ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន ពាក់ព័ន្ធ​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ រយៈពេល​ជាង​៧​ម៉ោង​ប៉ុណ្ណោះ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​នោះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ សហ​ការណ៍​ជាមួយ​បណ្ដា​នគរបាល​ប៉ុស្តិ៍​នានា ពេល​ល្បាត​ពួនស្ទាក់​បទល្មើស​ក្នុង​មូលដ្ឋាន​ចាប់​បាន​ចំនួន​៥​នាក់​។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ រយៈពេល​ជាង​៧​ម៉ោង​ប៉ុណ្ណោះ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​នោះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ សហ​ការណ៍​ជាមួយ​បណ្ដា​នគរបាល​ប៉ុស្តិ៍​នានា ពេល​ល្បាត​ពួនស្ទាក់​បទល្មើស​ក្នុង​មូលដ្ឋាន​ចាប់​បាន​ចំនួន​៥​នាក់​។ ចំណែក​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ក្នុង​ពេល​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ផ្លូវ​ចាប់​បាន​២​នាក់​។ មិនតែប៉ុណ្ណោះ​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ខាងលើ បាន​ដកហូត​បា​នវ​តុ្ថ​តាង​ថ្នាំ​ញៀន និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២ និង​៤០​នាទី​រសៀល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ដង្កោ បាន​ចេញ​ល្បាត​តាម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ដី​ឡូត៍​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​គួរ​ឲ្យ​សង្ស័យ កម្លាំង​ក៏​បាន​ឃាត់​សួរនាំ និង​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ជាប់​ខ្លួន​ចំនួន​១១​កញ្ចប់ ហើយ​ពេល​សួរនាំ​ទើប​ដឹង​ថា ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ហើយ​កំពុង​ធ្វើ​សកម្មភាព​លក់ដូរ​ទៀត​ផង​។ ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ច្រៃ ចំរើន អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ពេល​នោះ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​មានមុខ​របរ​ជួញដូរ​គ្រឿងញៀន​មែន និង​មាន​បក្ខពួក​មួយ​ចំនួន​ទៀត បន្ទាប់​មក​បាន​ប្រាប់​ពី​អត្តសញ្ញាណ​បក្ខពួក​ជូន​នគរបាល​បាន​ស្គាល់​ថែម​ទៀត​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ចម្លើយ​សារភាព​ខាងលើ​ហើយ នៅ​វេលា​ម៉ោង​២ និង​៣០​នាទី ថ្ងៃខែ ឆ្នាំ​ដដែល កម្លាំង​នគរបាល​ខាងលើ​បាន​នាំ​ជនសង្ស័យ​រូប​នោះ ទៅ​ចាប់ខ្លួន​យុវជន​ម្នាក់​ទៀត​ដែល​ជា​បក្ខពួក​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អន្លូងគង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ជនសង្ស័យ​ឈ្មោះ រ៉េ​ត ថា​រិ​ន អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណៈនោះ​កម្លាំង​ដកហូត​បាន​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​ល្មម រួច​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​បន្ត​ទៀត​។

ជន​ទី​២​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​ជួញដូរ​គ្រឿងញៀន​ពិតមែន ហើយ​បាន​ប្រាប់​ពី​អត្តសញ្ញាណ​បក្ខពួក​ផ្សេង​ទៀត បន្ទាប់​មក​វេលា​ម៉ោង​៣ និង​៣០​នាទី ថ្ងៃខែ ឆ្នាំ​ដដែល កម្លាំង​បាន​បន្ត​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​យុវជន​សង្ស័យ​ម្នាក់​ទៀត ឈ្មោះ ឃី យូ អាយុ​២៣​ឆ្នាំ ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន មាន​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់​តូច និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ស គ្មាន​ស្លាក​លេខ លេខ​ម៉ាស៊ីន​AFGIE-14G1237 យក​មក​ធ្វើការ​សាកសួរ​។ លុះ​បាន​ចម្លើយ​សារភាព​អស់ហើយ នៅ​វេលា​ម៉ោង​៥ និង​២០​នាទី ថ្ងៃខែ ឆ្នាំ​ដដែល​កម្លាំង​នគរបាល​ដដែល បាន​ចុះ​ទៅ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​បក្ខពួក នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​។ ជន​ទី​៤​នេះ​មានឈ្មោះ ចក់ ណា​វី អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង ថ្នាំ​ញៀន​១​កញ្ចប់​ថង់​ធំ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នោះ​គឺជា​បក្ខពួក​តែ​មួយ និង​ជា​មុខសញ្ញា​ជួញដូរ ហើយ​ក្រោយ​ពេល​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ម្នាក់​បាន​សារភាព​ប្រាប់​ពី​អត្តសញ្ញាណ​បក្ខពួក រសោង​ដូច​សម្ល​កំពឹស​។

ចំណែក​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ទៀត​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពង ទឹក​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ ធ្វើការ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​យប់​។ ខណៈ​ដែល​កម្លាំង​ល្បាត​ហើយ​បាន​ប្រទះ​ឃើញ ជនសង្ស័យ​ម្នាក់​នោះ​កំពុង​ឈរ​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។ ដោយ​មានការ​សង្ស័យ​បាន ឃាត់​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច ដែល​ជន​នេះ​ដាក់ នៅ​ក្នុង​កូន​កាបូប​មួយ​នៅ​ក្នុង​ហោប៉ៅ​ខោ ទើប​កម្លាំង​ធ្វើការ​ចាប់ខ្លួន​នាំ​ទៅ​សួរនាំ និង​កសាង​សំណុំរឿង​។ យុវជន​សង្ស័យ​ឈ្មោះ ម៉​ម សុ​ឌី ហៅ​ឌី អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។ នគរបាល​បាន​បន្ត​ថា ដោយឡែក​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​នៅ​ត្រង់​ចំណុច​ខាង​មុខ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ លុះ​កន្លះ​ម៉ោង​ក្រោយមក​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជឹ​ម សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BH-6467 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​8692709 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

កម្លាំង​សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច​នៅ​ក្នុង​កាបូប​លុយ​ពណ៌​ខ្មៅ ទុក​ក្នុង​ហោប៉ៅ​ខោ​ខាងក្រោយ ក៏​បាន​ចាប់ខ្លួន​។ លុះ​២០​នាទី​ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​៧ និង​៥០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ក៏​មាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សេន វ៉ា​ន់​ថន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CI-3810 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​9092787 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​គោលដៅ​ខាងលើ​។ កម្លាំង​បាន​ហៅ​ឲ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ទៀត ហើយ​បាន​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់់​តូច​នៅ​ក្នុង​កាបូប​លុយ​ពណ៌​សូកូឡា​ដែល​ដាក់​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង ទើប​ចាប់ខ្លួន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ