ​ចូល​តាម​ច្រករបៀង ជា​លក្ខណៈ​តាម​ម៉ូតូ ឬ​តាម​រ៉ឺ​ម៉ក​ត​កន្ទុយ ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន បើ​យើង​សង្កេត​មើល​ពី​ការ​ចិញ្ចឹម​ក្នុងស្រុក យើង​មិន​អាច​ផ្គត់​ផ្គង់​ទីផ្សារ​បាន​ទេ ដោយសារ​តែ​តម្លៃ​ជ្រូក​ក្នុងស្រុក​ទាប​ពេក ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិ​ដ្ឋាន​គ្មាន​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​បន្ត ដូចនេះ​ហើយ​ទុក​ឲ្យ​ឈ្មួញ​បន្ត​នាំ​ចូល​មក​ផ្គត់ផ្គង់​វិញ» ។

លោក​ថា ៖« កាលពី​ឆ្នាំ​មុន​ៗ ការ​ចិញ្ចឹម​ក្នុងស្រុក​របស់​យើង​អាច​ផ្គត់ផ្គង់​បាន​ទៅ​តាម​តម្រូវការ ក៏​ប៉ុន្តែ​ចាប់​តាំង​ដើមឆ្នាំ​២០១៧​មក ដោយសារ​តែ​មានការ​នាំ​ចូល​លើស​តម្រូវ​ការ​ពី​ប្រទេស​វៀតណាម បាន​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​បោះបង់​ចោលការ​ចិញ្ចឹម ។ ដូច​នេះ​ហើយ​បើសិនជា​ថ្ងៃ​ណាមួយ វៀតណាម​គេ​មិន​លើស​តម្រូវការ ហើយ​ឈប់​នាំ​ចូល​មក​កម្ពុជា ពេល​នោះ កម្ពុជា​នឹង​ជួប​វិបត្តិ​ទីផ្សារ​ជ្រូក​ទៀត ដោយពេល​នោះ​ជ្រូក​នឹង​ឡើង​ថ្លៃ តែ​អត់​មាន​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ម្ដង » ។

លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា តាម​ការ​វាយតម្លៃ​ដែល​ទទួល​បាន​ពី​អ្នក​ចិញ្ចឹម ទាំង​ក្រុមហ៊ុន និង​កសិករ​បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​ត្រូវ​ចំណាយ​ថ្លៃដើម​ប្រមាណ​៧​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ហើយ​កសិករ​វិញ​ត្រូវ​ចំណាយ​ថ្លៃដើម​ប្រមាណ​៨​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។ ប៉ុន្តែ​នៅ​ពេល​លក់​ចេញ​វិញ ក្នុង​១​គីឡូក្រាម សម្រាប់​ជ្រូក​ដែល​ចិញ្ចឹម​ពី​ក្រុមហ៊ុន បាន​តម្លៃ​ជាង​៦​ពាន់​រៀល​ក្នុង​១​គីឡូ​ក្រាម ហើយ​ជ្រូក​របស់​កសិករ​លក់​បាន​តែ​ប្រមាណ​៥.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូ​ក្រាម ដូចនេះ សម្រាប់​កសិករ​គឺ​ខាត​ធ្ងន់ធ្ងរ​ជាង​ក្រុមហ៊ុន ។

លោក​និយាយ​ថា ៖« ក្នុង​ជ្រូក​១​ក្បាល ទាំង​កសិករ និង​ម្ចាស់​កសិដ្ឋាន​ធំ​ៗ ត្រូវ​ខាតដើម​ជា​មធ្យម​១០​ម៉ឺន​រៀល តែ​ត្រូវ​បង្ខំចិត្ត​លក់​ជ្រូក​នោះ​ចេញ ព្រោះ​ទុក​យូរ​ទៅ ជ្រូក​ត្រូវ​ស៊ី​ចំណី ហើយ​ជ្រូក​ដែល​គ្រប់​អាយុ វា​ស៊ី​កាន់តែ​ច្រើន តែ​មិន​ឡើង​គីឡូ​ទៀត​ទេ » ។

អ្នកស្រី ម៉​ន ណា​រី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ថា ពេល​នេះ អ្នកស្រី​កាន់តែ​ពិបាក ព្រោះតែ​តម្លៃ​ធ្លាក់​ចុះ​ជិត​១​ឆ្នាំ​ហើយ និង​ធ្វើ​ឲ្យ​អ្នកស្រី​ខាតបង់​ជា​បន្តបន្ទាប់ ដោយ​យក​លុយ​ដែល​សន្សំ​បាន​ពី​មុន​មក​ចំណាយ​នៅ​ពេល​នេះ​វិញ ។

អ្នកស្រី​និយាយ​ថា ៖« ខ្ញុំ​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​តាំងពី​ជំនាន់​ឆ្នាំ​១៩៨៦ តែ​មិន​ដែល​ជួប​បញ្ហា​ដូច​ក្នុង​ឆ្នាំ​២០១៧​នេះ​ទេ ។ របរ​នេះ​បាន​ជួយ​ខ្ញុំ​ចិញ្ចឹម​កូន និង​បាន​ឲ្យ​ពួក​គេ​ទៅ​រៀនសូត្រ​បន្ត តែ​នៅ​ពេល​ដែល​តម្លៃ​ជ្រូក​មាន​បញ្ហា ខ្ញុំ​ក៏​ជួប​បញ្ហា​កាន់តែ​ខ្លាំង​ឡើង​ដែរ ត្រូវ​សន្សំ​សំចៃ​ប្រាក់​សម្រាប់​កូន​រៀន ដើម្បី​យក​ទប់ទល់​ជាមួយនឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​លើ​សត្វ​ជ្រូក​វិញ​ម្ដង ហើយ​ប្រាក់​ដែល​ខិតខំ​រកបាន​ពី​មុន​មក ក៏​ត្រូវ​តែ​យក​មក​ផ្គត់ផ្គង់​ការ​​ចំណាយ​ខាតបង់​សព្វថ្ងៃ​វិញ​ដែរ » ។

អ្នកស្រី​បន្ត​ថា អ្នកស្រី​មិន​ចង់​បោះបង់​របរ​ដែល​ជួយ​គ្រួសារ​អ្នកស្រី​តាំងពី​ដើម​មក​នោះ​ទេ ហើយ​អ្នកស្រី​ជឿជាក់​ថា តម្លៃ​ជ្រូក​នឹង​អាច​ល្អ​ប្រសើរ​ឡើង​វិញ បើសិនជា​មាន​វិធាន​ការ ឬ​ចំណាត់ការ​ណាមួយ​ពី​រាជរដ្ឋាភិបាល ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​។ ប៉ុន្ដែ​បើសិនជា​គ្មាន​ចំណាត់ការ​ទេ អ្នកស្រី​ប្រហែលជា​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន​ទេ ចង់​មិន​ចង់ អ្នកស្រី​ត្រូវ​តែ​បោះបង់​របរ​មួយ​នេះ ហើយ​ក៏​មិនដឹង​ទៅ​ពឹង​លើ​របរ​អ្វី​ផ្សេង​ដែរ​។ អ្នកស្រី​ថា ៖« សព្វ​ថ្ងៃនេះ អ្នកស្រី​លក់​ជ្រូក​ឲ្យ​ឈ្មួញ ក្នុង​១​ក្បាល​ខាត​ប្រហែលជា​១០​ម៉ឺន​រៀល ព្រោះ​បើ​ទុក​កាន់តែ​យូរ កាន់តែ​ខាត » ។

តាម​គោលការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់​ឲ្យ​ឈ្មួញ​នានា​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅប្រទេស ចំនួន​តែ​១.២៥០​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ក៏​ប៉ុន្តែ​ធាតុ​ពិត បរិមាណ​នេះ​តិចតួច​នៅឡើយ បើ​ធៀប​នឹង​ការ​នាំ​ចូល​ជាក់ស្តែង​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង មិន​ក្រោម​៣​ពាន់​ក្បាល​ទេ​ក្នុង​១​ថ្ងៃ ខណៈ​តម្រូវការ​ក្នុងស្រុក មាន​ប្រមាណ​៨​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ