ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​មែន​! អ៊ុំ វ​ណ្ណេ​ត ​ឡើង​វគ្គ​4​នាក់​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​ទៀត​ហើយ ​បន្ទាប់​ពី​កីឡាករ អ៊ុំ វ​ណ្ណេ​ត ស្រាប់​តែ​​អាច​បំបាក់​គូប្រកួត​ដែល​ជា​ជើង​ខ្លាំង​ឱ្យ​ធ្លាក់​ហាលអាវ ហើយ​អាច​ដណ្ដើម​កៅអី​៤​នាក់​​ចុង​ក្រោយ ដែល​ជា​កៅអី​សំខាន់​នៅ​ប៉ុស្ដិ៍​លេខ​៥ ដោយសារ​តែ​កីឡាករ​ដែល​មាន​សំណាង​បាន​ឡើង​ទៅ​កាន់​វគ្គ​៤​នាក់…

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​ទៀត​ហើយ ​បន្ទាប់​ពី​កីឡាករ អ៊ុំ វ​ណ្ណេ​ត ស្រាប់​តែ​​អាច​បំបាក់​គូប្រកួត​ដែល​ជា​ជើង​ខ្លាំង​ឱ្យ​ធ្លាក់​ហាលអាវ ហើយ​អាច​ដណ្ដើម​កៅអី​៤​នាក់​​ចុង​ក្រោយ ដែល​ជា​កៅអី​សំខាន់​នៅ​ប៉ុស្ដិ៍​លេខ​៥ ដោយសារ​តែ​កីឡាករ​ដែល​មាន​សំណាង​បាន​ឡើង​ទៅ​កាន់​វគ្គ​៤​នាក់ ឬ​ហៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​មានឱកាស​ដណ្ដើម​បាន​ពាន​មួយ​ក្នុង​ចំណោម​ពាន​ពី​លេខ​១​ដល់​លេខ​៤​ហើយ បើ​ទោះជា​ការ​ប្រកួត​​​របស់​គេ​មិន​ទទួល​បាន​ជោគជ័យ​បន្ត​ទៀត​ក្តី ។ អ្វី​ដែល​កីឡាករ​រូប​នេះ​ទទួល​បាន​ការ​កោតសរសើរ​ទៀត​នោះ គឺ​គេ​អាច​បំបាក់​គូប្រកួត​ឱ្យ​សន្លប់​ស្ដូក​មុន​ចប់​ទឹក​ទី​៣ ដែល​ជា​​ជ័យជម្នះ​យ៉ាង​កម្រ​ក្នុង​វគ្គ​ដ៏​ស្វិតស្វាញ​នេះ​។

ការ​ប្រកួត​នៅ​សង្វៀន​ព្រែក​កំ​ពិស កាលពី​ថ្ងៃ​ទី​២ ធ្នូ នោះ កីឡាករ វ៉ែន ហុង​ជី​វ៉ុ​ង ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ ជា​ពិសេស​បន្ទាប់​ពី​គេ​បាន​ផ្ដួល​ជើង​ខ្លាំង​ក្នុង​វគ្គ​៣២​នាក់ និង​ក្នុង​វគ្គ​១៦​នាក់ ហើយ​បាន​មក​ឈរ​ក្នុង​វគ្គ​៨ ។ ម្នាក់​ៗ​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​ដណ្ដើម​យក​កៅអី​៤​នាក់​មិនមែន​ជា​រឿង​លំបាក​ណាស់ណា​សម្រាប់​វ៉ែន ហុង​ជី​វ៉ុង នោះ​ទេ ដោយសារ​តែ​គេ​ជា​កីឡាករ​ដែល​មាន​ថ្វីដៃ​ម្នាក់​ចាប់​តាំងពី​បាន​ឆ្លង​ផុត​ក្នុង​វគ្គ​នីមួយ​ៗ ។

អ្នកគាំទ្រ​ស្ទើរ​ពាក់កណ្ដាល​បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ក្នុង​ពេល​ដែល​លោក​ជា​ជើង​ខ្លាំង​ម្នាក់ ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​ចង់បាន ទើប​ការ​ប្រកួត​របស់​គេ​បាន​ត្រឹមតែ​ទឹក​ទី​៣​ក៏​ឈាន​ដល់​ការ​បោះបង់ ហើយ​ធ្វើ​ឱ្យ​គេ​បាត់បង់​ឱកាស​ឈាន​ឡើង​ក្នុង​វគ្គ​៤​នាក់ ។

កីឡាករ វ៉ែន ហុង​ជី​វ៉ុ​ង បាន​ទទួលស្គាល់​ថា ហេតុផល​នៃ​ការ​បោះបង់​គឺ​បណ្ដាល​មក​ពី​លោក​មាន​របួស​ក្នុង​ការ​ប្រកួត​កាលពី​លើក​មុន​មិន​ទាន់​ជា​ស្រួលបួល ហើយ​ម្យ៉ាង​មក​ពី​លោក​ភ្លាត់​ឱ្យ​ត្រូវ​របួស​ត្រង់​កន្លែង​ចាស់​ផង ទើប​លោក​ចាប់ផ្ដើម​មាន​អាការ​ឈឺចាប់​ហើយ​​ប្រកួត​បន្ត​អត់​បាន ។ លោក​បាន​បញ្ជាក់​ក្រោយ​ការ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣​នា​ថ្ងៃ​នោះ​ថា លោក​សម្រេចចិត្ត​មិន​បន្ត​ការ​ប្រកួត គឺ​បន្ទាប់​ពី​ត្រូវ​កីឡាករ អ៊ុំ វ​ណ្ណេ​ត ទាត់​ត្រូវ​ជើង​ដែល​ជា​កន្លែង​របួស​ចាស់ ពេល​លោក​ប្រឹង​ប្រកួត​យក​កៅអី​ក្នុង​វគ្គ​៨​នាក់​ខ្លាំង​ពេក ។ លោក​ថា ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២ ធ្នូ លោក​ក៏​បាន​ប្រឹងប្រែង​តស៊ូ​មិន​តិច​ដែរ ប៉ុន្តែ​ក្នុង​ពេល​ប្រយុទ្ធ​តបត​ជាមួយ​គូប្រកួត ធ្វើ​ឱ្យ​លោក​ពិបាក​ទ្រាំ​ដោយសារ​តែ​ត្រូវ​ត្រង់​កន្លែង​​របួស​ចាស់​ដែល​មិន​ទាន់​ជា​សះ​ស្រួលបួល ។

លោក​ក៏​មើលឃើញ​ថា បើ​ទោះជា​នៅ​ប្រកួត​បន្ត​ក៏​នៅ​តែ​មាន​បញ្ហា​ចាញ់​ប្រៀប ទើប​លោក​យល់​ថា មាន​តែ​ការ​បោះបង់​ទេ​ទើប​អាច​ដោះស្រាយ​បញ្ហា​បាន​២​យ៉ាង ទី​១​គឺ​ការពារ​មុខរបួស​កុំឱ្យ​កាន់តែ​មាន​សភាព​ប៉ះពាល់ និង​ទី​២​ដើម្បី​កុំឱ្យ​មាន​ចំណុច​របួស​ត្រង់​កន្លែង​ថ្មី ដែល​ធ្វើ​ឱ្យ​លោក​ប៉ះពាល់​សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ បើ​គង់​តែ​មិន​ឈ្នះ​ដដែល ។ លោក​ថា ការ​ប្រកួត​លោក​ភ្លាត់​ឱ្យ​ចាញ់​ប្រៀប​ច្រើន​នៅ​ទឹក​ទី​២ ហើយ​បណ្ដាល​មក​ពី​លោក​ស្ទុះស្ទា​វាយលុក ក្នុង​ទឹក​៣​ក៏​ចូល​មិន​ចុះ និង​មាន​បញ្ហា​ឈឺ​កន្លែង​របួស​ចាស់​ផង គឺ​មាន​តែ​សម្រេចចិត្ត​បោះបង់​។ លោក​ថា ការ​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥ មិន​មានការ​ប្រកួត​ក្នុង​វគ្គ​ណាមួយ​ដែល​លោក​បាន​ឡើង​ដោយ​មិន​មាន​របួស​ជាប់​ខ្លួន​នោះ​ទេ ដោយសារ​តែ​គូប្រកួត​ដែល​លោក​ប៉ះ​ជាមួយ​តាំងពី​វគ្គ​៣២​នាក់​ជម្រុះ​យក​១៦​នាក់ និង​វគ្គ​១៦​នាក់​ជម្រុះ​យក​៨​នាក់ សុទ្ធតែ​ធ្វើ​ឱ្យ​លោក​មាន​របួស ហើយ​ជា​របួស​ដែល​ខ្ទាំ​ឆ្អឹង​មិន​អាច​ព្យាបាល​បួនដប់​ថ្ងៃ​បានជា​ទេ ។ ជាក់ស្ដែង​កាលពី​វគ្គ​មុន​នេះ​លោក​ត្រូវ​ប្រថុយ​ជីវិត​ដោយសារ​របួស​ជាប់​ខ្លួន​តែ​ម្ដង ទម្រាំ​បាន​ជាប់​ឆ្លង​ផុត​វគ្គ​១៦​នាក់ ដែល​ជា​វគ្គ​ប្រជុំ​សុទ្ធតែ​ជា​ជើង​ខ្លាំង​នោះ ។ ទោះបី​យ៉ាងណា លោក​បង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​លោក​ប្រឹងប្រែង​ទទួល​ជោគជ័យ​ជា​ច្រើន​ដំណាក់កាល​មក​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ត្រូវ​បរាជ័យ​ក្នុង​វគ្គ​ដែល​លោក​មានឱកាស​ក្លាយជា​ម្ចាស់​ជើងឯក​បែប​នេះ​ទៅ​វិញ ។

កីឡាករ អ៊ុំ វ​ណ្ណេ​ត ដែល​បាន​ឡើង​អង្គុយ​កៅអី​៤​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ បាន​អះ
អាង​ថា លោក​កាន់តែ​មាន​ក្ដី​សង្ឃឹម​សម្រាប់​ឱកាស​កាន់​ពាន​នៅ​ប៉ុស្ដិ៍​លេខ​៥ ប៉ុន្តែ​លោក​ក៏​ត្រូវ​រង់ចាំ​អ៊ុត​មើល​ការ​ប្រកួត​របស់​កីឡាករ គឹ​ម វាសនា ដែល​បាន​ឡើង​អង្គុយ​កៅអី​ក្នុង​វគ្គ​នោះ​ជាមួយ​ខ្លួន​ដែរ ។ យោង​តាម​រូបមន្ត កីឡាករ​អ៊ុំ វ​ណ្ណេ​ត ត្រូវ​ប្រកួត​ចំនួន​២​លើក​ទៀត ដោយ​ការ​ប្រកួត​មួយ​លើក​ទៀត​សម្រាប់​ដណ្ដើម​យក​កៅអី​ទៅ​កាន់​វគ្គ​២​នាក់​ចុង​ក្រោយ ប៉ុន្តែ​បើ​ទោះជា​ការ​បរាជ័យ​នៅ​ក្នុង​វគ្គ​ក្រោយ​ក៏​មិន​ធ្លាក់​ហាលអាវ​នោះ​ដែរ គឺ​នៅ​តែ​មានឱកាស​បន្ត​ការ​ប្រកួត​១​លើក​ចុង​ក្រោយ ដោយ​គ្រាន់​តែបើ​ធ្លាក់​គឺ​បាត់​សំណាង​ប្រកួត​យក​លេខ​១ ហើយ​ធ្លាក់​ទៅ​ប្រកួត​យក​លេខ​៣​ជាមួយនឹង​កីឡាករ​ដែល​ប្រកួត​ចាញ់​ដូច​គ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ ។

លោក​ថា ការ​ប្រកួត​ក្នុង​វគ្គ​១​ភាគ​៤ លោក​ក៏​នៅ​តែ​មាន​សង្ឃឹម​ច្រើន​ដែរ បើ​ទោះជា​កីឡា​ករ គឹ​ម វាសនា ដែល​បាន​ឡើង​ទៅ​អង្គុយ​កៅអី​៤​នាក់​ជាមួយ​លោក​នៅ​ក្នុង​ថ្ងៃ​នោះ​ក៏​ខ្លាំង​​មិន​ធម្មតា​ក្ដី ។ លោក​ប្រកាស​ហ្វឹកហាត់​ត្រៀមខ្លួន​ឱ្យ​បាន​ពេញលេញ ដោយសារ​តែ​ការ​ប្រកួត​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ គឺជា​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​សម្រាប់​អាជីព ដើម្បី​ឱ្យ​លោក​ទទួល​បាន​ប្រាក់​លាន​ផង និង​កាន់​តែ​​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​ផង ។ ដោយឡែក​សម្រាប់​កីឡាករ​មួយ​រូប​ទៀត គឺ គឹ​ម វាសនា ដែល​ឈ្នះ​ការ​ប្រកួត​នៅ​ថ្ងៃ​នោះ​ដែរ​ក៏​បាន​បង្ហាញ​ឆ​ន្ទះ​មិន​ខុស​គ្នា​នោះ​ដែរ បន្ទាប់​ពី​គេ​ក៏​មានសំណាង​វាយ​ឱ្យ​កីឡាករ​សំអាង ឌុន បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ