រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការព្រមានដល់ស្មៀនសង្កាត់ទាំងអស់ត្រូវតែស្តាប់តាមការណែនាំការងារពីលោកចៅសង្កាត់ បើមិនស្តាប់តាមការណែនាំទេ ស្មៀននោះនឹងត្រូវប្រឈមក្នុងការសុំដកតំណែងពីក្រសួងមហាផ្ទៃ ដោយមិនទុកឲ្យបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដែលទៅទទួលសេវានោះទេ ព្រោះកន្លងមកមានស្មៀនសង្កាត់មួយចំនួននៅរាជធានីភ្នំពេញមិនសូវស្តាប់ចៅសង្កាត់ ដោយសំអាងថា ខ្លួនជាមន្ត្រីមានក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ ។ លោក ឃួង ស្រេង បានធ្វើការព្រមានបែបនេះនៅសាលារាជធានីភ្នំពេញក្នុងពិធីសំណេះសំណាលជាមួយអភិបាល អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ និងស្មៀនសង្កាត់នៅរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា តាមពិតទៅស្មៀនមានតួនាទីគ្រាន់តែជាអ្នកកាន់ត្រាអ្នកសរសេរបំរើការងារឲ្យលោកសង្កាត់ប៉ុណ្ណោះ ដូច្នេះត្រូវតែស្តាប់ការណែនាំរបស់ចៅសង្កាត់ធ្វើយ៉ាងណា កុំធ្វើឲ្យសង្កាត់មានបញ្ហាថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋហើយស្មៀនត្រូវបំពេញការងារឲ្យបានល្អទៅតាមតួនាទីរបស់ខ្លួន ពិសេសត្រូវរួមគ្នា ដើម្បីបំរើប្រជាពលរដ្ឋឲ្យសមទៅហ្នឹងអ្វីដែលប្រជាពលរដ្ឋមានទំនុកចិត្ត ។ លោកបន្តថា បើស្មៀនមិនស្តាប់ចៅសង្កាត់ ស្មៀនអាចប្រឈមនឹងការដកតំណែង ដោយហេតុថា រដ្ឋបាលខណ្ឌរដ្ឋបាលរាជធានីភ្នំពេញមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីដកតំណែង និងតួនាទីដោយមិនបណ្តោយឲ្យស្មៀនធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្តនោះទេ ។
ក្រៅពីព្រមានដកស្មៀន លោក ឃួង ស្រេង បានណែនាំឲ្យមេប៉ុស្តិ៍នគរបាលសង្កាត់ក៏ត្រូវស្តាប់ចៅសង្កាត់ដែរ ដោយលោកមេប៉ុស្តិ៍ស្ថិតក្រោមគណៈបញ្ជាការឯកភាពរបស់សង្កាត់ ប៉ុន្តែចៅសង្កាត់នោះក៏ត្រូវមានភាពស្អាតស្អំដែរ ។ លោកអភិបាលក៏បានជម្រុញឲ្យចៅសង្កាត់ និងមេប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់លើការងារការពារសន្តិសុខសុវត្ថិភាព និងការសម្រួលចរាចរណ៍ជូនប្រជាពរដ្ឋឲ្យបានល្អ ជាពិសេសត្រូវបង្កើតវេនយាមជាប្រចាំនៅក្នុងភូមិ ចលនាប្រជាពលរដ្ឋ និងព្រះសង្ឃឲ្យជួយចូលរួមដើម្បីឲ្យភូមិសង្កាត់មានសុវត្ថិភាពល្អ ៕
ចែករំលែកព័តមាននេះ