ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​3​ក្នុង​ចំណោម​18​បាន​បោះទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មាន​ប្រទេស​ចំនួន​១៨ ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេង​ៗ ជា​ពិសេស វិស័យ​សំណង់​អគារ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៨​នោះ មាន​តែ​ប្រទេស​៣​ប៉ុណ្ណោះ​ដែល​បោះទុន​វិនិយោគ​ច្រើន​ជាងគេ ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មាន​ប្រទេស​ចំនួន​១៨ ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេង​ៗ ជា​ពិសេស វិស័យ​សំណង់​អគារ ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៨​នោះ មាន​តែ​ប្រទេស​៣​ប៉ុណ្ណោះ​ដែល​បោះទុន​វិនិយោគ​ច្រើន​ជាងគេ ។ នេះ​បើ​តាម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​នៅ​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ប្រទេស​ទាំង​៣ ដែល​កំពុង​វិនិយោគ​ច្រើន​ជាងគេ​នោះ រួម​មាន ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១, កូរ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ជប៉ុន​ជាប់​ចំណាត់​លេខ​៣ ។

លោក​ថ្លែង​ថា ៖« ក្នុង​នាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​សេនា​​ធិការ​របស់​រាជរដ្ឋាភិបាល​មួយ​ផង​នោះ សន្យា​ជួយ​ដល់​បណ្ដា​វិនិយោគិន​បរទេស និង​ក្នុងស្រុក​ទាំងអស់ ដែល​កំពុង​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​បង្កើន​ល្បឿន​វិនិយោគ​កាន់តែ​រហ័ស​បន្ថែម​ទៀត » ។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​វិស័យ​៤ ជា​សសរស្ដម្ភ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច ក្នុង​នោះ​មាន វិស័យ​កាត់ដេរ ទេសចរណ៍ កសិកម្ម និង​សំណង់ ។ សម្រាប់​​វិស័យ​សំណង់ កាលពី​ឆ្នាំ​២០១៦ មាន​ទុន​វិនិយោគ​ប្រមាណ​៥.៥៧៩​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៦៨% ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​រយៈពេល​១០​ខែ​ឆ្នាំ​២០១៧ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​មាន​រហូត​ដល់​៦.២៦៧​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​២៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ។

លោក​ថា ៖« រហូត​មក​ដល់​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រមាណ​១.០៣៨​ក្រុមហ៊ុន ក្នុង​នោះ​មាន​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ចំនួន​៣២៤​ក្រុមហ៊ុន គឺ​មក​ពី​ចិន កូរ៉េ ជប៉ុន វៀតណាម ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី សហរដ្ឋអាមេរិក បារាំង ឥណ្ឌូ​ណេ​ស៊ី កា​ណា​ដា អូស្ត្រាលី អេ​ស្ប៉ា​ញ ឥណ្ឌា និង​ហ្វ៊ី​លី​ពី​ន​ជាដើម » ។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ការ​វិនិយោគ​ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​រាជធានី​ពង្រីក​ផ្ទៃដី​កាន់តែ​ធំ​ឡើង ។ ជាក់ស្ដែង រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ រាជធានី​ភ្នំពេញ​មាន​ទំហំ​ផ្ទៃដី​សរុប​ជិត​៧០០​គីឡូ​ម៉ែត្រការ៉េ កើន​ទ្វេ​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា ។

យោង​តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ផង​ដែរ​ថា សេដ្ឋ​កិច្ច​កម្ពុជា​នឹង​អាច​ប្រែប្រួល ឬ​មាន​ឥទ្ធិពល បើសិនជា​សេដ្ឋកិច្ច​របស់​ចិន​ថមថយ ឬ​ធ្លាក់​ចុះ ។ ទាំងនេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ចិន​កំពុង​តែ​ក្លាយជា​ទីផ្សារ​ធំ​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជាក់ស្ដែង គម្រោង​វិនិយោគ​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ គឺជា​គម្រោង​ដែល​វិនិយោគ​ដោយ​ចិន ហើយ​បើសិនជា​ចិន​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ណាមួយ ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​កម្ពុជា នឹង​មាន​ជាក់​ជា​ពុំខាន គ្រាន់តែ​តិច ឬ​ក៏​ច្រើន​ប៉ុណ្ណោះ ។

គិត​ចាប់តាំងពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៧​នេះ ប្រទេស​ចិន​ឈរ​នៅ​តែ​ឈរ​លំដាប់​ទី​១ ដែល​បាន​បោះទុន​វិនិយោគ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​ពីក្រោយ​ដោយ​កូរ៉េ​ខាងត្បូង មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១.៦៣៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រទេស​ជប៉ុន ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បាន​បោះទុន​វិនិយោគ​ក្នុង​រយៈពេល​១៧​ឆ្នាំ ស្មើនឹង​ទឹកប្រាក់​ប្រមាណ​២៤៥​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ