ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ល្បីឈ្មោះត្រូវ​ប៉ុស្តិ៍​ផ្សេង​ជះ​ប្រាក់​ឱ្យ​ដើរ​ចេញពី​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កាន់កាប់​ការងារ​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ គ្មាន​អ្នក​ណា​មិន​ស្គាល់​លោក ញាណ សុធី នោះ​ទេ ដោយសារ​តែ​​លោក​ទទួល​ជោគជ័យ​ក្នុង​ការ​រៀបចំ​កម្មវិធី​ប្រដាល់​ឱ្យ​មានកេរ្តិ៍ឈ្មោះ​យ៉ាង​ខ្លាំង ថ្វី​ដ្បិត​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បើក​កម្មវិធី​នេះ​ក្រោយ​គេ​ក្ដី ។…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​កាន់កាប់​ការងារ​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ គ្មាន​អ្នក​ណា​មិន​ស្គាល់​លោក ញាណ សុធី នោះ​ទេ ដោយសារ​តែ​​លោក​ទទួល​ជោគជ័យ​ក្នុង​ការ​រៀបចំ​កម្មវិធី​ប្រដាល់​ឱ្យ​មានកេរ្តិ៍ឈ្មោះ​យ៉ាង​ខ្លាំង ថ្វី​ដ្បិត​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បើក​កម្មវិធី​នេះ​ក្រោយ​គេ​ក្ដី ។ ធៀប​នឹង​សង្វៀន​ប្រដាល់​ដែល​បាន​បើក​មុន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គេ​មើលឃើញ​សន្ទុះ​នៃ​ការ​រៀបចំ​របស់​លោក​មានការ​ឈាន​ឡើង​ជាង​ប៉ុស្ដិ៍​ផ្សេង​ៗ​ដាច់​ឆ្ងាយ ទើប​មានការ​ភ្ញាក់ផ្អើល​នៅ​​ពេល​មានការ​ទម្លាយ​ច្រើន​ឡើង អម​ដោយ​ការ​ទទួលស្គាល់​របស់​សាមីខ្លួន​ផង​ថា​ មាន​ស្ថាប័ន​ជា​ច្រើន​បាន​ជះ​លុយកាក់​សុំ​ឱ្យ​លោក​ដើរ​ចេញពី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

លោក ញាណ សុធី បាន​អះអាង​ថា ចាប់តាំងពី​លោក​បោះ​ជំហាន​មក​កាន់​ការងារ​ជា​​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​លោក​បាន​បង្កើន​ការ​ប្រដាល់​​​រហូត​ដល់​៦​សង្វៀន​ក្នុង​មួ​យស​ប្ដា​ហ៍​ក្នុង​ពេល​ដែល​ការ​ប្រកួត​នីមួយ​ៗ​ក៏​សុទ្ធតែ​ជា​ការ​ប្រដាល់​អន្តរជាតិ​ដែល​មាន​កីឡាករ​យ៉ាងតិច​២​រូប​ប្រកួត​ជាមួយ​កីឡាករ​បរទេស
ដែល​ភាគច្រើន​ជា​កីឡាករ​ថៃ ។ លោក​ថា ការ​ប្រកួត​អន្តរជាតិ គឺ​មិន​គ្រាន់តែ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានការ​ប្រកួត​ជា​លក្ខណៈ​ដណ្ដើម​ជើងឯក​អន្តរ​ជាតិ​ផង​ដែរ ដោយ​តាំងពី​លោក​បង្កើត​ឡើង​គឺ​មានការ​ដណ្ដើម​ជើងឯក​រវាង​កីឡាករ​កម្ពុជា និង​បរទេស​ប្រមាណ​ជា​៤​រដូវ​កាល​មក​ហើយ ។ ទោះបី​យ៉ាង​ណា​លោក​សារភាព​ថា ការ​រៀបចំ​បែប​នេះ​តាម​ភាព​ជាក់ស្ដែង​គឺ​មានការ​លំបាក​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​មានការ​ដោះ​ដូរ​កីឡាករ​កម្ពុជា ឬ​ថៃ​ម្ដង​ៗ ដោយសារ​តែ​កីឡាករ​ទាំង​ពីរ​ភាគី​បាន​ជួប​នូវ​បញ្ហា​សុខភាព​ជាយ​ថា​ហេតុ និង​ជួនកាល​កីឡាករ​ទាំងនោះ​បែរជា​ត្រូវ​ថ្នាក់លើ​មិន​អនុញ្ញាត​ឱ្យ​ចេញ​ប្រកួត​ព្រោះតែ​ត្រូវ​ថែបំប៉ន​សមត្ថភាព​តប​តាម​ការ​ចាត់​តាំងរបស់​សហព័ន្ធ​ជាដើម ។ លោក​ថា ការ​រៀបចំ​ការ​ប្រដាល់​ត្រឹមតែ​ជា​លក្ខណៈ​ក្នុងស្រុក​គឺ​មាន​បញ្ហា​ស្មុគស្មាញ​ណាស់​ទៅ​ហើយ ចុះ​ទម្រាំ​តែ​រៀបចំ​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ ហើយ​ច្រើន​សង្វៀន​ទៀត​គឺ​ច្បាស់​ណាស់​ថា​រឹតតែ​ពិបាក​ក្នុង​នាម​ជា​អ្នកចាត់ការ​ម្នាក់ ។ ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ថៃ ឬ​កីឡាករ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស​ក្នុង​ការ​កាត់ក្ដី គឺ​រឹតតែ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ។

លោក​ថា កីឡាករ​ខ្លះ​ប្រកួត​មិន​អស់ដៃ​ទេ​ដោយ​បាន​លក់ដូរ​លទ្ធផល ហើយ​នៅ​ពេល​លោក និង​គណៈកម្មការ​សម្រេច​ឱ្យ​ចាញ់ ឬ​ឱ្យ​ឈ្នះ​ឱ្យ​ផ្ទុយ​នឹង​ការ​សង្ស័យ​ថា​គេ​ធ្វើ​ចាញ់ ឬ​ធ្វើ​ឈ្នះ គឺ​បែរជា​មានការ​តវ៉ា ។ លោក​ថា ក្នុង​នាម​ជា​អ្នក​រៀបចំ​មិន​គ្រាន់តែ​ត្រូវ​សម្រិត​សម្រាំង​កីឡាករ​ឱ្យ​សម​នឹង​ព្រឹត្តិការណ៍​នោះ​ទេ គឺ​ត្រូវ​ស្វែង​យល់​បញ្ហា​ជុំវិញ​ខ្លួន​ដូច​ជា​ករណី​​អ្នក​ផ្ដល់​ពិន្ទុ​ណាមួយ​មាន​ភាព​លម្អៀង​ព្រោះតែ​កូនសិស្ស​ខ្លួន និង​ករណី​មាន​អ្នក​ទិញ​កីឡាករ​ឱ្យធ្វើ​ជា​ចាញ់​ដើម្បី​បាន​លុយ​នៅ​ក្រៅ​ការ​ប្រកួត​នោះ​ផង អ៊ីចឹង​ហើយ​ទើប​លោក​ត្រូវ​តែ​ស្វែង​យល់​ឱ្យ​គ្រប់​ជ្រុងជ្រោយ​លើ​ករណី​នេះ ដោយ​នឹង​កំណត់​ឱ្យ​កីឡាករ​នោះ​ឈ្នះ​វិញ បើ​រក​ឃើញ​ថា​គេ​ចង់​ធ្វើ​ចាញ់ ឬ​មិន​ប្រកាស​លទ្ធផល​តែ​ម្ដង ប្រសិនបើ​រក​ឃើញ​ថា​មាន​បញ្ហា​ដូច្នោះ​បាន​កើតឡើង​មែន ។ លោក​ថា បើ​បណ្ដោយ​ឱ្យ​កីឡាករ​ម្នាក់​ស៊ី​ឡាក​បាន​សម្រេច ឬ​លក់ដូរ​លទ្ធផល​បាន​សម្រេច​តែ​ម្ដង​ពីរ​ដង គឺ​ច្បាស់​ណាស់​ថា ការ​គាំទ្រ​ដែល​បាន​កើតឡើង​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​ត្រូវ​ធ្លាក់​ចុះ ហើយ​​បើ​ធ្លាក់​ចុះ​មែន​គឺ​ប្រាកដជា​គ្មាន​ការ​គាំទ្រ​បន្តិច​ម្ដង​ៗ ។ លោក​ថា អ្នក​មិនដឹង​ពី​ការ​រៀបចំ​ពិតជា​មានការ​រិះគន់​ថា ហេតុ​អ្វី​កីឡាករ​នេះ​ទើបតែ​ឃើញ​ប្រកួត​ថ្ងៃមុន​ស្រាប់តែ​ត្រូវ​ដាក់​ទៀត និង​ខ្លះ​ថា​ហេតុ​អ្វី​បាន​ដាក់​កីឡាករ​នេះ​ឱ្យ​ចូល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​បាន​មួយ​ពីរ​ប្រកួត​ហើយ​បែរជា​ត្រូវ​ដូរ​ចេញ ។

អ្នក​មិនដឹង​បាន​ចោទ​លោក​ថា ជា​រឿង​បក្សពួក​និយម និង​ថា ហេតុផល​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ ឬ​ដាក់​កីឡាករ​ដដែល​ៗ​ឱ្យ​បាន​ប្រកួត​ញឹក​ទាំងនោះ​គឺ​ដោយសារ​តែ​បញ្ហា​មាន​ខ្នងបង្អែក​ជាដើម​។ លោក​អះអាង​ថា បញ្ហា​នៅ​ពីក្រោយ​ការ​រៀបចំ​គឺ​មនុស្ស​តិច​ណាស់​​បានដឹង បានឮ ប៉ុន្តែ​សម្រាប់​លោក​គឺ​ប្រឹង​ធ្វើ​អ្វី​ដើម្បី​ឱ្យ​មានការ​គាំទ្រ​ខ្លាំងក្លា​សម្រាប់​ការ​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប៉ុណ្ណោះ ។ លោក​ថា កីឡា​ករ​ខ្លះ​ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ជួប​គ្នា​ហើយ ប៉ុន្តែ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​ប្រកួត​បែរជា​មិន​ថែទាំ​សុខ​ភាព ហើយ​អ្នកខ្លះ​បណ្ដោយ​ឱ្យ​ឡើង​គីឡូ​មិន​អាច​ឱ្យ​ប្រកួត​ទើប​នាំ​ឱ្យ​មានការ​ដោះ​ដូរ ។ ដោយឡែក​សម្រាប់​កីឡាករ​ខ្លះ​ដែល​មានឈ្មោះ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​សន្សំ​ពិន្ទុ​​ដណ្ដើម​ពាន​ហើយ​តែ​បែរជា​ត្រូវ​ដូរ​ចោល​នោះ គឺ​ដោយសារ​តែ​កីឡាករ​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​ថា​មានការ​ស្និទ្ធស្នាល​ជាមួយ​កីឡាករ​ជា​គូប្រកួត ហើយ​មិន​អាច​ដាក់​ឱ្យ​ប្រកួត​គ្នា​បាន ។ លោក​បាន​លើក​ឧទាហរណ៍​ថា លោក​ថៃ អ៊ូ ក្រៅពី​បាន​ដឹកនាំ​កីឡាករ​ឱ្យ​ឡើង​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​ក៏​មាន​ក្លិប​ប្រដាល់​ជា​របស់​ខ្លួន​ផង​ដែរ
អ៊ីចឹង​ហើយ​ទើប​ក្នុង​ពេល​ដែល​លោក​ស៊ើប​ដឹង​ថា កីឡាករ​ជា​កូនសិស្ស​របស់​លោកគ្រូ​ខ្លះ គឺ​ដ្បិតថា​មានឈ្មោះ​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​ផ្សេង​គ្នា​ក៏​ពិតមែន ប៉ុន្តែ​ការ​ពិត​គេ​ហាត់​ក្នុង​ក្លិប​តែ​មួយ​ទីកន្លែង​តែ​មួយ និង​គ្រូបង្វឹក​តែ​មួយ ដែល​ត្រូវ​តែ​ឱ្យ​លោក​ដូរ​ចោល បើ​ស៊ើប​ដឹង​ថា​កីឡាករ​ជា​គូប្រកួត​គឺ​មាន​ទំនាក់ទំនង​គ្នា​ស្អិតរ​មួ​ត ដោយ​មិន​ទុក​ឱ្យ​កីឡាករ​ដែល​មាន​ទំនាក់ទំនង​នៅ​ខាងក្រៅ​ធ្វើការ​ប្រកួត​គ្នា​បាន​ទេ​។

លោក​និយាយ​ថា​៖«​ក្នុង​ពេល​រៀបចំ​គឺ​គ្រូបង្វឹក​ភាគច្រើន​សុទ្ធតែ​បាន​យក​កីឡាករ​នេះ​មក​​ដាក់ កីឡាករ​នោះ​មក​ដាក់ ហើយ​អត់​ប្រាប់​យើង​ថា​អ្នក​ណា​ហាត់​ជាមួយ​គ្រូ​តែ​មួយ​ខ្លះ​ទេ តែ​ដល់​វ៉ៃ​គ្នា​យើង​ឃើញ​សកម្មភាព​គាត់​អត់​កើត​គឺ​យើង​អត់​ទុក​ទេ​គឺ​ត្រូវ​តែ​ដូរ​ចោល​!»​។ លោក​ថា​ក្នុង​នាម​ជា​អ្នក​រៀបចំ​គឺ​ត្រូវ​ស្វែង​យល់​គ្រប់​ជ្រុង ហើយ​បើសិនជា​ខ្វះ​សមត្ថភាព និង​បទ​ពិសោធន៍ គឺ​ពិតជា​ត្រូវ​គេ​បោក​វិលក្បុង ។ លោក​ថា លោក​ចេះ​ភាសា​ថៃ​ស្ទាត់​ហើយ​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​កីឡាករ​ថៃ និង​សហព័ន្ធ​ប្រដាល់​ថៃ ទើប​ក្នុង​ពេល​ប្រកួត​ម្ដង​ៗ​លោក​រកបាន​កីឡាករ​ថៃ​ល្អ​ៗ ហើយ​ការ​ដាក់​កីឡាករ​កម្ពុជា​ឱ្យ​ត្រូវ​គ្នា​កុំឱ្យ​ខុស​គ្នា​ក៏​ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន ។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​គ្រប់​សង្វៀន​​ដែល​បាន​ធ្វើ​ឡើង​ទទួល​បាន​ជោគជ័យ​ចាប់តាំងពី​លោក​មក​កាន់​ការងារ​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អា​គ្នេ​យ៍ ។ សរុប​មក​ដល់​ពេល​នេះ លោក​មានបទពិសោធន៍​រៀបចំ​ការ​ប្រដាល់​ប្រមាណ​ជា​២០​ឆ្នាំ​ហើយ ដោយនៅ​ប៉ុស្ដិ៍​លេខ​៥​ដ្បិតថា​មិន​មាន​តំណែង​ជា​អ្នក​រៀបចំ តែ​លោក​ជា​អ្នក​ទទួលខុសត្រូវ​ម្នាក់​ជាមួយ​មេ​ចាស់​គឺ​លោក សេង ក​ដិ​កា ជា​យូរ​មក​ហើយ ទើបបាន​មក​កាន់​តំណែង​នេះ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ការ​ប្រទាញប្រទង់​យក​លោក​ឱ្យ​ដើរ​ចេញពី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ លោក​អះអាង​ថា គឺ​មាន​យូរហើយ ដោយ​គ្រាន់តែ​ស្ថានភាព​ទាក់ទាញ​មាន​ខ្លាំង​ជាង​មុន​នា​ពេល​ចុង​ក្រោយ ។ លោក​បាន​និយាយ​ដោយ​ត្រង់​ទៅ​កាន់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ថា​ហ៊ាន​ឱ្យ​ប្រាក់ខែ​លោក​ដល់​ទៅ​ជិត​២០០០​ដុល្លារ​ឯណោះ ដើម្បី​ឱ្យ​លោក​ចាក​ចេញពី​ទូរទស្សន៍​នេះ ហើយ​ទៅ​រៀបចំ​ការ​ប្រដាល់​នៅ​ប៉ុស្ដិ៍​លេខ​៥​វិញ ដោយសារ​តែ​ពេល​កន្លង​មក​លោក​ក៏​ជា​អ្នក​ជួយ​ចាត់ចែង​ដ៏​សំខាន់​ម្នាក់​នៅ​ប៉ុស្ដិ៍​លេខ​៥​មុន​ពេល​មក​ធ្វើការ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

លោក​ថា មេ​ជា​ជនជាតិ​ថៃ​បាន​ទាក់ទង​មក​លោក​ច្រើន​លើក​មក​ហើយ ដោយ​ប្រាក់ខែ​ដែល​ប៉ុស្ដិ៍​លេខ​៥​ប្រកាស​ផ្ដល់​ឱ្យ​ខ្ពស់​ជាង​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍​ដាច់​ឆ្ងាយ​ដូច​នោះ​ផង ។ អ្វី​ដែល​លោក​ប្រកាស​ថា ប៉ុស្ដិ៍​លេខ​៥​ហ៊ាន​ឱ្យ​លោក​ខ្ពស់​ដែល​ក្នុង​ពេល​ម្ដង​ៗ​គឺ​លោក​ចង់​ទទួលយក​នោះ គឺ​ឱ្យ​ប្រាក់ខែ​លោក​ដល់​ជិត​២០០០​ដុល្លារ​ហើយ ថែម​ទាំង​ឱ្យ​លោក​កាន់កាប់​ការងារ​ផលិត​កម្មវិធី​ប្រដាល់​តែ​មួ​យស​ប្ដា​ហ៍​មួយ​លើក ដែល​ធ្វើ​ឱ្យ​លោក​កាន់តែ​ស្រួល​នោះ​ទៅ​ទៀត ។ ទោះ​បី​យ៉ាងណា​លោក​ថា​មិន​ទាន់​ដាច់​ចិត្ត​ចាក​ចេញពី​អាស៊ី​អាគ្នេយ៍​ទេ បើ​ទោះជា​ស្ថាប័ន​នេះ​តម្រូវ​ឱ្យ​លោក​រៀប​ចំការ​ប្រដាល់​ដល់​ទៅ​៥​សង្វៀន​ក្នុង​មួ​យស​ប្ដា​ហ៍ ហើយ​ប្រាក់ខែ​ដែល​ទទួល​បាន​គឺ​តិច​ជាង​ប៉ុស្ដិ៍​លេខ​៥​ដែល​ហ៊ាន​ឱ្យ​ខ្ពស់​ជាង ហើយ​ឱ្យ​លោក​រៀបចំ​តែ​មួយ​សង្វៀន​ក្នុង​មួយ​ស​ប្ដា​ហ៍ ។

លោក​ថា មិន​ដាច់​ចិត្ត​ដើរ​ចេញពី​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍​ទេ ដោយសារ​តែ​ថ្នាក់ដឹកនាំ​របស់​ប៉ុស្ដិ៍​នេះ​គឺជា​មនុស្ស​ល្អ​ចំពោះ​លោក និង​ម្យ៉ាង​មិន​ចង់ឱ្យ​អ្នក​រៀបចំ​ការ​ប្រដាល់​ជាមួយ​លោក​ទាំង​៥​សង្វៀន​ក្លាយទៅជា​តែលតោល បើ​លោក​ចាកចេញ​ហើយ​បែរជា​ធ្វើ​ឱ្យ​ការ​ប្រដាល់​ដែល​លោក​ប្រឹងប្រែង​រៀបចំ​ទៅ​ជា​បាត់បង់​ការ​គាំទ្រ​ហើយ​ឈាន​ទៅ​បិទ​ចោល​ម្ដង​មួយ​ៗ​។ លោក​ថា ការ​ទទួល​ការងារ​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​ធ្វើ​ឱ្យ​លោក​ពិបាកធ្វើ​ចំពោះ​មេ​ចាស់ គឺ​លោក សេង ក​ដិ​កា ដែល​ជា​អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​នា​ពេល​នោះ​ផង​ដែរ ដោយសារ​តែ​លោក​បញ្ជាក់​ថា ប៉ុស្ដិ៍​លេខ​៥​នឹង​ដំឡើង​លោក​សេង ក​ដិ​កា​ ឱ្យ​​ផុត​តំណែង​នៅ​ក្នុង​វិស័យ​កីឡា​នោះ ហើយ​ឱ្យ​លោក​ទៅ​ជំនួស​ដែល​លោក​បញ្ជាក់​ថា គឺ​មិន​អាច​ធ្វើ​ដាក់​លោក សេង ក​ដិ​កា​ដែល​ជា​អតីត​មេ​ចាស់​របស់​ខ្លួន​បែប​ហ្នឹង​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ