ខេត្តកំពង់ឆ្នាំង ៖ ក្នុងកម្រិតជីវភាពខ្វះខាត ប្រជាពលរដ្ឋរស់ក្នុងភូមិចំនួន៣ ក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ បានឆ្លៀតឱកាសប្រឹងរកប្រាក់ខ្លះដើម្បីចិញ្ជឹមជិវិតដើម្បីរស់ ប៉ុន្តែពេលខ្លះក៏ជួបបញ្ហាដាច់បាយម្តងម្កាលដែរ ដោយសារទឹកស្ទឹងបរិបូរណ៍ឡើងខ្លាំងពេកមិនអាចឲ្យពួកកើបខ្សាច់បាន។ យ៉ាងនេះក្តីពួកគាត់បានបញ្ជាក់ថា ពួកគាត់ត្រូវបង់ប្រាក់ជូនសាលាឃុំ ក្នុង១ក្បាលឡាន៣ពាន់រៀលទៀត ទើបអាចប្រកបមុខរបរយ៉ាងលំបាកនេះបាន។ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកើបខ្សាច់ដាក់ឡានបានឲ្យដឹងថា ពួកគាត់ជួបកង្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ហើយបាននាំគ្នាចុះមកកើបខ្សាច់ស្ទឹងបរិបូរណ៍ដាក់ឡានឲ្យគេ ក្នុងឡាន១គ្រឿង ចំណុះ៤ម៉ែត្រគូប បានប្រាក់៤ម៉ឺនរៀល តែត្រូវបង់ប្រាក់ទៅសាលាឃុំ ក្នុង១ក្បាលឡាន ៣ពាន់រៀល សល់ត្រឹមតែ៣៧.០០០រៀល សម្រាប់ចែកគ្នា ២ឬ៣គ្រួសារដែលរួមគ្នាធ្វើក្បូនមួយដើម្បីកើបខ្សាច់ដាក់ពីកណ្តាលស្ទឹងយកមកទម្លាក់អន្លុងមាត់ច្រាំងស្ទឹងសម្រាប់ចូកបោះចូលឡានបន្ត។
បងប្រុសម្នាក់ បានបញ្ជាក់ថា ដើម្បីបានក្បូន១គ្រឿង ត្រូវចំណាយពោះវៀនកង់ទាំងតូចធំចំនួនពី១០ទៅ១២ អស់ប្រាក់ប្រមាណជាង៣០ម៉ឺនរៀល បូកទាំងថ្លៃក្តារក្រាលពីលើជាង៣០ម៉ឺនរៀលផង ក្នុងក្បូន១ត្រូវចំណាយពី៦០ ទៅ៧០ម៉ឺនរៀល។ ក្នុងបរិវេណគាត់កំពុងចូកខ្សាច់នេះ មានក្បូន១១គ្រឿងដែលមានជាង២០គ្រួសារ កំពុងរស់ពឹងលើក្បូននេះសម្រាប់ចញ្ជឹមជីវិត។ ប៉ុន្តែពេលខ្លះទឹកជំនន់ជាប់គ្នាពី៧ទៅ១០ថ្ងៃ គ្រួសារខ្លះត្រូវដាច់បាយ។ ព្រោះប្រាក់រកបានពីការកើបខ្សាច់នេះ រកបាន១ថ្ងៃសម្រាប់១ថ្ងៃប៉ុណ្ណោះ ដោយសារពេលខ្លះ១ថ្ងៃចូកបានឡាន១គ្រឿង ឬ២គ្រឿងប៉ុណ្ណោះ សម្រាប់២-៣គ្រួសារដែលមានក្បូន១។ ពេលសួរថា ហេតុម៉េចមិនសុំអាជ្ញាធរកុំឲ្យទារប្រាក់ថ្លៃក្បាលឡាន គាត់ថា មិនអាចទេព្រោះនេះជាការកំណត់ បើយើងមិនបង់ក្បាលឡានឲ្យគេទេយើងមិនអាចឈរជើងកើបខ្សាច់នេះបានដែរ។
ជាមួយគ្នានេះដែរ មេឃុំផ្សារ ស្រុកបរិបូរណ៍ លោក ប៊ិន សំផាន បានមានប្រសាសន៍ថា រឿងយកលុយក្បាលឡាននេះ មិនមែនសាលាឃុំជាអ្នកយកទេ គឺខាងភូមិជាអ្នកយក ប៉ុន្តែជាផែនការរបស់ឃុំ ដែលឲ្យតាមភូមិមានកន្លែងចូកខ្សាច់ត្រូវយកក្នុង១ក្បាលឡាន៣ពាន់រៀល សម្រាប់ទុកជួសជុលផ្លូវក្នុងភូមិទាំងនោះ ខាងសាលាឃុំមិនលូកដៃទេ។ ភូមិដែលយកខ្សាច់បានមានភូមិព្រៃតាមូង ភូមិភ្នៀត និងភូមិកំព្រង។ យ៉ាងនេះក្តីលោកមេឃុំបានបញ្ជាក់ថា ថ្វីបើបែបនេះមែនប៉ុន្តែប្រាក់បានមកសម្រាប់ថែរក្សាផ្លូវទាំងនោះមិនបាន១០០ភាគរយនោះទេ៕
ចែករំលែកព័តមាននេះ