ការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់យូហ្វាឆេមពានលីគជុំចុងក្រោយនេះ ម្ចាស់ផ្ទះ Bayern សង្ឃឹមថា នឹងអាចសងសឹកលើក្រុម Paris SG វិញ ដើម្បីស្តារមុខមាត់ បន្ទាប់ពីត្រូវបានក្លិបមកពីបារាំងមួយនេះលត់៣ទល់នឹង០ កាលពីចុងខែកញ្ញាកន្លងទៅ ។
Bayern ជាក្រុមខ្លាំងចាស់វស្សាមួយនៅអាល្លឺម៉ង់ ដែលបច្ចុប្បន្នពួកគេកំពុងឈរនៅកំពូលតារាងប៊ុនដេស្ល៊ីហ្កា ។ ចំពោះប្រវត្តិប្រកួតពានរង្វាន់ធំនេះនៅក្នុងដីរបស់ខ្លួនចំនួន២០លើកចុងក្រោយចាប់តាំងពីឆ្នាំ២០១៤មក Bayern តែងតែធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រកួតចំនួន១៨ដង និងចាញ់តែ២លើកប៉ុណ្ណោះពេលប៉ះក្រុម Real Madrid ។ ដូច្នេះការស្វាគមន៍ក្លិបអ្នកមានមកពីបារាំងនារាត្រីនេះ វាជាក្តីរំពឹងមួយថានឹងអាចឱ្យពួកគេសងសឹកវិញបាន ។
អ្នកចាំទីដៃស្អិតរបស់ Bayern កីឡាករ Manuel Neuer នៅតែមិនទាន់អាចចូលលេងបាន រួមទាំងកីឡាករ Juan Bernat, Thiago និងកីឡាករ Arjen Robben ។
រីឯក្រុម Paris SG បន្ទាប់ពីបាននាំចូលខ្សែប្រយុទ្ធឆ្នើមវ័យក្មេងពីររូបគឺកីឡាករ
Neymar និងMbappe រួចមក ធ្វើឱ្យក្រុមភ្ញៀវមួយនេះមានទម្រង់ប្រយុទ្ធកាន់តែខ្លាំងទាំងការប្រកួតនៅក្នុងលីគ និងឆេមពានលីគ ។
ទោះបីយ៉ាងណា ប្រវត្តិប្រកួតក្រៅដីនៃពានរង្វាន់ឆេមពានលីគរបស់ក្លិប Paris SG នាពេលកន្លងមកពុំសូវទទួលបានលទ្ធផលល្អប៉ុន្មានឡើយ ។ ចំពោះស្ថានភាពកូនក្រុមវិញ ពុំមានកីឡាករសំខាន់រូបណារបួសនោះទេ លើកលែងតែកីឡាករ Thiago Motta ប៉ុណ្ណោះដែលនឹងអវត្តមានក្នុងការប្រកួតនេះ ។
យោងតាមតារាងពិន្ទុរបស់ក្លិបទាំងពីរខាងលើនេះ បើទោះជាក្រុមណាមួយចាញ់ ឬទទួលបានលទ្ធផលស្មើ ក៏ពួកគេទាំងពីរនៅតែអាចឡើងទៅលេងនៅវគ្គបន្តបានដដែល ព្រោះគម្លាតពិន្ទុរបស់ពួកគេវ៉ាដាច់ក្រុមចំណាត់ថ្នាក់លេខ៣ រហូតដល់៩ពិន្ទុ ។
ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីគ វគ្គជម្រុះក្នុងពូល ជុំចុងក្រោយនៅរាត្រីថ្ងៃអង្គារនេះមានចំនួន 8 ប្រកួត ។ Bayern, Paris SG, Man Utd, Chelsea និង Barcelona មានពិន្ទុគ្រប់គ្រាន់ហើយ រីឯ Basel, CSKA Mos, Atletico, Roma, Sporting CP និង Juventus ត្រួវការឈ្នះដើម្បីប្រជែងគ្នាយកកៅអីមួយបានឆ្លងទៅលេងវគ្គបន្ត ។
ចែករំលែកព័តមាននេះ