ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​ខុន រី​ហ្គា​វុ​ត្ថា និង អំ ខេ​ម គូ​ថ្មី​សន្លាង តែ​ជា​ធនធាន​កម្រ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ការ​ប្រកួត​របស់​កីឡាករ​ជើង​ខ្លាំង​ចាស់វស្សា​នៅ​លើ​សង្វៀន គេ​កត់​សម្គាល់ថា កីឡាករ​វ័យក្មេង​២​រូប គឺ​បង្គោល​ក្រហម សុ​ខុន រី​ហ្គា​វុ​ត្ថា មក​ពី​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធិ និង​កីឡាករ…

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ការ​ប្រកួត​របស់​កីឡាករ​ជើង​ខ្លាំង​ចាស់វស្សា​នៅ​លើ​សង្វៀន
គេ​កត់​សម្គាល់ថា កីឡាករ​វ័យក្មេង​២​រូប គឺ​បង្គោល​ក្រហម សុ​ខុន រី​ហ្គា​វុ​ត្ថា មក​ពី​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធិ និង​កីឡាករ អំ ខេ​ម មក​ពី​ក្លិប​អរុណរះ​កីឡា គឺ​មាន​សកម្មភាព​វាយ​ប្រកួត​មិន​ណ​យ​នោះ​ទេ បើ​ទោះជា​អ្នក​ទាំង​ពីរ​ជា​កីឡាករ​ថ្មី​សន្លាង​ក៏​ពិតមែន ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គេ​ជា​កីឡាករ​ផ្នែក​ប្រដាល់​សាកល ហើយ​មាន​សមត្ថភាព​ប្រកួត​​ខ្លាំង ដែល​អ្នក​ណា​ៗ​ក៏​មើល​ឃើញ​ថា​ពិតជា​មិន​ពិបាក​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ធន
ធាន​កីឡាករ​សម្រាប់​ស្វាគមន៍​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ធំ​ៗ​នោះ​ទេ ជា​ពិសេស​គឺ​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ការ​ប្រកួត​កាលពី​យប់​ថ្ងៃ​ទី​៣ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ អ្នក​ទស្សនា​​មិន​ខ្វល់​ថា កីឡាករ​ទាំង​ពីរ​ខាងលើ​បាន​ឡើង​សង្វៀន​ណាខ្លះ​ពី​មុន​មក​ទេ ប៉ុន្តែ​បាន​ចាត់​ទុក​ថា​ពួក​គេ​ជា​កីឡាករ​ថ្មី​សន្លាង​ដែល​អ្នកគាំទ្រ​បាន​ជួប​ហើយ​សរសើរ​ថា វាយ​លុក​ដាក់​គ្នា​បាន​ល្អ​។ ការ​ប្រកួត​របស់​ពួក​គេ​ត្រឹមតែ​៤​ទឹក​ប៉ុណ្ណោះ ដ្បិតថា​ពួក​គេ​ឡើង​ប្រកួត​គ្នា​ក្នុង​វគ្គ​បើក​ឆាក​នា​ល្ងាច​ថ្ងៃ​នោះ តែ​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គូ​ឯក​នោះ​ផង ជា​ពិសេស​គឺ​សម្រែក​ហ៊ោកញ្ជ្រៀវ និង​ការ​អបអរសាទរ ។

សំឡេង​ហ៊ោកញ្ជ្រៀវ​បាន​កើត​មាន​ឡើង​ខ្ទរ​សង្វៀន​ប្រដាល់​នា​ថ្ងៃ​នោះ​ផង​ដែល​អាច​និយាយ​បាន​ថា​កីឡាករ​ថ្មី​សន្លាង​មួយគូ​នេះ​ឡូយ​ផង​គេ ព្រោះ​ធ្វើ​ឱ្យ​អ្នក​អង្គុយ​ទស្សនា​ដក​ក​ចំហ​មាត់​ចង់​ដឹង​ពី​លទ្ធផល​គ្រប់​គ្នា ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ពេញ​រយៈ​៤​ទឹក​ដែល​បាន​កំណត់​សម្រាប់​ការ​ប្រកួត​ប្រដាល់​សាកល​នៅ​លើ​សង្វៀន ។ កីឡាករ​ទាំង​ពីរ​ថ្វីបើ​ទើបតែ​ឈាន​ដល់​ដំណាក់កាល​ទើប​បណ្ដុះ​បាន​បន្តិច ប៉ុន្តែ​សមត្ថភាព​របស់​គេ​គឺ​គួរ​ឱ្យ​សរសើរ ។ ម្នាក់​ៗ​និយាយ​ថា មិន​ទាន់​ប្រកួត​បាន​ច្រើន​លើក​ផង​ទទួល​បានការ​ចាប់អារម្មណ៍​បាន​ច្រើន​ដល់​ម្លឹ​ង ទម្រាំ​ប្រកួត​បាន​ច្រើន​លើក​នៅ​លើ​សង្វៀន​ទៀត តើ​នឹង​ល្អ​កម្រិត​ណា ។ អ្នក​ទាំង​ពីរ​ក៏​ស្ថិត​ក្នុង​វ័យ​ត្រូវ​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ​ផង​ដែរ ។

លោក ញាន សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រដាល់​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នោះ គឺជា​ការ​ប្រដាល់​អន្តរជាតិ​ពេល​យប់​ដែល​ក្នុង​ព្រឹត្តិការណ៍​នេះ មានការ​ដណ្ដើម​ពិន្ទុ​គ្នា​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ក៏​បា​នប​ញ្ជ្រៀ​ត​កីឡា​ករ​វ័យក្មេង​ល្អ​ៗ​ជា​ពិសេស​កីឡាករ​ទាំង​២​នៅ​ក្នុង​វិស័យ​ប្រដាល់​សាកល​ផង​ដែរ ដើម្បី​បណ្ដុះ​អ្នក​ទាំងនោះ​ឱ្យ​មាន​គេ​ចាប់អារម្មណ៍ និង​ដើម្បី​ឱ្យ​កីឡាករ​ថ្មី​ៗ​កាន់តែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រឹងប្រែង ។ លោក​ថា ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​នោះ គឺជា​ការ​ប្រកួត​បើក​ឆាក​ខែ​ថ្មី​របស់​ព្រឹត្តិការណ៍​ប្រដាល់់​ពេល​យប់ ដែល​ក្រៅពី​បាន​ដាក់​បញ្ចូល​កីឡាករ​ល្អ​ៗ​ទាំង​កម្ពុជា និង​បរទេស លោក​ក៏​បាន​ដាក់​ប្រជ្រៀត​ការ​ប្រកួត​សម្រាប់​កីឡាករ​ប្រដាល់​សាកល​ផង​ដែរ ដោយសារ​តែ​លោក​មាន​បំណង​ចង់​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ និង​ការ​ចាប់អារម្មណ៍​ក្នុង​ស្រទាប់​មហាជន ។ លោក​ចង់​ដាក់​កីឡា​ករ​ប្រដាល់​សាកល​ឱ្យ​បាន​ជាប់លាប់ ប៉ុន្តែ​ពេល​ខ្លះ​កីឡាករ​ទាំងនោះ​មិន​គ្រប់គ្រាន់​សម្រាប់​ឱ្យ​លោក​ធ្វើការ​ផ្គូផ្គង​នោះ​ទេ ទើប​ក្នុង​ពេល​ខ្លះ​ក៏​មាន​គូប្រកួត​ប្រដាល់​សាកល​ហើយ​ពេល​ខ្លះ​គឺ​មិន​មាន ។ លោក​ថា ឱ្យ​តែ​មាន​កីឡាករ​ណា​ទទួល​ប្រកួត គឺ​លោក​កំណត់​ដាក់​ភ្លាម ហើយ​លោក​នឹង​សម្រេច​រៀបចំ​ឱ្យ​ប្រកួត​តែ​ក្នុង​ពេល​យប់​ប៉ុណ្ណោះ ដោយសារ​តែ​ក្នុង​ម៉ោង​នោះ​គឺ​មាន​អ្នក​ទស្សនា​នៅ​តាម​គេហដ្ឋាន​ច្រើន ហើយ​បើ​និយាយ​ពី​មន្ត្រី​សហព័ន្ធ​គឺ​តាមដាន​ច្រើន​ជាងគេ​នៅ​ក្នុង​ម៉ោង​នោះ ។

លោក​ថា ការ​ប្រដាល់​នា​ពេល​កន្លង​មក​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ មិន​ដែល​ភ្លេច​ពី​ការ​បញ្ចូល​គ្នា​រវាង​កីឡាករ​ស្រករ​មុន និង​កីឡាករ​ស្រករ​ក្រោយ​នោះ​ទេ គឺ​រមែង​ដាក់​មួយគូ​ៗ​យ៉ាងតិច​ឱ្យ​មហាជន​បានឃើញ​ដោយ​គ្រាន់តែ​វត្តមាន​របស់​កីឡាករ​ទាំងនោះ​ហាក់​មិន​សូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​បាន​ច្រើន ។ លោក​បាន​កោតសរសើរ​ចំពោះ​វត្តមាន​កីឡាករ សុ​ខុន រី​ហ្គា​វុ​ត្ថា និង អំ ខេ​ម ដោយ​បាន​ទាំង​ចាត់​ទុក​ថា​កីឡាករ​ទាំង​ពីរ​ប្រើ​អស់​សមត្ថភាព​ធ្វើ​ឱ្យ​លោក​ដែល​ជា​អ្នក​រៀបចំ​ក៏​មាន​កម្លាំងចិត្ត​ក្នុង​​ការ​ផ្គូផ្គង និង​ផ្ដល់​ឱកាស​ឱ្យ​សម្រាប់​កម្មវិធី​បន្តបន្ទាប់​នោះ​ផង ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ សម្រាប់​គូប្រកួត​ដែល​ជា​គូ​ពិសេស ឬ​គូ​ឯក មិន​ប្រាកដ​ថា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​គូ​របស់​អ្នក​ទាំង​ពីរ​នោះ​ទេ ដោយសារ​តែ​ពេញ​រយៈពេល​៤​ទឹក គឺ​កីឡាករ​ប្រដាល់​សាកល​ទាំង​ពីរ​ប្រឹងប្រែង​ប្រកួត​បាន​ល្អ​មិន​គួរ​ឱ្យ​ជឿ ។

លោក ញាណ សុធី បន្ត​ថា ការ​ប្រកួត​របស់​កីឡាករ​វ័យក្មេង​ដែល​ជា​ការ​ប្រកួត​បើក​ឆាក​នោះ ទម្រាំ​បង្គោល​ខៀវ អំ ខេ​ម យកឈ្នះ​ដោយ​ពិន្ទុ​បាន គឺ​កីឡាករ​រូប​នេះ​ទ្រម​ខ្លួន​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កីឡាករ​ម្ខាង​ទៀត​ក៏​ត្រដាបត្រដួស​។ កីឡាករ​ទាំង​ពីរ​នេះ​លោក​ថា បើ​អាច​ឈាន​ដល់​ឡើង​ប្រកួត​គូ​ឯក ឬ​ប្រកួត​ជា​គូ​អន្តរជាតិ​គឺ​ពិតជា​ឆាប់​មានការ​ចាប់​អារម្មណ៍ ។ ប៉ុន្តែ​លោក​ថា នៅ​មិន​ទាន់​ហ៊ាន​ដាក់​ឱ្យ​ប្រកួត​ទេ ដោយសារ​តែ​មើលទៅ​ម្នាក់​ៗ​ក្មេងខ្ចី​ពេក ហើយ​បើ​និយាយ​ពី​សមត្ថភាព​ក៏​នៅ​ស្ទើរ ។ ពួក​គេ​អាច​ប្រកួត​គ្នា​ក្នុង​រង្វង់​កីឡាករ​ក្មេង​ៗ​ដូច​គ្នា​ល្អមើល ប៉ុន្តែ​បើ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​អ្នក​ល្បី គឺ​ពិតជា​ទៅ​មិន​រួច​ទេ គឺ​លុះត្រាតែ​បន្ត​សន្សំ​បច្ចេកទេស និង​បទ​ពិសោធន៍​ច្រើន​ទៀត ។ លោក​អះអាង​ថា កីឡាករ​ក្មេង​ៗ​កាន់តែ​មាន​សមត្ថភាព ជា​ពិសេស​ក្នុង​ពេល​គេ​ហ្វឹកហាត់​ជាប់លាប់ ។ ប៉ុន្តែ​លោក​ថា កីឡាករ​កម្ពុជា​គឺ​ល្អ​តែ​កីឡាករ​ដែល​ទើបតែ​ចង់​ល្បីឈ្មោះ​និង​ចង់ឱ្យ​មាន​ការ​ផ្គូផ្គង​ឱ្យ​បាន​ច្រើន​ដូច​ជា​កីឡាករ​វ័យក្មេង​ទាំង​២​ប៉ុណ្ណោះ បើ​ឈាន​ដល់​ការ​លើក​ស្ទួយ​ឱ្យ​ល្បី​បាន​បន្តិច គឺ​ច្រើន​តែ​ធ្លាក់ដៃ ដោយសារ​តែ​ទី​១​គេ​មិនសូវ​ចង់​វ៉ៃ​ដោយ​ស្វាហាប់​ដូច​មុន និង​អាច​បណ្ដាល​មក​ពី​គេ​មានឱកាស​ទទួល​បានការ​ងារ​មួយ​ផ្សេង​ដែល​មិនសូវ​ចង់​សកម្ម​ដូច​មុន​។

លោក​ថា កីឡាករ​កម្ពុជា​បើ​មាន​ឆន្ទៈ​ដូច​ពេល​ទើបនឹង​បាន​ឡើង​ប្រកួត​ដំបូង​ៗ គឺ​ពួក​គេ​ម្នាក់​ៗ​ពិតជា​មាន​សមត្ថភាព​មិន​ចាញ់​កីឡាករ​បរទេស​នោះ​ទេ ជា​ពិសេស​កណ្ដាប់ដៃ និង​ភាព​រហ័ស​រ​ហួ​ន ប៉ុន្តែ​ភាគច្រើន​គឺ​ប្រឹង​តែ​ពេល​ចង់​ល្បី និង​ចង់បាន​លុយ ហើយ​លទ្ធផល​ចុង​ក្រោយ​ក៏​មិន​ខុស​ពី​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​មួយ​ចំនួន​ទើប​អ្វី​ៗ​ហាក់​មិនសូវ​ល្អ​ប្រសើរ​។

ទោះបី​យ៉ាងណា​លោក​ថា សម្រាប់​កីឡាករ​ទាំង​ពីរ​នឹង​ក្លាយជា​ធនធាន​ល្អ​សម្រាប់​កម្ពុជា ដោយសារ​តែ​គេ​ដ្បិតថា​វ័យក្មេង និង​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​គេ​បាន​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​សាកល​មិន​ប្រកួត​ផ្នែក​សេរី​ដូច​គេ ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​ទទួល​បាន​ទីផ្សារ​នៅ​ពេល​កម្ពុជា​ត្រូវការ​កីឡាករ​ប្រដាល់​សាកល​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​គឺ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ