ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស៊ឹង​កា​នៀវ​»​ ដែល​គេ​មិនសូវ​ស្គាល់​ស្នាដៃ​អ្នក​តម្បាញ​កោះដាច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មាន​មនុស្ស​តិច​បំផុត​ដែល​ស្គាល់​ស៊ឹង​មួយ​ប្រភេទ​ឈ្មោះ​ថា ​«​ស៊ឹង​កា​នៀវ​» ។ ដោយ​ចង់​ថែរក្សា និង​អភិរក្ស ក៏​ដូច​ជា​ចង់ឱ្យ​មហាជន​ស្គាល់​ក្បាច់​ស៊ឹង​មួយ​ប្រភេទ​នេះ សិប្បកម្ម​តម្បាញ​មួយ​នៅ​កោះដាច់​ចាប់ផ្តើម​ត្បាញ​ស៊ឹ​ង​ប្រភេទ​នេះ​ឡើង​វិញ សម្រាប់​ដាក់​លក់​នៅ​លើ​ទីផ្សារ…

រាជធានី​ភ្នំពេញ ​៖ ​មាន​មនុស្ស​តិច​បំផុត​ដែល​ស្គាល់​ស៊ឹង​មួយ​ប្រភេទ​ឈ្មោះ​ថា ​«​ស៊ឹង​កា​នៀវ​» ។ ដោយ​ចង់​ថែរក្សា និង​អភិរក្ស ក៏​ដូច​ជា​ចង់ឱ្យ​មហាជន​ស្គាល់​ក្បាច់​ស៊ឹង​មួយ​ប្រភេទ​នេះ សិប្បកម្ម​តម្បាញ​មួយ​នៅ​កោះដាច់​ចាប់ផ្តើម​ត្បាញ​ស៊ឹ​ង​ប្រភេទ​នេះ​ឡើង​វិញ សម្រាប់​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​កែ​ច្នៃ​ឱ្យ​ល្អ​ជាង​មុន ។

សិប្បកម្ម​តម្បាញ​កី​កម្ពុជា គឺជា​សិប្បកម្ម​ដំបូង​ដែល​ផលិត​ស៊ឹង​កា​នៀវ​ឡើង​វិញ ។ សិប្បកម្ម​នេះ​បាន​ចាប់ផ្តើម​ត្បាញ​កាលពី​៦​ខែ​មុន ។ កំពុង​ឈរ​រៀបរាប់​ប្រាប់​ភ្ញៀវ​ពី​លក្ខណៈ​ពិសេស​នៃ​ស៊ឹង​កា​នៀវ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ ដែល​មាន​សំ​បុរស គឺ​អ្នកស្រី​តិច ស៊ី​ម​ហៀ​ង ម្ចាស់​ផលិតកម្ម តម្បាញ​កី​កម្ពុជា​ប្រាប់​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ ស្ទើ​តែ​គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ប្រើ​ស៊ឹង​កា​នៀវ​ទេ ។

ម្យ៉ាងវិញទៀត​ក៏​មិន​មាន​សិប្បកម្ម ឬ​អ្នក​ត្បាញ​ណា​ម្នាក់ ផលិត​ស៊ឹង​ប្រភេទ​នេះ​ដែរ ។ ដើម្បី​ការពារ​ក្បាច់រចនា​របស់​ខ្មែរ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ទីផ្សារ​តម្បាញ នៅ​កម្ពុជា​កំពុង​​វាយលុក​ផលិតផល​ពី​ប្រទេស​ចិន ថៃ ឡាវ​ជាដើម សិប្បកម្ម​តម្បាញ​កី​កម្ពុជា​បាន​ត្បាញ​ច្នៃ​ប្រភេទ​ស៊ឹង​កា​នៀវ​ថ្មី ដែល​ងាយ​គក់​ទឹក និង​អាច​បោក​ដោយ​ម៉ាស៊ីន​បាន ព្រម​ទាំង​មាន​តម្លៃ​សមរម្យ ដើម្បី​ប្រជែង​ជាមួយ​ផលិតផល​បរទេស ។

អ្នកស្រី​តិច ស៊ី​ម​ហៀ​ង «​អ៊ីចឹង​ហើយ​ប្រសិនបើ​ខ្ញុំ​យក​មក​លក់ ងាយស្រួល​សម្រាប់​ប្រជា​ជន​ខ្មែរ​យើង​ប្រើប្រាស់ ដោយសារ​ស៊ឹង​កា​នៀវ យើង​អាច​ច្នៃ​បាន​គ្រប់​បែប​សម្លៀក​បំពាក់​ខ្មែរ​ក៏​បាន យើង​អាច​កាត់​ជា​រ៉ូ​ប​ទាន់សម័យ​ក៏​បាន ទៅ​ស៊ី​ការ​ក៏​បាន ឬ​ជា​ឈុត​សម្រាប់​​ទៅ​ធ្វើការ យើង​អាច​ច្នៃ​ជា​កាបូប ជា​វាំងនន​» ។

ស៊ឹង​កា​នៀវ​ត្បាញ​ដោយ​អំបោះ​ឆ្អិន មាន​ពីរ​ពណ៌ ។ ដំបូង​គឺ​គេ​យក​អំបោះ​ពីរ​ពណ៌​មក​កា​នៀវ​ចូល​គ្នា ហើយ​ត្បាញ​ដោយ​ដៃ ។ ដោយសារ​តែ ប្រភេទ​ស៊ឹង​នេះ​ត្រូវ​ត្បាញ​ដោយ​ដៃ​នេះ វា​មាន​ភាព​លំបាក ហើយ​រយៈពេល​ប្រើ​ពេល​យូរ​ជាង​ស៊ឹង​ធម្មតា ។ ជា​ទូទៅ​ក្នុង​មួយ​ក្បិន​គឺ​ប្រើ​រយៈពេល​មួយ​ថ្ងៃ ។ ស៊ឹង​កា​នៀវ មាន​ច្រើន​ពណ៌ តែ​ក្នុង​មួយ​សំពត់ ឬ​មួយ​ក្បិន​គេ​ប្រើ​អំបោះ​តែ​ពីរ​ពណ៌​ប៉ុណ្ណោះ ។

ម្ចាស់​សិប្បកម្ម​វ័យ​៣៧​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​បន្ត​ថា បើ​ទោះបីជា​មិនសូវ​មាន​អ្នក​ស្គាល់​ស៊ឹង​ប្រភេទ​នេះ ប៉ុន្តែ​បន្ទាប់​ពី​ត្បាញ​ដាក់​លក់ មានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់ ។ ក្នុង​មួយ​ខែ​អ្នកស្រី​អាច​លក់​បាន​២០០​ក្បិន​។ សព្វ​ថ្ងៃនេះ​អតិថិជន​ដែល​ទិញ​ស៊ឹង​កា​នៀវ ភាគច្រើន​ជា​អ្នកមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម ដោយសារ​តែ​តម្លៃ​សមរម្យ ក្នុង​មួយ​ក្បិន​តម្លៃ​១០​ដុល្លារ​ប៉ុណ្ណោះ ។ ដូច្នេះ​អ្នកស្រី​មើលឃើញ​ថា ទីផ្សា​រេ​បស់​ស៊ឹង​កា​នៀវ​នឹង​កាន់តែ​ធំ​នៅ​ពេល​ខាង​មុខ ។

ម្ចាស់​សិប្បកម្ម​តម្បាញ​កី​កម្ពុជា​ថ្លែង​ថា​៖ «​ដោយសារ​ខាង​ស្ត្រី​តម្បាញ គាត់​ត្បាញ​រាល់ថ្ងៃ​អាជីព​របស់​គាត់ អ៊ីចឹង​យើង​អត់​អាច​ឈប់​ទេ ឱ្យ​គាត់​មាន​អាជីព​បន្ត ព្រោះ​អី​គាត់​មាន​តែ​ការងារ​ហ្នឹង ហើយ​ឥឡូវនេះ​ខ្ញុំ​ជួយ​ពួក​គាត់​មិន​ត្រឹមតែ​ត្បាញ​ទេ ខ្ញុំ​ថែម​ទាំង​ណែនាំ​គាត់ ឱ្យ​គាត់​ជួយ​ដាំ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ​ថែម​ទៀត​» ។

លោកស្រី​គង់ គ​ន្ធា​រី អនុប្រធាន​អភិរក្ស​សូត្រ​នៃ​សារមន្ទីរ​ជាតិ​ឱ្យ​ដឹង​ថា អ្នក​តម្បាញ​នៅ​តំបន់​កោះដាច់ គឺជា​អ្នក​ដែល​ចាប់ផ្តើម​ត្បាញ​ស៊ឹង​កា​នៀវ​មុនគេ ។ ស៊ឹង​នេះ​បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ​១៩៩២ ប៉ុន្តែ​ក្រោយមក​មិនសូវ​មាន​អ្នក​ត្បាញ​បន្ត​ទៀត ។

ស៊ឹង​​កា​នៀវ​ខុស​ពី​ស៊ឹង​ធម្មតា ព្រោះថា​ស៊ឹង​ធម្មតា​ប្រើ​អំបោះ​តែ​មួយ​ពណ៌ និង​មាន​ពណ៌​លាត ដោយឡែក​ស៊ឹង​កា​នៀវ​នេះ​មាន​ពីរ​ពណ៌ ឆ្លាស់គ្នា ។

លោកស្រី​គង់ គ​ន្ធា​រី​ថ្លែង​ថា​៖«​ប្រវត្តិ​វា​ខ្ញុំ​អត់​ទាន់​ដឹង​ថា​ពី​ដើម​មាន​ដែរ ឬ​អត់ ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ដែរ ប៉ុន្តែ​គ្រាន់តែ​ពេល​ខ្ញុំ​ចុះ​ទៅ​ស្រាវជ្រាវ អ្នកស្រុក​គាត់​បាន​ចាប់ផ្តើម​ត្បាញ​អាហ្នឹង
ហើយ​» ។ អ្នក​អភិរក្ស​សូត្រ​រូប​នេះ​ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ស៊ឹង​មួយ​ប្រភេទ​នេះ​កាន់តែ​ច្រើន ដើម្បី​ឱ្យ​អ្នក​ត្បាញ​មាន​ទឹកចិត្ត​ត្បាញ ដើម្បី​កុំឱ្យ​ស៊ឹង​នេះ បាត់ឈ្មោះ និង​បាត់​រូបរាង ។

អ្នកស្រី​តិច ស៊ី​ម​ហៀ​ង ម្ចាស់​សិប្បកម្ម តម្បាញ​កី​កម្ពុជា តាំង​ចិត្តនឹង​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ព្រមទាំង​រក្សា​ខ្ជាប់​នូវ​ក្បាច់រចនា​ស៊ឹង​កា​នៀវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ