ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ឆ្ពោះទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ពង្រឹង​ធនធានមនុស្ស និង​ភាព​ម្ចាស់​ការ​ក្នុង​ការងារ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ខ្លួន គឺជា​ការ​ចូលរួម​ចំណែក​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ប្រែក្លាយ​ខ្លួន ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក…

រាជធានី​ភ្នំពេញ ៖ ការ​ពង្រឹង​ធនធានមនុស្ស និង​ភាព​ម្ចាស់​ការ​ក្នុង​ការងារ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ខ្លួន គឺជា​ការ​ចូលរួម​ចំណែក​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ប្រែក្លាយ​ខ្លួន ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ហ៊ាន សា​ហ៊ី​ប បាន​លើក​ឡើង​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា កម្ពុជា​បាន​ឆ្លង​ផុត​ពី​ប្រទេស​ក្រីក្រ មក​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​នោះ​កម្ពុជា​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​ខ្លួន ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ នេះ​ជា​របត់​ថ្មី​មួយទៀត ដែល​កម្ពុជា​ត្រូវ​ពង្រឹង​កិច្ច​ម្ចាស់​ការ​ក្នុង​ការងារ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ជា​ពិសេស ការ​ពង្រីក​ផ្នែក​ចំណេះដឹង​ឲ្យ​ច្រើន​សម្បូរ​បែប ។

លោក​បន្ត​ថា ៖« ក្នុង​ស្មារតី​នេះ កម្ពុជា​បាន​រៀបចំ​ឯកសារ​គោលនយោបាយ ស្តី​ពី​ការ​អភិវឌ្ឍ​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន សម្រាប់​គ្រប់គ្រង​គម្រោង​វិនិ​យោគសាធារណៈ ២០១៦-២០២០ ។ វា​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង និង​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា ទាំង​ក្នុង​តំបន់ និង​សកលលោក » ។

លោក ហ៊ាន សា​ហ៊ី​ប បន្ថែម​ថា ៖« ការ​ពង្រីក​ចំណេះដឹង​នេះ​ដែរ កម្ពុជា​កំពុង​មាន​សេចក្តី​ត្រូវការ​ឈ្វេងយល់​បន្ថែម​នូវ​ឧត្ត​មនុ​វត្ត​ន៍ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជា​អន្តរជាតិ ក្នុង​ការ​អនុវត្ត​លើ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន ជា​ពិសេស ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ស្ពាន និង​ថាមពល​ជាដើម សម្រាប់​ចូលរួម​ចំណែក​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា » ។

ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ សំដៅ​ដល់​ប្រទេស​ដែល​ប្រជាពលរដ្ឋ​ម្នាក់​ៗ​មាន​ប្រាក់​ចំណូល​ចាប់ពី​ជាង​៤.៨០០​ដុល្លារ ដល់​១​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ផ្អែក​តាម​សូចនាករ​សេដ្ឋកិច្ច​កម្ពុជា អាច​ឲ្យ​យើង​ព្យាករ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​សម្រេច​​បាន​ក្នុង​ការ​នាំ​កម្ពុជា ទៅ​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ លោក​បន្ត​ថា ការ​ព្យាករ​នេះ ផ្អែក​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់ មិនមែន​ចេះ​តែ​លើក​ឡើង​ទេ ហើយ​លោក​ជឿជាក់​លើ​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា ដែល​បាន​និង​កំពុងធ្វើការ​ងារ​នេះ ។

លោក​បន្ត​ថា ៖« ផ្អែក​លើ​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន កម្ពុជា​ពិត​ណាស់​នឹង​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​នៅ​ឆ្នាំ​២០៣០ ក្នុង​នាម​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ