ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សាកល​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ដំបូង

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ដំបូង រយៈពេល​៤​ថ្ងៃ​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល…

ខេត្តកណ្ដាល ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ដំបូង រយៈពេល​៤​ថ្ងៃ​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយ​មាន​អ្នក​ទស្សនា​យ៉ាងច្រើន​កុះករ ។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ​មាន​កីឡាករ​ចូលរួម​ចំនួន​៥៨​នាក់​មក​ពី​៩​រាជធានី​-​ខេត្ត និង​ក្រសួង​ចំនួន​២​គឺ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​។

សម្រាប់​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​មាន​៩​ប្រភេទ​ទម្ងន់​គឺ​ទម្ងន់​៤៩​គីឡូក្រាម ៥២​គីឡូក្រាម ៥៧​គីឡូក្រាម ៦០​គីឡូក្រាម ៦៤​គីឡូក្រាម ៦៩​គីឡូក្រាម ៧១​គីឡូក្រាម ៧៥​គីឡូក្រាម និង​៨១​គីឡូក្រាម ។ លោក​ថា នេះ​គឺជា​ការ​ប្រកួត​មួយ​ដែល​សហព័ន្ធ​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​ស្វែងរក​អត្ត​ព​លិ​ក​ឆ្នើម​ៗ​សម្រាប់​យក​ទៅ​បណ្ដុះបណ្ដាល​បន្ថែម ដើម្បី​ត្រៀម​ប្រកួត​អន្តរ​ជាតិ​នានា ជា​ពិសេស​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។ លោក​បញ្ជាក់​ថា សម្រាប់​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ប្រកួត​ដែល​កន្លង​មក​ធ្លាប់តែ​ធ្វើ​នៅ​ភ្នំពេញ​ហើយ​ពេល​នេះ​លើក​មក​ធ្វើ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ 7NG ស្ថិត​នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ក៏​ព្រោះតែ​សហព័ន្ធ​មាន​បំណង​ចង់​បំផុស​ដល់​យុវជន​ឱ្យ​ចូលរួម​លេង​កីឡា​ឱ្យ​បាន​ច្រើន និង​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ។

ជាង​នេះ​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រកបាន​ចំណូល​បន្ថែម​តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ​តាម​មូលដ្ឋាន​ផ្ទាល់​ទៀត​ផង ។

លោក​ឧកញ៉ា​ស្រី ចាន់​ថន ប្រធាន​ក្រុមហ៊ុន​7NG ដែល​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ប្រដាល់​​ជ្រើសរើស​ជើងឯក​ឆ្នាំ​នេះ​បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡាប្រដាល់ លោក​រីករាយ​ក្នុង​ការ​ចូលរួម​គាំទ្រ ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កីឡា​មួយ​នេះ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។

លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​កីឡាប្រដាល់​សាកល ក៏​ដូច​ជា​សហ​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ ។ លោក​សង្ឃឹមថា នៅ​ឆ្នាំ​បន្តបន្ទាប់ សហព័ន្ធ​កីឡាប្រដាល់​នឹង​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​តាម​បណ្ដា​ខេត្ត​នានា ព្រមទាំង​ធ្វើការ​បំផុស​ឱ្យ​មានការ​ចូលរួម​គាំទ្រ​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ