ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ដូនតា​» ជា​ច្រករបៀង​ដ៏​មាន​សក្ដានុពល​សម្រាប់​ដោះ​ដូរ​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​ទោះបីជា​ច្រករបៀង​ព្រែក​អ​ន្សា មិន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ និង​ស្ថិត​ក្នុង​ការ​បើក​ឲ្យ​ចរាចរណ៍​ទំនិញគេចពន្ធ​ដោយ​លួចលាក់​ក៏​ដោយ ក៏​មន្ត្រី​នគរបាល​ការ​ពារ​ព្រំដែន​តំបន់​ព្រែក​អ​ន្សា បាន​អះអាង​ថា វា​ជា​ច្រករបៀង​ដ៏​សំខាន់​មួយ​សម្រាប់​កសិ​ករ​យក​កសិផល​ទៅ​ដោះ​ដូរ​ជាមួយ​ទំនិញ​វៀតណាម ។ បើ​តាម​ប្រភព​ពី​កម្មករ…

ខេត្តកំពត ៖ បើ​ទោះបីជា​ច្រករបៀង​ព្រែក​អ​ន្សា មិន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ និង​ស្ថិត​ក្នុង​ការ​បើក​ឲ្យ​ចរាចរណ៍​ទំនិញគេចពន្ធ​ដោយ​លួចលាក់​ក៏​ដោយ ក៏​មន្ត្រី​នគរបាល​ការ​ពារ​ព្រំដែន​តំបន់​ព្រែក​អ​ន្សា បាន​អះអាង​ថា វា​ជា​ច្រករបៀង​ដ៏​សំខាន់​មួយ​សម្រាប់​កសិ​ករ​យក​កសិផល​ទៅ​ដោះ​ដូរ​ជាមួយ​ទំនិញ​វៀតណាម ។

បើ​តាម​ប្រភព​ពី​កម្មករ ថៅកែ​ទិញ​ស្រូវ សមត្ថកិច្ច និង​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នេះ ក្នុង​១​ថ្ងៃ ចន្លោះ​ពី​៥០០​ទៅ​៨០០​តោន ។

ច្រករបៀង​នេះ ស្ថិត​ក្នុង​ឃុំ​ព្រែក​ទន្លេ ស្រុក​កំពង់ត្រាច និង​ទើបតែ​បើក​ឲ្យ​ដំណើរការ​ជា​លក្ខណៈ​លួចលាក់ ឬ​គេចពន្ធ​នៅឡើយ ។

មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​តំបន់​ព្រែក​អ​ន្សា លោក នួន តោក បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា ការ​ដឹក​ជញ្ជូន​ស្រូវ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ព្រែក​អ​ន្សា បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ប្រមាណ​ជាង​១០​ថ្ងៃ ក្រោយ​ពេល​ដែល​ច្រករបៀង​មួយ​នេះ​ត្រូវ​បាន​បិទ​មួយ​រយៈ ។

លោក​បញ្ជាក់​ថា ៖« ច្រករបៀង​មួយ​នេះ ទាំង​ភាគី​ខ្មែរ និង​វៀតណាម ហៅ​ឈ្មោះ​ដូច​គ្នា​ថា​ច្រក «​ដូនតា​» ព្រោះ​ច្រក​នេះ​ជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​ដោះ​ដូរ​ទំនិញ​គ្នា​ជាមួយ​ប្រជាជន​វៀតណាម ដែល​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា​តាំងពី​ដូនតា​មក » ។

លោក ហូ ណាត ថៅកែ​ទិញ​ស្រូវ​ធំ​ជាងគេ និង​ជា​ម្ចាស់​ជញ្ជីង​ប្រចាំ​ច្រករបៀង​ព្រែក​អ​ន្សា​ប៉ែក​ខាងកើត​ព្រែក បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​កន្លែង​របស់​លោក ជា​មធ្យម​នាំ​ស្រូវ​ចេញ​ចន្លោះ ពី​៣​ទៅ​៥​រយ​តោន​ក្នុង​១​ថ្ងៃ ។

លោក​ថា ៖« ស្រូវ​ដែល​នាំ​ចេញ​តាម​ព្រែក​មួយ​នេះ គឺ​ដឹក​ជញ្ជូន​មក​ពី​ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះ​សីហ​នុ និង​បណ្តា​ស្រុក​មួយ​ចំនួន​របស់​ខេត្តតាកែវ ដែល​ជាប់​នឹង​ខេត្តកំពត » ។

លោក​បាន​បញ្ជាក់​ថា ៖« ច្រក​នេះ​នាំ​ស្រូវ​ចេញ​មិន​ចេះ​ដាច់​ទេ គឺ​ពេញ​១​ឆ្នាំ​តែ​ម្តង ផុត​ពី​ស្រូវ​ផ្កាម្លិះ ដល់​អ៊ី​អ៊ែ ផុត​ពី​អ៊ី​អ៊ែ ដល់​ស្រូវស្រាល និង​ស្រូវធ្ងន់ ត​គ្នា​ជាប់​ហូរហែ » ។
លោក​​បាន​បន្ថែម​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ ឡើងថ្លៃ​ជាង​ឆ្នាំ​មុន ។ ជាក់ស្ដែង នៅ​ពេល​បើក​ច្រករបៀង​នេះ ស្រូវ​ផ្កាម្លិះ​១​គីឡូ​តម្លៃ​១.២៣០​រៀល និង​ស្រូវ​អុ​ី​អ៊ែ​តម្លៃ​៨២០​រៀល​ក្នុង​១​គីឡូក្រាម ។

ប្រជា​កសិករ ឈ្មួញ ក៏​ដូច​ជា​កម្មករ មាន​សេចក្តី​ត្រេកអរ​ដែល​ច្រក​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ ព្រោះ​ពួក​គេ​ងាយស្រួល​រកស៊ី មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ និង​តម្លៃ​ស្រូវ​ឡើង​ខ្ពស់ ។ ទោះ​យ៉ាងណា​ក៏​ដោយ លោក ហូ ណាត បាន​បញ្ជាក់​ថា ៖« ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ច្រករបៀង​ព្រែក​អ​ន្សា ឃើញ​តែ​បើក​ហើយ​បិទ បិទ​ហើយ​បើក គ្មាន​ស្ថិរភាព​ទេ ។ ចំណែក​ការ​នាំ​ស្រូវ​ចេញ​តាម​ច្រក​មួយ​នេះ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​លួចលាក់​នៅឡើយ ដោយ​ភាគី​វៀតណាម​មិន​ទាន់​អនុញ្ញាត​បើក​ច្រក​នេះ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទេ » ។

លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​បើក​ច្រករបៀង​នេះ​ឲ្យ​ទៅ​ជា​ច្រក​ទ្វេភាគី​ផង​ដែរ ព្រោះ​ច្រក​នេះ​មាន​សក្តានុពល​ខ្លាំង​ណាស់ ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​អ្នក​នាំ​ចេញ​កសិផល និង​ផ្លែ​ឈើ​កម្ពុជា លោក ហាក់ វ​ណ្ណា បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា ស្រូវ​ដែល​នាំ​ចេញ​ទៅ​វៀតណាម​តាម​ខេត្តកំពត មាន​២​ច្រក គឺ​ច្រក​ព្រែក​អ​ន្សា និង​ច្រក​តន់​ហន់ ក្នុងស្រុក​កំពង់ត្រាច ។

ក្នុង​១​ឆ្នាំ ច្រក​ពីរ​នេះ​មាន​លទ្ធភាព​នាំ​ស្រូវ​ចេញ​ប្រមាណ​១០​ម៉ឺន​តោន ប៉ុន្តែ​ឆ្នាំ​នេះ មាន​តែ​ច្រក​ព្រែក​អ​ន្សា​មួយ​ទេ ដែល​នាំ​ស្រូវ​ចេញ ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន ក្នុង​១​ថ្ងៃ នាំ​ស្រូវ​ចេញ​ប្រមាណ​ជា​៧០០​តោន ។ ដោយឡែក ទាក់ទង​នឹង​ច្រករបៀង​ព្រែក​អ​ន្សា​នេះ លោក​បាន​ដាក់​សំណើ​ទៅ​ខេត្ត ដើម្បី​សុំ​ឲ្យ​បើក​ច្រក​មួយ​នេះ​ជា​ច្រក​ទ្វេភាគី​វិញ ហើយ​សាលាខេត្ត​បាន​បង្កើត​គណៈកម្មការ​ចុះ​សិក្សា និង​បាន​ដាក់​សំណើ​ទៅ​ក្រសួងមហាផ្ទៃ​ហើយ​ដែរ ។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន ទិន្នផល​ស្រូវ​ឆ្នាំ​នេះ នឹង​កើន​ដល់​ជាង​១០​លាន​តោន ខណៈ​ឆ្នាំ​មុន ការ​ប្រមូល​ផល​ស្រូវ​បាន​ជាង​៩,៩​លាន​តោន ដោយសារ​តែ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ឆ្នាំ​នេះ សម្រេច​លើស​ផែនការ​ចំនួន​៦,៤៥​ហិ​កតា ។

លោក​ថ្លែង​ថា ៖« ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ឆ្នាំ​នេះ​មាន​ទំហំ​២.៦៥៧.៧៦៨​ហិ​កតា និង​ប្រមូល​ផល​បាន​ចំនួន​១.០២២.៤៧៨​ហិ​កតា រហូត​មក​ទល់​ពេល​នេះ » ។ លោក​បន្ត​ថា ៖« ការ​ប្រមូល​ទិន្នផល​ស្រូវ​រហូត​មក​ទល់​ពេល​នេះ បាន​ចំនួន​៣.៣៦១.១៦៤​តោន ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ក្រអូប ដែល​ជា​ការ​ផលិត​សម្រាប់​តម្រង់​ទិស​នាំ​ចេញ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ