ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ កម្ពុជា​គ្រោង​សាងសង់​អគារ​កម្ពស់​600​ម៉ែត្រ​មួយទៀត ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មាន​លេចឮ​ថា កម្ពុជា​គ្រោង​សាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់​៦០០​ម៉ែត្រ ខណៈ​គម្រោង​អគារ​ពាណិជ្ជកម្ម​កម្ពស់​៥៥០​ម៉ែត្រ​មា​នទី​តាំងនៅ​អតីត​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន ត្រូវ​បាន​ពន្យារពេល ។ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មាន​លេចឮ​ថា កម្ពុជា​គ្រោង​សាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់​៦០០​ម៉ែត្រ ខណៈ​គម្រោង​អគារ​ពាណិជ្ជកម្ម​កម្ពស់​៥៥០​ម៉ែត្រ​មា​នទី​តាំងនៅ​អតីត​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន ត្រូវ​បាន​ពន្យារពេល ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គម្រោង​អគារ​កម្ពស់​កប់​ពពក​ថ្មី​មួយ​នេះ​កំពុង​ផ្តួចផ្តើម​សាងសង់​ក្នុង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ស្ថិត​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ។

លោក​សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​ជា​ស្ថាបត្យករ​ផ្តួចផ្តើម​រៀបចំ​គម្រោង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖« តាម​ផែនការមេ​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ យើង​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​៦០០​ម៉ែត្រ​មួយ សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​កណ្តាល​របស់​សម្តេច​តេ​ជោ ដែល​លោក​អាច​ត្រួតពិនិត្យ​មើល​ស្ថានភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ចេញពី​អគារ​នេះ​បាន ព្រោះ​កម្ពស់​៦០០​ម៉ែត្រ គឺ​អាច​មើលឃើញ​ទូ​ទាំង​ប្រទេស​ហើយ » ។

លោក​បន្ត​ថា ៖« អគារ​នេះ​នឹង​សាងសង់​នៅ​កណ្តាល​ទីក្រុង​នេះ ពេល​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​រៀបចំ ហើយ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​កំពុង​ចាប់អារម្មណ៍​ចូលរួម​វិនិយោគ​ក្នុង​គម្រោង​នេះ​ហើយ » ។

លោក​បន្ថែម​ថា ៖« ការ​សាងសង់​ទីក្រុង​នេះ ដើម្បី​រំឭក និង​ដឹងគុណ​សម្តេច​តេ​ជោ ក៏​ដូច​ជា​បន្សល់​ទុក​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ព្រោះ​រយៈពេល​៥៨០​ឆ្នាំ​ហើយ យើង​មិន​ដែល​បាន​សាងសង់​ទីក្រុង​ថ្មី​ទេ » ។

លោក​សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌ ដែល​បាន​សញ្ញាបត្រ​ស្មើគ្នា​នឹង​សាស្ត្រាចារ្យ​វីរ​ស្ថាបត្យ​ករ​កម្ពុជា លោក វណ្ណ ម៉ូ​លី​វណ្ណ ផង​ដែរ​នោះ​បាន​ថ្លែង​ទៀត​ថា ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ នឹង​សាងសង់​មជ្ឈមណ្ឌល​អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់​នៅ និង​មជ្ឈ​មណ្ឌល​កម្សាន្ដ​នានា​មាន​រូបរាង​ដូច​នាគរាជ ដែល​ត្រូវ​នឹង​ឆ្នាំ​របស់​សម្តេច​តេ​ជោ ។

លោក​បន្ត​ថា ទីក្រុង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​កំពង់​ផែ ដើម្បី​ភ្ជាប់​សេវាកម្ម​ដឹក​ជញ្ជូន​ពាណិជ្ជ​កម្ម​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​សម្តេច​តេ​ជោ ដែល​នឹង​រៀបចំ​ឲ្យ​មាននៅ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ ។

ទីក្រុង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​៣​ម៉ឺន​ហិ​កតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិ​ទ្ធី បាន​ថ្លែង​ថា កម្ពុជា​មាន​សក្តានុពល​សម្រាប់​រយៈពេល​២០​ឆ្នាំ​ទៀត ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយសារ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង ហើយ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស នឹង​កើនឡើង​បន្ត​ទៀត ។

លោក​ឧកញ៉ា​បន្ត​ថា តាម​រយៈ​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ថែម​ទៀត ។ លោក​ឧកញ៉ា​ថ្លែង​ថា ៖« ការ​សាង​សង់​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ នៅ​ប្រប​នឹង​ទន្លេមេគង្គ និង​ទន្លេសាប​នេះ ពិតជា​មាន​ភាព​វិសេសវិសាល​ណាស់ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មុខមាត់​កម្ពុជា​កាន់តែ​លេចធ្លោ​នៅ​លើ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​កាន់តែ​មាន​ទំនុកចិត្ត និង​អ្វី​ពិសេស​នោះ គឺជា​ការ​ឆ្លើយ​តប​នឹង​អ្វី​ជា​គុណសម្បត្តិ​របស់​សម្តេច ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​រហូត​ហ៊ាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​សុខ​សន្តិភាព​នៅ​កម្ពុជា » ។

អគ្គ​នាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រី តាំង ហួរ បាន​ថ្លែង​ថា គម្រោង​នេះ​នឹង​ដំណើរការ​ដោយ​ជោគជ័យ ប្រសិនជា​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្តើម​និង​បញ្ចប់​គម្រោង ។ វា​គ្មាន​បញ្ហា​ទេ សម្រាប់​ទីផ្សារ ដោយសារ​ការ​កើនឡើង​នូវ​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ​រយៈពេល​វែង និង​ការ​កើនឡើង​នូវ​ជនបរទេស ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា ។ លោកស្រី​បន្ត​ថា ៖« ខ្ញុំ​ជឿជាក់​លើស​ម្តេច​តេ​ជោ ព្រោះតែ​សម្តេច​ថា​ហើយ​គឺ​ធ្វើ​ហើយ ហើយ​គម្រោង​នេះ​នឹង​ដើរទៅ​មុខ »​។

ប្រសិនបើ​គម្រោង​អគារ​មួយ​នេះ​ជោគជ័យ នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​បច្ចុប្បន្ន អគារ​ភ្លោះ Petronas Tower ដែល​មាន​កម្ពស់​៤៥២​ម៉ែត្រ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី កំពុង​គ្រង​តំណែង​ជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នេះ ។
តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គិត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សំណង់​អគារ​នៅ​កម្ពុជា​កម្ពស់​ចាប់ពី​៥​ជាន់ឡើង មាន​ចំនួន​៩៧៩​អគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ