ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​អន្តរជាតិ​ប្រាប់​មូលហេតុ​ពិបាក​រៀបចំ​ព្រឹត្តិការណ៍​​ឱ្យ​កក្រើក​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់ Khmer-Thai Fight ដែល​បាន​ធ្វើ​ឡើង​នៅ​ស្ដា​ត អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥ វិច្ឆិកា បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​អ្នក​ទស្សនា​យ៉ាង​ណែនណាន់តាន់តាប់​ពេញទី​លាន​ប្រកួត…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រដាល់ Khmer-Thai Fight ដែល​បាន​ធ្វើ​ឡើង​នៅ​ស្ដា​ត
អូ​ឡាំ​ពិ​ក​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥ វិច្ឆិកា បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​អ្នក​ទស្សនា​យ៉ាង​ណែនណាន់តាន់តាប់​ពេញទី​លាន​ប្រកួត ប៉ុន្តែ​អ្នក​ចំណាយ​លុយ​ទស្សនា​ទាំងនោះ​ក៏​បាន​សម្ដែង​ការ​រិះគន់​ផង​ដែរ ជុំវិញ​ការ​រៀបចំ ដែល​ម្នាក់​ៗ​អះអាង​ថា​មិនល្អ​មើល​ដូច​គ្នា​នឹង​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេង​មុន​មក​ដល់​កម្ពុជា ។ មិន​ខុស​គ្នា​ដែរ​ព្រឹត្តិការណ៍ MMA ដែល​ធ្លាប់​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​កាលពី​ប៉ុន្មាន​ខែ​មុន ក៏​ត្រូវ​អ្នក​ទស្សនា​រិះគន់​ផង​ដែរ ខណៈ​ដែល​ការ​រិះគន់​នេះ​ត្រូវ​បាន​មន្ត្រី​ពាក់ព័ន្ធ និង​គណៈកម្មការ​កម្មវិធី​តែ​ម្ដង​ធ្វើការ​បញ្ជាក់​ប្រាប់ ។

ការ​រិះគន់​ដែល​បាន​ធ្វើ​ឡើង​នោះ គឺ​ម្នាក់​ៗបាន​អះអាង​ថា គណៈកម្មការ​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា ដែល​អ្នកគាំទ្រ​ចង់​សំដៅ​ដល់​កម្មវិធី​ប្រកួត​ដាក់​ទ្រុង​អន្តរជាតិ​ដែល​បាន​រៀបចំ​ដោយ​ស្ថាប័ន MMA កាលពី​យក​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ការ​ប្រកួត​អន្តរជាតិ​ចុង​ក្រោយ​គឺ​ព្រឹត្តិការណ៍ Khmer- Thai Fight ដែល​ទើបតែ​បញ្ចប់​ថា​នោះ​ជា​ការ​រៀបចំ​មិនល្អ និង​ធ្វើ​ឱ្យ​តែ​មាន​ដើម្បី​យក​លុយ​ពី​អ្នកគាំទ្រ ។ អ្នក​ទស្សនា​ជា​ច្រើន​បាន​អះអាង​ថា ព្រឹត្តិការណ៍​អន្តរជាតិ​ឱ្យ​តែ​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ដែល​មើល​កើត​នោះ​ទេ គឺ​អន់​ជាង​ការ​ប្រកួត​អន្តរជាតិ​នៅ​ក្នុង​បណ្ដា​សង្វៀន​របស់​ទូរទស្សន៍​ភាគច្រើន​នោះ​ផង ដោយសារ​តែ​កីឡាករ​ដែល​ខាង​ទូរទស្សន៍​រៀបចំ​ឱ្យ​ប៉ះ​គ្នា គឺ​ភាគ​ច្រើន​​ជា​កីឡាករ​ដែល​មាន​គីឡូ និង​បទ​ពិសោធន៍​ប្រហែល​គ្នា ហើយ​ប្រកួត​គ្នា​យ៉ាង​អស់​ដៃ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត ។ អ្នកគាំទ្រ​ជា​ច្រើន​សុទ្ធតែ​បាន​បញ្ជាក់​ថា កីឡាករ​បរទេស​ដែល​បាន​មក​ប្រកួត​នៅ​ក្នុង​កម្មវិធី​អន្តរជាតិ ជា​ពិសេស​គឺ​ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​គណៈកម្មការ Thai Fight ចុង​ក្រោយ ប្រកួត​មិនកើត និង​ថា​គណៈកម្មការ​មួយ​នេះ​ជម្រើស​យក​មក​សុទ្ធតែ​កីឡាករ​មិនល្អ ដែល​មិន​ខុស​ពី​បោក​ឱ្យ​អ្នក​ទៅ​ទស្សនា​ខាត​លុយ​ខាត​ពេល​។

អ្នកគាំទ្រ​ម្នាក់​បាន​ដើរ​ចេញ​ភ្លាម​ៗ​ក្រោយ​ពី​បញ្ចប់​គូ​ទី​៤​នៅ​ក្នុង​ព្រឹត្តិការណ៍ Khmer-Thai Fight ដោយ​បាន​និយាយ​ថា ដូច​យក​កីឡាករ​មក​ប្រឡែង​គ្នា​លើ​រេញ​ហើយ​ក៏​ប្រកាស​លទ្ធផល​។

លោក​ថា ការ​ប្រកួត​របស់​គូ​កម្ពុជា និង​គូ​ថៃ ជាមួយ​កីឡាករ​ស្បែក​ស និង​ស្បែក​ខ្មៅ ដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មិន​មាន​គូ​ណា​ដែល​ទាក់ចិត្ត​មហាជន ហើយ​ឱ្យ​មហាជន​អស់ចិត្ត​នឹង​ការ​ចំណាយ​លុយ​នោះ​ទេ ទើប​ជា​មូលហេតុ​ដែល​អ្នកគាំទ្រ​កីឡា​ករ​ប្រដាល់​នៅ​កម្ពុជា​ពិបាក​ក្នុង​ការ​ចំណាយ​លុយ​មក​ទស្សនា​ដោយ​ផ្ទាល់ ដោយ​សារ​តែ​ភ័យ​រឿង​ការ​ប្រកួត​ដូច​យក​មក​លេង​ៗ​ជាមួយ​គ្នា​បែប​ហ្នឹង ។ អ្នក​ទស្សនា​ផ្សេង​ទៀត​បាន​ទាំង​លើក​ឡើង​ថា សំណាង​ដែល​ការ​ប្រដាល់​មួយ​នេះ​មាន​តម្លៃ​ត្រឹមតែ​សំបុត្រ​​៣០០០០​រៀល បើ​ថ្លៃ​ដូច​នៅ​ស្រុក​គេ គឺ​ពិតជា​ស្ដាយ​លុយ​តែ​ម្ដង ។

មិនមែន​ត្រឹមតែ​អ្នកគាំទ្រ​ប៉ុណ្ណោះ​ទេ គឺ​សូ​ម្បី​តែ​គណៈកម្មការ​រៀបចំ​កីឡាប្រដាល់​នៅ​តាម​ទូរទស្សន៍​ក៏​ថ្លែង​រិះគន់​ពី​ករណី​នេះ​ដូច​គ្នា​ផង​ដែរ ទើប​ធ្វើ​ឱ្យ​ការ​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ធំ​មក​ពី​អន្តរជាតិ​ពិបាក​ទទួល​បានការ​ចាប់អារម្មណ៍ ហើយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​នៅ​កម្ពុជា​ហ៊ាន​ចំណាយ​លុយ​ទិញ​សំបុត្រ​មើល ដោយសារ​តែ​ការ​ប្រដាល់​របស់​ស្ថាប័ន​អន្តរជាតិ​២-៣​មក​ហើយ គឺ​ឱ្យ​តែ​មក​រៀបចំ​នៅ​កម្ពុជា​រមែង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រិះគន់​ថា​អត់​ល្អមើល ។ អ្នកគាំទ្រ​ដូច​ៗ​គ្នា​សុទ្ធតែ​អះអាង​ថា គណៈកម្មការ​ជា​អ្នក​រៀបចំ​ទាំងនោះ មក​បើក​ប្រកួត​នៅ​កម្ពុជា​ឱ្យ​តែ​មាន​ៗ​ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​របស់​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការ​ផ្គូផ្គង​កីឡាករ​ឱ្យ​ប៉ះ​គ្នា ឱ្យ​វាយ​ជាមួយ​គ្នា គឺ​មិន​ដែល​ដាក់​ឱ្យ​ត្រូវ ឱ្យ​ទាក់ទាញ​នោះ​ទេ ដោយ​ម្នាក់​ៗ​បាន​លើក​ឡើង​ថា ច្រើន​តែ​ដាក់​កីឡាករ​អន់​ៗ​ឱ្យមក​ប្រឡែង​គ្នា ហើយ​ចុង​ក្រោយ​ក៏​មាន​លទ្ធផល​ចាញ់​ឈ្នះ ដោយ​មិន​ឱ្យ​អ្នក​ទស្សនា​អស់ចិត្ត ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ ទាំង​មន្ត្រី​ពាក់​ព័ន្ធ និង​គណៈកម្មការ​រៀបចំ​បាន​អះអាង​ថា​កម្ពុជា​គេ​ចង់​ធ្វើ​ព្រឹត្តិការណ៍​មួយ​ឱ្យ​ល្អ​ជាង​នៅ​ក្រៅប្រទេស​ក៏​បាន ប៉ុន្តែ​ដោយសារ​តែ​មាន​​ហេតុផល​មួយ​ចំនួន​ទើប​ការ​រៀបចំ​មិន​អាច​ធ្វើ​ឱ្យ​ល្អ​ឥត​ខ្ចោះ ។ តំណាង​គណៈ​កម្មការ Thai Fight បាន​ទទួលស្គាល់​ថា សមាសភាព​កីឡាករ​ប្រដាល់​ដែល​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ពិតជា​មិន​សុទ្ធតែ​កីឡាករ​ល្អ និង​មាន​តម្លៃ​ខ្លួន​ខ្ពស់​នៅ​ក្នុង​សហព័ន្ធ​ប្រដាល់​អន្តរជាតិ​ពិតមែន ដោយសារ​តែ​ការ​រៀបចំ​នៅ​ក្នុង​ប្រទេស​​ជា​ម្ចាស់ផ្ទះ គឺ​អាស្រ័យ​ទៅ​លើ​សន្ទុះ​គាំទ្រ​របស់​ប្រទេស​នីមួយ​ៗ​ផ្ទាល់​តែ​ម្ដង ។

លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ដ្បិតថា​មានការ​រីក​ចម្រើន​ផ្នែក​កីឡាប្រដាល់ ប៉ុន្តែ​កម្រិត​អ្នក​ហ៊ាន​ចំណាយ​លុយ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​មិន​ច្រើ​នោះ​ទេ ដោយ​សូ​ម្បី​តែ​តម្លៃ​១០​ដុល្លារ​ក៏​ពិបាក​លក់​សំបុត្រ​នោះ​ដែរ ។ ជាក់ស្ដែង​លោក​ថា គ្រាន់តែ​ការ​ប្រកួត Khmer-Thai Fight ដាក់​លក់​សំបុត្រ​ត្រឹមតែ​តម្លៃ​៤​ម៉ឺន​រៀល និង​៣​ម៉ឺន​រៀល​តែ​ប៉ុន្មាន​រយ​សំបុត្រ​ផង គឺ​លក់​មិន​ចង់​អស់ ។ តំណាង​ដដែល​បញ្ជាក់​ថា តម្លៃ​សំបុត្រ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នោះ​គឺ​ត្រូវ​បាន​លក់​តែ​ក្នុង​តម្លៃ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ទម្រាំ​មាន​អ្នក​ទស្សនា​យ៉ាង​ពេញ​សាល​នៅ​ផ្នែក​ខាងលើ ខណៈ​ដែល​ជ្រុង​ខ្លះ​ក៏​មិន​មាន​អ្នក​ទស្សនា​ពេញ​ណែន​នោះ​ដែរ ដ្បិតថា​លក់​សំបុត្រ​ក្នុង​តម្លៃ​តែ​១​ម៉ឺន​រៀល​នោះ​ក៏​ដោយ ។

លោក​ថា ការ​ប្រកួត​កម្រិត​អន្តរជាតិ​មួយ​មានការ​ចំណាយ​ខ្ពស់​ខ្លាំង​ណាស់ ប៉ុន្តែ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​រៀបចំ​នោះ​វិញ គឺ​មិន​រួចខ្លួន​នោះ​ទេ ទើប​ធ្វើ​ឱ្យ​គណៈកម្មការ​ត្រូវ​តែ​បន្ថយ​ការ​ចំណាយ​លើ​ការ​នាំ​យក​កីឡាករ​ថ្លៃ​ៗ​ហើយ​ជម្រើស​យក​កីឡាករ​ដែល​អាច​ទទួលយក​តម្លៃ​ក្នុង​កម្រិត​ដែល​ត្រូវ​រៀបចំ​នោះ​បាន ។ លោក​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ពឹង​ស្ទើរ​ទាំងស្រុង​លើ​ចំណូល​ពី​ការ​ឧបត្ថម្ភ ប៉ុន្តែ​​បើ​ការ​លក់​សំបុត្រ​គឺ​ចប់​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​គណៈកម្មការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​កីឡាករ​ល្បី​ៗ និង​ល្អ​ឱ្យ​បាន​ឡើង​ប្រកួត ។ យ៉ាងណាមិញ លោក​ថា វត្តមាន​កីឡាករ​ដែល​​បាន​បង្ហាញខ្លួន​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​សុទ្ធតែ​ជា​សមាស​ភាពល្អ​ៗ​នោះ​ដែរ ប៉ុន្តែ​បណ្ដាល​មក​ពី​កីឡាករ​ទាំងនោះ​មិន​ស៊ាំ​នឹង​អាកាសធាតុ និង​របប​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទើប​មាន​មួយ​ចំនួន​ប្រកួត​មិនសូវ​បាន​ល្អ ។ មិន​ខុស​គ្នា​ដែរ កាល​ពី​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង MMA ក៏​មានការ​រិះគន់​បែប​នេះ​ផង​ដែរ ដោយ​គណៈកម្មការ​ក៏​បាន​លើក​នូវ​ហេតុផល​មក​ប្រាប់​ដូច​គ្នា ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អះអាង​ថា ការ​រៀបចំ​ព្រឹត្តិ​ការណ៍​អន្តរជាតិ​មួយ​បើ​ចង់ឱ្យ​មាន​កម្រិត​ខ្លាំង​ដូច​គ្នា​នៅ​ក្រៅប្រទេស គឺ​លុះត្រា​មានការ​គាំទ្រ​ឱ្យ​ពេញទំហឹង​ពី​សំណាក់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ក៏​មិន​មាន​លទ្ធ​ភាព​ទិញ​សំបុត្រ​ទស្សនាការ​ប្រដាល់​អន្តរជាតិ​មួយ​ដែល​មាន​តម្លៃ​រហូត​ដល់​៥០​ទៅ​១០០​​ដុល្លារ​ដូច​គ្នា​នឹង​នៅ​ក្រៅ​ស្រុក​បាន​ទេ ដោយសារ​តែ​ស្ថានភាព​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​ក៏​នៅ​មាន​កម្រិត​នៅឡើយ ។ ទោះបី​យ៉ាងណា លោក​ថា អ្វី​ៗ​ដែល​បាន​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ថា ព្រឹត្តិការណ៍ MMA ឬ​ព្រឹត្តិការណ៍ Khmer- Thai Fight មុន​នេះ គឺ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា និង​បានដឹង​ពី​ការ​រៀបចំ​របស់​កម្ពុជា​ផង​ដែរ បើ​ទោះ​ជា​ក្នុង​វេទិកា​នោះ​លោក​ក៏​ទទួលស្គាល់​ថា គណៈកម្មការ​រៀបចំ​មិន​បាន​ចំណាយ​លុយ​យក​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​លំដាប់​ពិភពលោក​ឱ្យមក​ប្រកួត​នៅ​កម្ពុជា ដោយ​សារ​តែ​ហេតុផល​តម្លៃ​នៃ​ការ​លក់​សំបុត្រ ។ លោក​បន្ថែម​ថា កីឡាករ​កម្ពុជា ក៏​មិន​អាច​ធ្វើការ​ប្រកួត​ជាមួយ​កីឡាករ​លំដាប់​អន្តរជាតិ​ដូច​គ្នា​នឹង​ពេល​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំង​នេះ​រៀបចំ​នៅ​ក្នុង​ប្រទេស​ផ្សេង​ផង​ដែរ ទើប​លោក​យល់​ថា ការ​នាំ​យក​កីឡាករ​បរទេស​ដែល​បានឃើញ​មុន​នេះ គឺ​សម​ល្មម​សម្រាប់​ឱ្យ​កីឡាករ​កម្ពុជា​ប្រកួត​ជាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ