ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល និង​តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំ​នេះ​មាន​ភាពល្អ​ប្រសើរ ខណៈ​តម្លៃ​លក់​ចេញ​ខ្ពស់​ជាង​ឆ្នាំ​មុន​ដែរ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំដំឡូង​មី​សប្បាយចិត្ត ។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំ​នេះ​មាន​ភាពល្អ​ប្រសើរ ខណៈ​តម្លៃ​លក់​ចេញ​ខ្ពស់​ជាង​ឆ្នាំ​មុន​ដែរ ដែល​ធ្វើ​ឲ្យ​កសិករ​ដាំដំឡូង​មី​សប្បាយចិត្ត ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំ​នេះ​ល្អ​ប្រសើរ ខណៈ​តម្លៃ​លើ​ទីផ្សារ​​ក៏​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ដែរ ដោយ​កសិករ​អាច​លក់​ដំឡូង​មី​ស្រស់​ក្នុង​តម្លៃ​ចន្លោះ​ពី​៣០០ ទៅ​៣៥០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​ឆ្នាំ​មុន​មាន​តម្លៃ​ចន្លោះ​ពី​ត្រឹម​១០០ ទៅ​១៥០​រៀល​ប៉ុណ្ណោះ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ទោះជា​យ៉ាងណា ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ឆ្នាំ​នេះ គ្មាន​កំណើន​ទេ ដោយសារ​កសិករ​រាងចាល​បាក់ស្បាត​នឹង​តម្លៃ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន ពិសេស​គឺ​គ្មាន​ទីផ្សារ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ការ​នាំ​ចេញ​ដំឡូង​មី​របស់​កម្ពុជា​ភាគច្រើន​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ និង​ទៅ​កាន់​ប្រទេស​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម ប៉ុន្តែ​បច្ចុប្បន្ន ក៏​មាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ផង​ដែរ តាម​រយៈ​រោងចក្រ​កែ​ច្នៃ​ចំណី​សត្វ​ក្នុងស្រុក » ។

លោក​បន្ត​ថា ៖« ជា​ទូទៅ ដំឡូង​មី​ឲ្យ​ផល​ចន្លោះ​ពី​២០​ទៅ​៣០​តោន​ក្នុង​១​ហិ​កតា អាស្រ័យ​​លើ​ស្ថានភាព​ដី និង​លក្ខខណ្ឌ​អាកាសធាតុ » ។

ជាមួយនឹង​បញ្ហា​តម្លៃ​កាលពី​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​ផ្ទៃដី​ដាំដំឡូង​មី​ឆ្នាំ​នេះ​ថយ​ចុះ​មក​នៅ​ត្រឹម​ទំហំ​៦៧​ម៉ឺន​ហិ​កតា​នៅ​ទូ​ទាំង​ប្រទេស ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែង​ថា ទីផ្សារ​កសិផល​នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៅឡើយ​ទេ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​បន្ថែម​ទៀត​ពី​ទីផ្សារ និង​ជំរុញ​ការ​នាំ​ចេញ ប៉ុន្តែ​ប្រសិនជា​យើង​មើល​ស្ថានភាព​តម្លៃ​កសិផល​ឆ្នាំ​នេះ មាន​សញ្ញា​វិជ្ជមាន​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​ប្រជា​កសិករ​រីករាយ ។ យ៉ាងណា​ក៏​ដោយ ការ​រក្សា​បាន​នូវ​តម្លៃ​ដែល​អាច​ទុកចិត្ត​បាន និង​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ស្ថិរភាព ពិតជា​មាន​សារសំខាន់​ណាស់ ។

កម្ពុជា គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​លើ​ពិភពលោក និង​លំដាប់​ទី​៤​នៅ​ក្នុង​តំបន់​។ ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ពាក់ព័ន្ធ​តាម​វិស័យ​នានា តម្រង់​ឆ្ពោះទៅ​រក​ទីផ្សារ​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក បាន​ជួយ​ជំរុញ​កំណើន​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ល្បឿន​មួយ​គួរ​ជាទី​មោ​ទ​នៈ ។

យោង​តាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី​កម្ពុជា ត្រូវ​បាន​ពង្រីក​ទីផ្សារ​ពី​៤​ប្រទេស​ក្នុង​ឆ្នាំ​២០១៤ ទៅ​១៦​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ ។

ទិន្នន័យ​ដដែល​បញ្ជាក់​ថា ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី (​ដំឡូង​មី​ស្រស់​, ចំណិត​ដំឡូង​មី​ក្រៀម និង​ម្សៅដំឡូង​មី​) បាន​កើនឡើង​ពី​០,២២​លាន​តោន​ក្នុង​ឆ្នាំ​២០១២ ដល់​ជាង​៣,៦​លាន​តោន​ក្នុង​ឆ្នាំ​២០១៦ ។ ចំណែក​នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ​ដំឡូង​មី សម្រេច​បាន​ជាង​១,៨​លាន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ